ការអភិវឌ្ឍការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ឧត្តម​សិក្សា និង​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

១. វត្ថុបំណង

អនុកម្មវិធីនេះមានវត្ថុបំណង បន្តពង្រីកការចូលរៀននៅកម្រិតក្រោយមធ្យមសិក្សា និង​ធានា​ឱ្យ​បាន​នូវ​ការអភិវឌ្ឍ​ធនធាន​បញ្ញា និង​ការ​ផ្តល់​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ និង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​។ សមធម៌​នៃ​ការ​ចូល​រៀន​ត្រូវ​បាន​ពង្រីក​តាម​រយៈ​កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​អាទិភាព​(​សិស្ស​ពូកែ​ សិស្ស​ក្រី​ក្រ សិស្ស​មក​ពី​តំបន់​ដាច់​ស្រយាល និង​សិស្ស​នារី​)​។ អាទិភាព​មួយ​ចំនួន នឹង​ត្រូវ​បាន​ផ្តល់​ដល់​សិស្ស​ដែល​ចុះ​ឈ្មោះ​សម្រាប់​ជំនាញ​ដែល​ពាក់ព័ន្ធ​តិចតួច​ទៅ​នឹង​ទីផ្សារ​តែ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សង្គម​ជា​ពិសេស​ផ្នែក​អប់រំ​សុខាភិបាល កសិកម្ម បច្ចេកវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រ និង​គណិតសាស្ត្រ ។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

 • បង្កើនកាលានុវត្តភាពនៃការចូលរៀនប្រកបដោយសមធម៌នៅឧត្តមសិក្សា តាមរយៈការបង្កើនចំនួន អាហារូបករណ៍សម្រាប់សិស្សអាទិភាព (សិស្សពូកែ សិស្សក្រីក្រ​ សិស្សមកពីតំបន់ដាច់ស្រយាល និងសិស្សនារី) និងការជំរុញឲ្យមានភាពជាដៃគូរវាងសាធារណៈ​ ឯកជន និងដៃគូអភិវឌ្ឍ។

សកម្មភាពគោលនយោបាយ ៖

 • កសាងរបាយការណ៍ចំណាយប្រចាំឆ្នាំអំពីចំនួននិស្សិតអាហារូបករណ៍ ចុះឈ្មោះចូលរៀននៅ តាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចាប់ពីឆ្នាំ២០១០​ តទៅ ។
 • សាងផែនការសម្រាប់ពង្រីកគ្រឹះស្ថានឧត្តមសិក្សាជាជំហានៗ និង សម្រាប់កម្មវិធីជំនាញ អាទិភាព ដូចជាផ្នែកអប់រំ សិល្បៈ មនុស្សសាស្ត្រ សុខាភិបាល កសិកម្ម វិស្វកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង គណិតសាស្ត្រ នៅឆ្នាំ ២០១១ ។
 • រៀបចំគោលការណ៍រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រីកកម្មវិធីអាហារូបករណ៍នៅឧត្តមសិក្សាចាប់ពី ១៥% ឡើងទៅនៃចំនួនសិស្ស ប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១១។ គោលការណ៍នេះ នឹងបញ្ចូលនូវ ប្រាក់អាហារូបករណ៍ សម្រាប់គាំទ្រជីវភាពសិក្សារបស់និស្សិតអាហារូបករណ៍ ។
 • កសាងគោលនយោបាយអភិវឌ្ឍមូលដ្ឋានសម្ភាររូបវ័ន្ត​នៅឧត្តមសិក្សា រួមបញ្ចូលទាំង ហេដ្ឋា រចនាសម្ព័ន្ធ និងអន្តេវាសិកដ្ឋាន ចាប់ពីឆ្នាំ ២០១២។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

 • កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅឧត្តមសិក្សា តាមរយៈការអនុវត្ត វិធីសាស្ត្របង្រៀនបច្ចុប្បន្នភាព ការអភិវឌ្ឍកម្មវិធីសិក្សា ​និងការបំពាក់មូលដ្ឋានសម្ភាររូបវ័ន្ត ។

សកម្មភាពគោលនយោបាយ ៖

 • កសាងក្របខណ្ឌអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ឧត្តមសិក្សា ដោយពិចារណាលើសមត្ថភាពនៃ គ្រូបង្រៀននៅឧត្តមសិក្សា ទីផ្សារការងារ និង តម្រូវការរបស់ជាតិ នៅឆ្នាំ២០១២។
 • អភិវឌ្ឍក្របខណ្ឌគុណវុឌ្ឍិសម្រាប់ឧត្តមសិក្សា នៅឆ្នាំ ២០១២។

គោលនយោបាយទី៣៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ

 • អភិវឌ្ឍសមត្ថភាពមន្ត្រី និង កែលម្អការគ្រប់គ្រងស្ថាប័នឧត្តមសិក្សា តាមរយៈការបណ្តុះបណ្តាល ការលើកទឹកចិត្ត ការកែទម្រង់ស្ថាប័ន​ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលផ្តល់ស្វ័យភាពប្រតិបត្តិ កាន់ តែច្រើនដល់គ្រឹះស្ថានឧត្តមសិក្សា។

សកម្មភាពគោលនយោបាយ ៖

 • កសាងគោលនយោបាយនិងចក្ខុវិស័យអភិវឌ្ឍឧត្តមសិក្សាក្នុងឆ្នាំ២០២០ បញ្ចប់នៅឆ្នាំ ២០១០។
 • កសាងគោលការណ៍ ឧបករណ៍ និងយន្តការពិនិត្យតាមដាននិងវាយតម្លៃសមិទ្ធកម្មនៃការ បំពេញការងាររបស់គ្រឹះស្ថានឧត្តមសិក្សា នៅឆ្នាំ២០១០។
 • កសាងបទដ្ឋានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីពិនិត្យឡើងវិញលើរចនាសម្ព័ន្ធការ គ្រប់គ្រងបច្ចុប្បន្ននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឲ្យស្របតាមច្បាប់ស្តីពីការអប់រំ នៅឆ្នាំ ២០១១។
 • កសាងផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិករដ្ឋបាល និងគ្រូបង្រៀននៅឧត្តមសិក្សា ឆ្នាំ ២០១១។
 • កសាងគោលការណ៍ណែនាំ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍគ្រឹះស្ថានឧត្តម សិក្សា​ដោយ​ផ្សារ​ភ្ជាប់​នឹង​ប្រព័ន្ធ HEMIS នៅឆ្នាំ២០១១។
 • កសាងគោលការណ៍សម្រាប់អភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុនៃគ្រឹះស្ថានឧត្តមសិក្សា​នៅ​ឆ្នាំ​២០១២​។
 • រៀបចំឲ្យមានសាកលវិទ្យាល័យពេញលេញចំនួន ២ នៅឆ្នាំ២០១៣ ។

៣. សូចនាករ និងចំណុចដៅ

 • ចំនួននិស្សិតចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាកើនពី ១៣៧០០០ នាក់ នៅឆ្នាំសិក្សា ២០០៨​-​២០០៩ ទៅ​ដល់ ១៩៥៦១៧ នាក់ ក្នុងនោះ ៤០% ជានិស្សិតស្រី នៅឆ្នាំ ២០១៣-២០១៤ ។
 • ចំនួននិស្សិតចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ កើនពី ៤៦៣៩៥ នាក់ នៅឆ្នាំ សិក្សា​ ២០០៨-២០០៩ ទៅដល់ ៨៤០៣៥ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • ចំនួននិស្សិតចូលរៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យានៅគ្រឹះស្ថានឧត្តមសិក្សា​មាន​ចំនួន​​ ២៥%​ ចាប់ពីឆ្នាំសិក្សា ២០០៨-២០០៩ ដល់ឆ្នំាសិក្សា ២០១៣-២០១៤។ ។
 • ស្ថានភាព​នៃ​បុគ្គលិក​គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវ​បាន​កែ​លម្អ​រៀងរាល់​ឆ្នាំ ដោយ​ការ​បន្ថែម​បុគ្គលិក​ដែល​​ត្រឡប់​​មក​​ពី​ការ​សិក្សា​នៅ​បរទេស​ ។​ ធ្វើរបាយការណ៍ពីចំនួនអ្នកមានសញ្ញាបត្រ​ បរិញ្ញា​ជាន់​ខ្ពស់​ និង​បណ្ឌិត​ដែលមានគុណភាពពិតប្រាកដ ។
 • ប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សានឹងចាប់ដំណើរការពីឆ្នាំសិក្សា ២០១១-២០១២ ។
 • សាកលវិទ្យាល័យពេញលេញចំនួន​ ០២​ ចាប់ដំណើរការនៅឆ្នាំសិក្សា ២០១៣-២០១៤។

៤. កម្មវិធី និងសកម្មភាពចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
 • ផ្តល់ថវិកាសម្រាប់ដំណើរការ និងសកម្មភាពស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សា​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​ យុវជន និងកីឡា។ ថវិកាទាំងនេះត្រូវផ្អែកលើចំនួន​និស្សិត​អាហា​រូបករណ៍ និង​តម្លៃសិក្សានៃនិស្សិតម្នាក់តាមកម្ម​វិធីនីមួយៗ។
 • ពិនិត្យតាមដាននិងវាយតម្លៃលើការគ្រប់គ្រងការងារបណ្តុះបណ្តាល និង​ពង្រឹង​គុណភាព​នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា​។
 • ផ្តល់ថវិកាពង្រឹងប្រព័ន្ធចុះឈ្មោះចូលរៀន ប្រព័ន្ធព័ត៌មានគ្រប់គ្រង និងការស្រាវជ្រាវ។
 • បន្តប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា​ដែល​កំពុង​ដំណើរ​ការ​ឲ្យ​ទៅ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល។
៤.២. កម្មវិធីមូលធន

ការវិនិយោគ ៖

 • ផ្តល់​មូល​ដ្ឋាន​សម្ភារៈសម្រាប់ការបង្រៀននិង​ការរៀន​សំដៅ​ពង្រីក​កម្មវិធី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​គណិតវិទ្យា​​នៅ​​គ្រឹះស្ថាន​ឧត្តមសិក្សា ។
 • អភិវឌ្ឍ​ប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សា ដោយរួមបញ្ចូលទាំងកម្មវិធីកុំព្យូទ័រហិរញ្ញវត្ថុ។
 • កសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតមកពីខេត្ត ពិសេសសម្រាប់និស្សិតនារី ។

កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

 • សិក្សាស្រាវជ្រាវអំពីការងារ នៃនិស្សិតបញ្ចប់ការសិក្សា។
 • សិក្សានិងវាយតម្លៃអំពីលទ្ធភាពបង្កើតសាកលវិទ្យាល័យពេញលេញកម្រិតខ្ពស់​​ឲ្យ​ស្រប​តាម​បរិបទ​ឧត្តម​​សិក្សា​​កម្ពុជា​​ តាមរយៈ​ការ​រៀបចំឯកសារទស្សនទាន និងការសិក្សា​អំពី​សាកល​វិទ្យាល័យ​ក្នុង​តំបន់​ និង​អន្តរជាតិ ។
 • អភិវឌ្ឍសមត្ថភាពបុគ្គលិក និងពង្រីកកម្មវិធីនានា ដើម្បីឈានទៅសាកល្បងអនុវត្តសាកល វិទ្យាល័យចំនួន ០២។
 • សិក្សាលទ្ធភាពក្នុងការអនុវត្តប្រព័ន្ធឥណទានកម្ចី (credit loan scheme)  ក្នុង​សហ​ប្រតិបត្តិការ​ជា​មួយ​ភ្នាក់ងារ​ឥណទាន​ក្នុង​ស្រុក ។
 • ផ្តល់កញ្ចប់ថវិកា (block grant) ទៅតាមចំនួននិស្សិតអាហារូបករណ៍រដ្ឋ ជា​ពិសេស​និសិ្សត​អាទិភាព​ (និស្សិតស្រី និស្សិតក្រីក្រ និងនិស្សិតមកពីតំបន់ជួបការលំបាក) ដល់ គ្រឹះស្ថានឧត្តមសិក្សា ដោយ​ផ្តោត​លើ​កម្មវិធី​សិក្សា​មាន​ប្រយោជន៍​ ចំពោះ​សង្គមជា​ពិសេស ផ្នែក​អប់រំសុខាភិបាល កសិកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​គណិតសាស្ត្រ ដែល​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ២០១១។
 • អភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្រៀន​នៅ​ឧត្តមសិក្សា ដោយការផ្តល់​អាហារូបករណ៍​ទៅ​សិក្សា នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​និង​សកម្មភាពស្រាវជ្រាវ ។
 • ផ្តល់ជំនួយការបច្ចេកទេសសម្រាប់ការដំណើរការអភិវឌ្ឍវិស័យឧត្តមសិក្សា។
 • បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​ស្ថិត​ក្រោម​កម្មវិធី​សហ​ប្រតិបត្តិការ​ពហុភាគី​ និង​​ទ្វេភាគី ។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

ថវិកាសម្រាប់ការគាំទ្រ និងដំណើរការគ្រឹះស្ថានសិក្សាត្រូវគ្រប់គ្រងផ្ទាល់ដោយ​គ្រឹះស្ថាន​ឧត្តមសិក្សា ។ នាយក​ដ្ឋាន​ឧត្តមសិក្សា​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ពង្រឹង​គុណ​ភាព​អប់រំ និង​ការ​ពិនិត្យ​តាមដាន ។ នាយកដ្ឋាន​ឧត្តម​សិក្សា​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ផ្នែកឧត្តមសិក្សា ក្របខណ្ឌនៃការធ្វើផែនការ​ប្រចាំ​ឆ្នាំ​ដោយ​រាប់​បញ្ចូល​អាទិភាព​ចំណាយ​សម្រាប់​អាហារូបករណ៍ និង​ការបែងចែក​ថវិកា​ទៅ​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយ​ៗ ។ គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​ត្រូវ​រៀបចំ​ផែន​ការ​ការងារ​ប្រចាំ​ឆ្នាំ​ដោយ​រាប់​បញ្ចូល​ការ​កែលម្អ​ចំណុច​ដៅ​ផែនការ​សកម្មភាព និង​គម្រោង​ថវិកា ។
នាយក​ដ្ឋាន​ឧត្តមសិក្សា​នឹង​ធ្វើ​ការ​ពិនិត្យ​តាម​ដាន​ផល​ប៉ះពាល់​វឌ្ឍនភាព​ការងារ​លទ្ធផល សិក្សា​របស់​និស្សិត ប្រសិទ្ធ​ភាព​នៃ​ការ​បំពេញ​ការងារ​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា និង​បញ្ហា​ផ្សេង​ទៀត ។ របាយ​ការណ៍​ពិនិត្យ​តាមដាន​ត្រូវ​ដាក់​ជូន​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ទទួល​បន្ទុក​ឧត្តម​សិក្សា ។ របាយការណ៍​ប្រចាំ​ឆ្នាំ​ត្រូវ​រួម​បញ្ចូល​វិធានការ​សម្រាប់​ការ​បំពេញ​ការងារ ដែល​ត្រូវ​បាន​ស្នើ​ដោយ​គ្រឹះស្ថានឧត្តមសិក្សា​សម្រាប់​ការ​កែ​លម្អ​នៅ​ក្នុង​ផែនការ​ការងារ​របស់​ខ្លួន ។
ក្រសួងអប់រំ យុវជន និងកីឡា​នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ឧត្តមសិក្សា​តាម​រយៈ​ការ​ជំរុញ​គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​ ឱ្យ​បង្កើត​ប្រព័ន្ធ​អភិបាល​កិច្ច​ និង​ការ​គ្រប់គ្រង​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព​និង​គណនេយ្យភាព​។ លក្ខណៈ​ពិសេស​ដែល​រំពឹង​ទុក ​គឺ​ការបង្កើត​ក្រុម​ប្រឹក្សាភិបាល​ដែល​មាន​សមត្ថភាព​ការ​បោះផ្សាយ​ឯកសារ​ហិរញ្ញវត្ថុ លទ្ធផល​សិក្សា និង​ការ​ពណ៌នា​ភារ​កិច្ច​សម្រាប់​បុគ្គលិក​ម្នាក់ៗ​​ក្នុង​ការ​គ្រប់គ្រង ។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព ២០០៩ ២០១០ ២០១១ ២០១២ ២០១៣
១. កម្មវិធីថវិកាចរន្ត 3249.0 3493.0 15121.9 27310.0 40568.0
កម្មវិធីអាហារូបករណ៍សម្រាប់គ្រឹះស្ថានឧត្តមសិក្សា 2895.0 3163.0 13610.0 24579.0 36544.0
កម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់ការចុះឈ្មោះចូលរៀន 88.5 75.9 347.7 628.1 933.8
ការបោះពុម្ពសៀវភៅ 9.2 20.5 105.8 191.2 248.2
ការពិនិត្យតាមដាននិងវាយតម្លៃនិងពង្រឹងគុណភាព 256.3 233.6 1058.4 1911.7 2842
២. កម្មវិធីមូលធន 0 1207.8 6630.0 6332.5 6332.5
ការវិនិយោគ 0 0 297.5 0 0
កិច្ចសហប្រតិបត្តិការបច្ចេកទេស 0 1207.8 6332.5 6332.5 6332.5
ធនធានសរុប 3249.0 4700.8 21751.9 33642.5 4690
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s