ម៉ារី គុយរី

ម៉ារី ស្កូដូស្កា​ គុយរី
Marie Skłodowska Curie
Marie Curie c1920.png
ម៉ារី ស្កូដូស្កា គុយរី ១៩២០
កើតនៅ ថ្ងៃ​ទី ៧ វិច្ឆិកា ១៨៦៧
វ៉ារស្សាវ៉ា, ផ្នែករបស់ប៉ូឡូញកាន់កាប់ដោយ រុស្ស៊ី
មរណភាព ថ្ងៃ​ទី ៤ កក្កដា ១៩៣៤
ប៉ាស់ស៊ី, អូតសាវ័រ, បារាំង
សញ្ជាតិ រុស្ស៊ី, បារាំង
ជនជាតិ ប៉ូឡូញ
ស្នាដៃសំខាន់ៗ​ វិទ្យុសកម្ម, ប៉ូឡូញ៉ូម, រ៉ាដ្យូម
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
មេដាយដាវី (១៩០៣)
មេដាយម៉ាតេអ៊ុជី (១៩០៤)
រង្វាន់ណូបែលផ្នែកគីមីវិទ្យា (១៩១១)
ស្វាមី ព្យែរ គុយរី (១៨៩៥-១៩០៦)
ហត្ថលេខា Marie Curie signature.svg

ម៉ារី ស្កូដូស្កា គុយរី (Marie Skłodowska Curie) (៧ វិច្ឆិកា ១៨៦៧ – ៤ កក្កដា ១៩៣៤) គឺ​ជា​​​រូប​វិទូ និង​គីមី​វិទូ​ជន​ជាតិ​ប៉ូឡូញ​-បារាំង​ដ៏​​ល្បី​ល្បាញ​​ដែល​​បាន​​ត្រួសត្រាយ​​ការស្រាវជ្រាវ​​អំពី​វិទ្យុសកម្មដំបូងគេ​។ គាត់​​គឺ​ជា​​មនុស្ស​​ដំបូង​គេ​​ដែល​​ទទួល​​បាន​រង្វាន់ណូបែល​​ពីរ​គឺ ផ្នែក​រូបវិទ្យា និង​ផ្នែកគីមីវិទ្យា[១] ។ គាត់​​គឺ​ជា​​ស្ត្រី​ទីមួយ​​ដែល​​បាន​​ក្លាយ​ជា​​សាស្ដ្រាចារ្យ​​នៅ​ឯ​​សាកលវិទ្យាល័យប៉ារីស ។ គាត់​​គឺ​ជា​​ស្ត្រី​​ដំបូង​​ដែល​​ត្រូវ​​បាន​​គេ​​បញ្ចុះ​​សព​នៅ​ក្នុង​វិមានប៉ារីសប៉ង់តេអុង (១៩៩៥) ដោយ​សារ​​​គុណ​សម្បត្តិ​​របស់​​គាត់​។

គាត់​​ត្រូវ​បាន​​គេ​​ដាក់​ឈ្មោះ​ថា ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា ​នៅ​ពេល​​កើត​​ក្នុង​​ទី​ក្រុង​វ៉ារស្សាវ៉ា (ពេលនោះ​ជា​ដែនដី​ប៉ូឡូញ​កាន់កាប់​ដោយ​រុស្ស៊ី) ហើយ​​គាត់​​បាន​​រស់​នៅ​​ទី​នោះ​​រហូត​ដល់​​អាយុ ២៤​ឆ្នាំ ។ ក្នុង​ឆ្នាំ ១៨៩១ គាត់​​បាន​​តាម​​បង​ស្រី​​ខ្លួន​​ឈ្មោះ ប្រូនីស្វាវ៉ា ទៅ​​សិក្សា​​នៅ​​ទី​ក្រុង​​ប៉ារីស ដែល​​ជា​​កន្លែង​​គាត់​បាន​​បញ្ចប់​​ការសិក្សា​ថ្នាក់​ឧត្ដមសិក្សា និង​​សម្រេច​​កិច្ច​ការ​វិទ្យាសាស្ត្រ​​ជា​​បន្ត​បន្ទាប់​។ គាត់​​បាន​​ទទួល​​រង្វាន់ណូបែល​​ផ្នែក​រូប​វិទ្យា​​រួម​គ្នា​​ជា​មួយ​​ប្ដី​ឈ្មោះ ព្យែរ គុយរី និង​​លោក អង់រី បិកកឺរ៉ែល​។ គាត់​​បាន​​ឈ្នះ​រង្វាន់ណូបែល​​មួយ​ទៀត​​ក្នុង​ផ្នែក​គីមីវិទ្យា​​តែ​ម្នាក់​ឯង ។ គាត់​​គឺ​ជា​​ស្ត្រី​​ដំបូង​គេ​​ដែល​​បាន​​ទទួល​​រង្វាន់ណូបែល និង​​បាន​​ដល់​ទៅ​​ពីរ​​ក្នុង​​ផ្នែក​ផ្សេង​គ្នា​។

ស្នាដៃ​របស់​​គាត់រួមមាន​ទ្រឹស្ដី​ស្ដីអំពី​វិទ្យុសកម្ម (ពាក្យដែលអ្នកស្រីបង្កើត[២]) បច្ចេកទេស​​ក្នុងការ​ញែក​ធាតុអ៊ីសូតូប​វិទ្យុសកម្ម និង​បាន​រកឃើញ​ធាតុវិទ្យុសកម្ម​ពីរ​គឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម​។ គាត់​បាន​ដឹកនាំ​ការស្រាវជ្រាវ​ដំបូងគេ​លើ​លោក​​ក្នុង​ការព្យាបា​ល​ណេអូប្លាស់ (សាច់ដុះ)ដោយ​ប្រើ​អ៊ីសូតូប​​វិទ្យុសកម្ម​។ អ្នកស្រី​ជា​ស្ថាបនិក​វិទ្យាស្ថានគុយរី​ទាំង២​កន្លែងគឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)​។

ស្កូដូស្កា ម៉ារី (ជាឈ្មោះ​ដែល​គាត់​តែង​ហៅ​ខ្លួនឯង) មិនដែល​បាត់បង់​​មនោសញ្ចេតនា​​​ពី​អត្តសញ្ញាណ​​ដើម​ជា​​ជនជាតិប៉ូឡូញ​ទេ ខណៈពេល​ដែល​គាត់​ក៏​ជា​ពលរដ្ឋបារាំង​ដ៏​ស្មោះត្រង់​ដែរនោះ​។ គាត់​បង្រៀន​​ភាសាប៉ូឡូញ​​ដល់​កូនស្រីទាំងអស់​របស់​គាត់ និង​បាន​នាំ​ពួកគេ​ទៅ​លេង​ប្រទេស​ប៉ូឡូញ​ផងដែរ។ គាត់​បាន​ដាក់​ឈ្មោះ​អោយ​ធាតុគីមី​​ដំបូង​គេ​ដែល​គាត់​រកឃើញ​ថា ប៉ូឡូញ៉ូម (១៨៩៨) ដើម្បី​ជា​កិត្តិយស​​ដល់​មាតុប្រទេស​​របស់គាត់។ [៣] ក្នុង​កំឡូង​សង្គ្រាមលោកលើកទី១គាត់​បាន​ក្លាយ​ជា​សមាជិការ​របស់​គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។[៤] នៅឆ្នាំ១៩៣២ គាត់​បាន​​ស្ថាបនា​វិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅ​ទីក្រុង​កំណើត​​របស់​គាត់​គឺនៅ វ៉ារស្សាវ៉ា។

កុមារភាព

កន្លែងកំណើតនៅវ៉ារស្សាវ៉ា–សព្វថ្ងៃជា​សារមន្ទីរម៉ារីយ៉ា ស្កូដូស្កា គុយរី

វ៉ាឌីស្វាវ ស្កូដូស្គី ជាមួយកូនស្រីទាំង៣ (រាប់ពីឆ្វេង)ម៉ារីយ៉ា, ប្រូនីស្វាវ៉ា, ហេឡេណា

ម៉ារីយ៉ា ស្កូដូស្កា ចាប់​កំណើត​នៅ​ទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នៅ​ថ្ងៃទី​៧ វិច្ឆិកា ១៨៦៧។ គាត់​ជា​កូនស្រីពៅ​​ក្នុងចំណោម​កូន​ទាំង​៥​របស់​​គ្រួសារ​គ្រូបង្រៀន​ដ៏ល្បី​ឈ្មោះ​មួយ។ ឪពុកនាងឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី​ និងម្ដាយឈ្មោះ ប្រូនីស្វាវ៉ា។ បងៗ​​របស់​ម៉ារីយ៉ា​មានហ្សូហ្វីយ៉ា(កើតឆ្នាំ១៨៦២) យ៉ូហ្សេហ្វ(កើតឆ្នាំ១៨៦៣, ឈ្មោះដូចជីតា) ប្រូនីស្វាវ៉ា(កើតឆ្នាំ១៨៦៥,ឈ្មោះដូចម្ដាយ) និងហេឡេណា(កើតឆ្នាំ១៩៨៨)។ ក្នុងចំណោម​បងប្អូន​ទាំងអស់ ម៉ារីយ៉ា​ជា​កូន​ដែល​មានប្រាជ្ញា​និង​ខួរក្បាល​ចងចាំ​បានល្អ​ជាងគេ​តាំងពី​ក្មេង។ នៅ​អាយុ​៤ឆ្នាំ ម៉ារីយ៉ា​អាច​​អាន​សៀវភៅ​របស់​បងស្រី​របស់​នាង​បាន​ទៅហើយ។

គ្រួសារ​របស់​ម៉ារីយ៉ា​​ជា​ពូជពង្ស​គ្រូបង្រៀន។ ជីតា​ខាង​ឪពុក​ឈ្មោះ យ៉ូហ្សេហ្វ ស្កូដូស្គី ធ្លាប់ជា​គ្រូ​ដែល​គេ​គោរព​​នៅលូប៊្លីន, ដែល​នៅទីនោះ​គាត់​ធ្លាប់​បង្រៀន​កុមារ ប៊ុលឡឺស្វាវ ព្រុស (អ្នកអក្សរសាស្ត្រដ៏ល្បី​របស់ប៉ូឡូញ)។[៥] ឪពុក​របស់ម៉ារីយ៉ា ជា​គ្រូបង្រៀន​គណិតវិទ្យានិង​​រូបវិទ្យា (មុខវិទ្យា​ដែល​ម៉ារីយ៉ា​​ត្រូវ​រៀន) និង​ជា​នាយក​សាលា​ហ្គីមណាសៀម (សាលាមធ្យមសិក្សា​មួយប្រភេទ​នៅអឺរ៉ុប)​សំរាប់​សិស្សប្រុស ២កន្លែង។ លោក​ក៏បាន​ទទួល​សិស្សប្រុស​​អោយ​ស្នាក់នៅ​និង​​សិក្សា​នៅផ្ទះ​របស់​លោក​ផងដែរ។ ម្ដាយ​របស់​ម៉ារីយ៉ា​​បើក​សាលា​មាន​អន្តេរវិសិកដ្ឋាន​សំរាប់​សិស្សនារី​ដ៏​ប្រណិត​​មួយ​នៅ​វ៉ារស្សាវ៉ា។

ពេលដែល​ម៉ារីយ៉ា​មានអាយុ​ទើប​៦ឆ្នាំ គ្រួសារ​ទាំងខាង​ឪពុក​​និង​ខាងម្ដាយ​បាន​បាត់បង់​ផ្ទះសម្បែង​​និង​ទ្រព្យសម្បត្តិ​ទាំងអស់ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​បះបោរ​របស់​ជាតិ​ប៉ូឡូញ។ កាលណោះ​ប្រទេស​ប៉ូឡូញ​​ត្រូវបាន​ចែកជា​ចំនែកៗ​ដោយសភា​នៅ​ទីក្រុងវីន។ អនុប្រទេសវ៉ារស្សាវ៉ា​ជា​រាជាណាចក្រ​ប្រកាន់​ធម្មនុញ្ញ​មួយ ប៉ុន្តែ​ភាពជាក់ស្ថែង​​ត្រូវគ្រប់គ្រង​ដោយ​ចក្រភពរុស្ស៊ី និង​មិនមាន​ឯករាជ្យ​ទេ។ ចក្រភពរុស្ស៊ី​បានធ្វើ​ការ​ឃ្លាំមើល​និង​ដាក់កំហិត​​សកម្មភាព​​របស់​បញ្ញវ័ន​ប៉ូឡូញ។ ឪពុក​របស់​ម៉ារីយ៉ា​ត្រូវគេ​រកឃើញ​ថា​​លួច​បង្រៀន​​ដោយសំងាត់ ក៏ត្រូវ​គេ​ដកហូត​តួនាទី​​និង​ផ្ទះសម្បែង​ទាំងអស់។ គ្រួសារ​មួយនេះ​ក៏ធ្លាក់​ខ្លួនក្រ ហើយ​បានរើ​ទៅនៅ​ផ្ទះតូច​មួយរួចបើក​សាលា​នៅ​ទីនោះ។ នៅ​ឆ្នាំ១៨៧៤ គ្រួសារ​នេះ​បាន​ឆ្លងជំងឺ​​គ្រុនសន្ធំរោល (typhus) ពី​សិស្ស​ដែល​មករៀន ហើយ​បងស្រីធំ​ហ្សូហ្វីយ៉ា​ក៏បាន​បាត់បង់ជីវិត​ទៅ។ នៅឆ្នាំ១៨៧៨ គឺពេល​ដែល​ម៉ារីយ៉ា​ទើបមាន​អាយុ​១២ឆ្នាំ ម្ដាយ​ម៉ារីយ៉ា​ក៏បាន​ទទួល​មរណភាព​ដោយ​ជំងឺរបេង​។

ឪពុក​របស់​ម៉ារីយ៉ា​​ជាអ្នក​មិនជឿ​សាសនា ចំណែកឯ​ម្ដាយ​ម៉ារីយ៉ា​វិញ​​ជា​អ្នកកាន់សាសនា​កាតូលិក​​យ៉ាងខ្ជាប់ខ្ជួន។[៦] មរណភាព​បន្តបន្ទាប់​គ្នា​​របស់​ម្ដាយ​​និង​បងស្រី​​បានធ្វើអោយ​ម៉ារីយ៉ា​​ងាកពី​អ្នកកាន់សាសនាកាតូលិក​​មកជា Agnostic (នៅក្នុងសាសនាគ្រឹស្ត អ្នក​​ដែល​អះអាង​ថា​ខ្លួនឯង​គ្មាន​ចំណោះដឹង​គ្រប់គ្រាន់​អំពី​អត្ថិភាព​របស់ព្រះ ក៏ប៉ុន្តែ​ក៏មិន​បដិសេដថាលើលោកនេះ​គ្មានព្រះដែរ) វិញ។[៧]

ជីវិតជាគ្រូបង្រៀនតាមផ្ទះនិងការបែកបាក់ស្នេហា

ម៉ារី​យ៉ា​បាន​ចូលរៀន​និង​ស្នាក់នៅ​សាលា​ដែលមាន​អន្តេរវិសិកដ្ឋាន​​ ដែល​ម្ដាយខ្លួន​ជា​អ្នកបើក តាំងពី​អាយុ​១០​ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពី​ម្ដាយ​ស្លាប់ទៅ ម៉ារីយ៉ា​បាន​ចូល​សាលា​ហ្គីមណាសៀម​សំរាប់​​សិស្ស​នារី ដែល​នៅទីនោះ​គាត់​បាន​បញ្ចប់​ការសិក្សា​ដោយ​និទ្ទេស​ខ្ពស់​នៅថ្ងៃទី១២ មិថុនា ១៨៨៣។ គាត់​បាន​ចំណាយ​ពេល​មួយឆ្នាំ​បន្ទាប់​រស់នៅ​ឯ​ជនបទ​ជាមួយ​ញាតិសណ្ដាន​ខាងឪពុក និង​បន្ទាប់មក​ជាមួយ​ឪពុក​នៅ​វ៉ារស្សាវ៉ា។ នៅទីនោះ​គាត់​បាន​​ធ្វើជា​អ្នកគ្រូបង្រៀន​តាមផ្ទះ។

ម៉ារីយ៉ា​ ស្កូដូស្កា ពេលអាយុ១៦ឆ្នាំ

ម៉ារីយ៉ា​​បាន​ធ្វើ​ការសន្សា​​ជាមួយ​បងស្រី​ប្រូនីស្វាវ៉ា​​ថា គាត់​នឹង​រកប្រាក់​ដើម្បី​ផ្គត់ផ្គង់​​ប្រូនីស្វាវ៉ា​​អោយបាន​សិក្សា​ឱសថសាស្ត្រ​នៅ​ប៉ារីស ក្នុង​លក្ខខណ្ឌ​ថា ប្រូនីស្វាវ៉ា​ក៏ត្រូវ​ធ្វើ​បែបនេះ​សង​មកវិញ​ដែរ​​នៅ២ឆ្នាំ​ក្រោយ។ គាត់​បាន​ចាប់ផ្ដើម​ធ្វើជា​​ «ហ្គាវើណេស» (ស្ត្រី​ស្នាក់នៅ​ជួយបង្រៀន​​កូនចៅ​ផ្ទះ​អ្នកមាន) ដំបូង​នៅក្នុង​គ្រួសារ​មេធាវី​ម្នាក់​នៅ​ក្រាកូវ(Kraków) បន្ទាប់មក​រយៈពេល​២ឆ្នាំ​​នៅក្នុង​គ្រួសារ​អភិជន​ដី​ធ្លី​មួយ​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​​ឪពុក នៅឯ​ឆេហានូវ(Ciechanów)។ ពេលនៅ​ធ្វើការ​នៅទីនោះ គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​កូនប្រុសច្បង​របស់​ម្ចាស់ផ្ទះឈ្មោះ ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី(Kazimierz Żorawski)(ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី ក្រោយមក​ក្លាយជា​គណិតវិទូ​ប៉ូឡូញ​ម្នាក់​ដ៏ល្បី)។ កាហ្ស៊ីមៀស​​បានប្រាប់​ពី​បំណង​រៀបការ តែត្រូវ​ឪពុកម្ដាយ​បដិសេដ​​ដោយសារ​តែ​វណ្ណៈ​និង​ទ្រព្យធន​ខុសគ្នា​​ខ្លាំងពេក។ ម៉ារីយ៉ា​ក្រោយ​ចប់​កិច្ចសន្យា​រយៈពេល​២ឆ្នាំ​មក ក៏ទៅ​ធ្វើជា​​គ្រូបង្រៀន​​នៅក្នុង​គ្រួសារ​មួយទៀត​នៅខាង​ឆ្នេរសមុទ្រ​បាល់ទិច។

នៅដើម​ឆ្នាំ១៨៩០ ប្រូនីស្វាវ៉ា​ដែល​ទើបនឹង​រៀបការ​ហើយ បាន​សរសេរ​សំបុត្រ​បបួល​​ម៉ារីយ៉ា​​អោយមក​រស់នៅ​ប៉ារីស​​ជាមួយគ្នា។ ប៉ុន្តែ​ម៉ារីយ៉ា​​បាន​បដិសេដ​ដោយសារ​នាង​គ្មាន​ប្រាក់​គ្រប់គ្រាន់​​សំរាប់​បង់ថ្លៃ​សាលា និងនៅ​មិនទាន់​ដាច់ចិត្ត​ពី​ខាហ្ស៊ីមៀស។

គាត់​បាន​ត្រលប់​ទៅនៅ​ជាមួយ​ឪពុក​នៅ​វ៉ារស្សាវ៉ា​វិញ និង​ស្នាក់នៅ​ទីនោះ​ដល់​រដូវស្លឹកឈើជ្រុះ​ឆ្នាំ១៨៩១។ គាត់​នៅទីនោះ​ធ្វើជា​​គ្រូបង្រៀន​តាមផ្ទះ​​ផង និង​រៀននៅ​«សាកលវិទ្យាល័យហោះ» (គ្មាន​ច្បាប់​អនុញ្ញាត)​មួយ និង​បាន​ចាប់ផ្ដើម​ធ្វើការ​ហ្វឹកហាត់​ផ្នែកវិទ្យាសាស្ត្រ​អនុវត្ត​​នៅក្នុង​មន្ទីរពិសោធន៍​មួយ​នៅក្នុង​សារមន្ទីរឧស្សាហកម្មនិងកសិកម្ម​​ក្បែរទីក្រុងចាស់​នៅវ៉ារស្សាវ៉ា។ មន្ទីរពិសោធន៍​នេះ​គ្រប់គ្រង​​ដោយ​បងជីដូនមួយ​ឈ្មោះយ៉ូសេហ្វ បូហ្គុស្គី ដែល​ធ្លាប់ជា​ជំនួយការ​របស់​មហាគីមីវិទូ ដ្មីទ្រី មិនដេឡេអេវ (Dmitri Mendeleev)។[៨]

នៅខែ​តុលា ១៨៩១ ដោយ​ការទទូច​របស់​បងស្រី​​និង​ដោយសារ​សំបុត្រ​ផ្ដាច់ស្នេហ៍​របស់​ខាហ្ស៊ីមៀស ម៉ារីយ៉ា​ក៏បាន​​សម្រេច​ចិត្ត​​ទៅ​ប្រទេសបារាំង។[៦]ការផ្ដាច់​ទំនាក់ទំនង​នេះ​ជា​សោកនាដកម្ម​សំរាប់​អ្នកទាំងពីរ។ ខាហ្ស៊ីមៀស​ក្រោយពី​រៀនចប់​បណ្ឌិត​​និង​បន្ត​អាជីព​​ជា​គណិតវិទូ​រួចក្លាយជា​​សាស្ត្រាចារ្យ​និងជា​នាយក​សាកលវិទ្យាល័យក្រាកូវ (សព្វថ្ងៃ​ប្ដូរឈ្មោះ​ជា​សាកលវិទ្យាល័យយ៉ាហ្គីយ៉េឡូនៀន) និងជា​ប្រធាន​សហគមអ្នកសិក្សាវ៉ារស្សាវ៉ា(Warsaw Society of Learning)។ ពេលដែល​គាត់ចាស់​ទៅ គេ​ធ្លាប់ឃើញ​គាត់អង្គុយ​គិត​​សញ្ជប់សញ្ជឹង​​នៅពីមុខ​រូបសំណាក​ទង់ដែង​របស់​​ម៉ារីយ៉ា ដែល​បាន​ដាក់តាំង​​ពីឆ្នាំ១៩៣៥​​នៅក្រោយ​វិទ្យស្ថានរ៉ាដ្យូម​ដែល​អ្នកស្រី​បង្កើត​ក្នុងឆ្នាំ​១៩៣៥។[៩]

ការតស៊ូរៀនសូត្រនៅប៉ារីស

ខែតុលា ឆ្នាំ១៨៩១ ក្រោយពី​ធ្វើដំណើរ​តាម​រថភ្លើង​រយៈពេល​៣ថ្ងៃ​មក ម៉ារីយ៉ា​បានមក​ដល់​ប៉ារីស។ ពេលនោះ​គាត់​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សកបូន (សាកលវិទ្យាល័យប៉ារីស) ដែល​ពេលនោះ​ជា​សាលា​ដ៏​តិចតួច​ដែល​ទទួល​សិស្សស្រី​អោយ​រៀន​​ផ្នែកវិទ្យាសាស្ត្រ។ នៅលើ​សំណុំបែបបទ​ចូលរៀន គាត់​បាន​កែ​ឈ្មោះពី​«ម៉ារីយ៉ា» មក​សរសេរ​ជា «ម៉ារី» តាម​របៀប​បារាំង​វិញ។ នៅទីនោះ​គាត់​បាន​ចូលរៀន រូបវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា។[១០] នៅប៉ារីស ម៉ារី​បាន​ស្វែករក​ជំរក​ស្នាក់នៅ​ជាមួយ​បងស្រី​​និង​បងថ្លៃ​មួយរយៈ​ខ្លី បន្ទាប់មក​នៅ​បន្ទប់​ជួល​ក្រោមដំបូលផ្ទះ​ផ្ទះល្វែងមួយ។

ព្សែរ គុយរី

ម៉ារី សិក្សា​នៅពេល​ថ្ងៃ​និង​បង្រៀន​គេ​នៅពេលល្ងាច​​ដើម្បី​រក​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹមជីវិត។ ជីវិត​គាត់​ពេលនោះ​គឺ​ខ្វះ​ប្រាក់ចាយ ម្ហូបអាហារ​ក៏​មិនសូវ​មាន​គ្រប់គ្រាន់​សំរាប់​ហូបចុក ហើយ​ពេល​ខែរងារ​​គាត់​ត្រូវយក​សំលៀកបំពាក់​ទាំងអស់​មកពាក់​ដេក​​ ដោយហេតុតែ​គ្មាន​ម៉ាស៊ីនកំដៅ រហូត​ដល់ពេល​មួយ​គាត់​ធ្លាក់​ខ្លួនឈឺ ហើយ​ត្រូវ​បងថ្លៃ​ដែលជា​ពេទ្យ​មក​ជួយ​ព្យាបាល​អោយ។ ក្រោយពី​ការតស៊ូ​ជាច្រើន​ឆ្នាំ គាត់​បាន​បញ្ចប់​បរិញ្ញា​​ផ្នែក​រូបវិទ្យា​នៅឆ្នាំ​១៨៩៣ និង​ចាប់ផ្ដើម​ធ្វើការ​នៅ​​មន្ទីរពិសោធន៍​ឧស្សាហកម្ម​។ ព្រម​ជាមួយ​គ្នានោះ គាត់​បាន​បន្ត​រៀន​នៅ​សកបូន(Sorbonne) និង​បាន​បរិញ្ញាប័ត្រ​ផ្នែក​គណិតវិទ្យា​នៅឆ្នាំ​១៨៩៤។

នៅ​ឆ្នាំ​ដដែល​នោះ ព្យែរ គុយរី​​ក៏ចូល​មកក្នុង​ឆាកជីវិត​របស់​គាត់។ ម៉ារី​​បាន​ចាប់ផ្ដើម​អាជីព​​ផ្នែកវិទ្យាសាស្ត្រ ដោយ​ធ្វើ​ការស្រាវជ្រាវ​លើ​លក្ខណៈ​​ម៉ាញ៉េទិច​របស់​ដែកថែប​ច្រើន​ប្រភេទ។ បន្ទប់​ពិសោធន៍​នៅ​សាកលវិទ្យាល័យ​​និង​នៅមន្ទីរពិសោធន៍​​ដែល​ម៉ារី​ធ្វើការ​ ខ្វះខាត​ឧបករណ៍​សំរាប់​​ធ្វើការ​ស្រាវជ្រាវ​នេះ ជាហេតុ​ធ្វើអោយ​ម៉ារី​មាន​ការលំបាកចិត្ត​យ៉ាងខ្លាំង។ ម៉ារី​បាន​រៀបរាប់​​កង្វល់​នេះ​​ទៅកាន់​មិត្តភក្តិ​ម្នាក់​​ដែល​មាន​ស្វាមី​ជា​​សាស្ត្រាចារ្យរូបវិទ្យា​ ហើយ​ស្វាមី​មិត្តភក្ដិ​​ម្នាក់នោះ​​ក៏បាន​ណែនាំ​ព្យែរ​អោយ​ម៉ារី។ ព្យែរ​ជា​គ្រូបង្រៀន​នៅ École supérieure de physique et de chimie industrielles de la ville de Paris (ESPCI) (សាលាជាន់ខ្ពស់ផ្នែករូបវិទ្យា​និងគីមីវិទ្យាឧស្សហកម្មនៃទីក្រុងប៉ារីស)។ កាលនោះ ព្យែរ​ជា​អ្នកវិទ្យាសាស្ត្រ​​គ្មានឈ្មោះ​ល្បី​​ប៉ុន្មានទេ​​នៅ​ប្រទេសបារាំង ប៉ុន្តែ​​គាត់​បាន​ទទួល​ជោគជ័យ​​ក្នុង​ការស្រាវជ្រាវ​ពី​ប៉ូលកម្ម​ឌីអេឡិចទ្រិច​​របស់​គ្រីសស្តាល់​អ៊ីយ៉ុង​​និង​អេឡិចត្រូម៉ាញ៉េទិច។ គេ​និយាយ​ថា គឺកំលាំង​ម៉ាញ៉េទិច (ដែកឆក់) ដែល​បាន​ទាញ​ពួកគេ​ទាំង២​អោយ​ជួបគ្នា។

ព្យែរ​​ជា​មនុស្ស​ដែល​​មិន​ទុកដាក់​​ការមានមុខមានមាត់​​និង​ទំនាក់ទំនង​​ជាមួយ​មនុស្ស​​នៅក្នុង​ខួរក្បាល​ទេ។ គាត់​ធ្លាប់​បដិសេដ​​មិន​ទទួល​មេដាយ​​កិត្តិយស ស៊ូទ្រាំ​ចំណាយ​ពេលវេលា​​មួយថ្ងៃៗ​​ក្នុង​បន្ទប់ពិសោធន៍​​តូចចង្អៀត ធ្វើ​ការស្រាវជ្រាវ​ដោយ​ទទួល​​ប្រាក់ខែ​​តិចតួច។ អំពី​​មនុស្សស្រី​វិញ គាត់​ធ្លាប់​បាន​សរសេរ​​ក្នុង​សៀវភៅកំណត់ហេតុ​ប្រចាំថ្ងៃ​ថា «មនុស្សស្រី​ដែល​មាន​ទេពកោសល្យ​ក្នុង​វិទ្យាសាស្ត្រ​​គឺ​កំរ​មាន​ណាស់»។ ពេល​ជួប​ម៉ារី អ្នកទាំងពីរ​​បាន​និយាយ​​គ្នា​ពី​​​បញ្ហា​វិទ្យាសាស្ត្រ​និង​​បញ្ហាសង្គម ហើយ​យល់ឃើញ​ថា​អ្នកទាំងពីរ​មាន​ចំនុច​រួមគ្នា​ជា​ច្រើន។ គេទាំង២​នាក់​ក៏​ចាប់ផ្ដើម​មានចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក។ អ្នកទាំង២​​គោរព និង​ទុកចិត្តគ្នា​ទៅវិញ​ទៅមក។

ឆ្នាំ១៨៩៤ ពេលដែល​ម៉ារី​បាន​បរិញ្ញាប័ត្រ​​គណិតវិទ្យា ហើយ​ឆ្លៀត​ពេល​វិស្សមកាល​រដូវក្ដៅ​​ត្រលប់​ទៅលេង​វ៉ារស្សាវ៉ា​​វិញ ម៉ារី​ពិបាកចិត្ត​​មិនដឹង​គួរ​ត្រលប់​ទៅ​ប៉ារីស​វិញ​​ឬអត់។ ម៉ារី​ដែល​នៅមាន​​ក្ដីស្រមៃ​ចង់​ធ្វើការ​​ផ្នែកដែល​ខ្លួន​បាន​រៀន​នៅ​ប៉ូឡូញ​បាន ប៉ុន្តែ​ត្រូវបាន​សាកលវិទ្យាល័យក្រាកូវ​​បដិសេដ​មិនទទួល​អោយធ្វើការ ដោយសារ​តែម៉ារី​ជាស្ត្រី។ [១១] ក្នុងកំឡុងពេល​ដែល​ម៉ារី​​នៅ​រក​ការងារ​ធ្វើ​​នៅ​ប៉ូឡូញ ព្យែរ​បាន​ផ្ញើ​សំបុត្រ​​សុំ​ម៉ារី​រៀបការ​ជាច្រើន​ដង ហើយ​នៅខែ​តុលា ម៉ារី​ក៏​ត្រលប់​មក​ប៉ារីស​វិញ។​ ព្យែរ​​បាន​រៀបរាប់​​ពី​មនោសញ្ចេតនា​​ដ៏​ជ្រាលជ្រៅ​របស់​​ខ្លួន​ប្រាប់ម៉ារី ហើយ​ថា​​បើ​ទោះបី​ជាត្រូវ​​ត្រលប់​ទៅ​ប៉ូឡូញ​វិញ​​ក៏​ខ្លួន​សុខចិត្ត​តាម​ទៅដែរ។ ការស្នើសុំ​រៀបការ​នេះបាន​ជោគជ័យ ហើយ​នៅថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ១៨៩៥ ពិធីមង្គលការ​ដ៏​សមញ្ញ​មួយ​របស់​អ្នកទាំង២​បានរៀបចំ​ឡើង។ ចាប់ពី​ពេលនោះ​មក​​រូបវិទូ​ទាំង២​ធ្វើការ​ជាមួយគ្នា​​ក្នុង​​បន្ទប់ពិសោធន៍​តែមួយ។ ពួកគេ​មាន​ការកំសាន្ត​ដូចគ្នា​២​គឺ​​ដំណើរកំសាន្ត​ផ្លូវឆ្ងាយ​ដោយ​ជិះកង់​​និង​ការធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស។ ទីបំផុត​​ម៉ារីបាន​រកឃើញ​ដៃគូ​ស្នេហា​​និង​សហសេវិក​ផ្នែកវិទ្យាសាស្ត្រ​​ដែលខ្លួន​អាច​ពឹងពាក់​បាន។[១១]

ធាតុ​គីមី​ថ្មី​

ក្នុង​ឆ្នាំ ១៨៩៦ អង់រី បិកកឺរ៉ែល បាន​រក​ឃើញ​ថា អំបិល​អ៊ុយរ៉ាញ៉ូម បញ្ចេញ​កាំរស្មី​ដែល​មាន​លក្ខណៈ​ស្រដៀង​កាំរស្មី X ដោយ​មាន​សម្មត្ថភាព​ជ្រៀត​ចូល​។ គាត់​បាន​បង្ហាញ​ថា ការ​រំសាយ​កាំរស្មី​នេះ ខុស​ពីហ្វូស្វរ៉េសង់, មិន​អាស្រ័យ​នឹង​ប្រភព​ថាមពល​ពី​ខាង​ក្រៅ​នោះ​ទេ តែ​ទំនង​ជាកើត​​ចេញ​ពី អ៊ុយរ៉ាញ៉ូម​ខ្លួន​វា​ផ្ទាល់​តែ​ម្ដង។ តាម​ពិត​ទៅ លោកបិកកឺរ៉ែលទេដែល​បាន​រក​ឃើញ​វិទ្យុសកម្មមុនគេនោះ ។

ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​សិក្សា​លើ​កាំរស្មី​អ៊ុយរ៉ាញ៉ូម សម្រាប់​និក្ខេប​បទ​បណ្ឌិត​របស់​គាត់​។ គាត់​បាន​ប្រើ​វិធី​ដ៏​ឆ្លាត​សម្រាប់​សិក្សា​លើ​សំណាក​គំរូ។ ១៥​ឆ្នាំ​មុន ប្ដី​របស់​គាត់ និង បងប្រុសថ្លៃរបស់​គាត់​បាន​បង្កើត​អេឡិចត្រូម៉ែត្រ ដែល​ជាឧបករណ៍​សម្រាប់​វាស់​បន្ទុក​អគ្គិសនី។ ដោយ​ប្រើ អេឡិចត្រូម៉ែត្រ​របស់​គុយរី អ្នក​ស្រី​គុយរី​បាន​រក​ឃើញ​ថា កាំរស្មី​អ៊ុយរ៉ាញ៉ូម​បាន​បណ្ដាល​ឱ្យ​ខ្យល់​ជុំ​វិញ​សំណាក​គំរូ ចម្លង​ចរន្ត​អគ្គិសនី។[១២] ដោយ​ប្រើ​បច្ចេកទេស​នេះ លទ្ធផល​ដំបូង​របស់​គាត់ គឺ​ជា​របក​គំហើញ​ថា សកម្មភាព​របស់​សារធាតុ​ផ្សំ​ពី​អ៊ុយរ៉ាញ៉ូម អាស្រ័យ​តែ​នឹង​បរិមាណ​នៃ​ធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​តែ​ប៉ុណ្ណោះ​។ គាត់​បាន​បង្ហាញ​ថា បន្សាយ​វិទ្យុ​សកម្ម មិន​មែន​កើត​មក​ពី​អន្តរកម្ម​រវាង​ម៉ូលេគុល​ខ្លះ​នោះ​ទេ តែ​ត្រូវ​តែ​ចេញ​ពី​អាតូម​ខ្លួន​វា​តែ​ម្ដង។ ក្នុង​ក្រប​ខណ្ឌ​វិទ្យាសាស្ត្រ នេះ​ជា​ស្នាដៃ​មួយ​ដ៏​សំខាន់​បំផុត​​របស់​ម៉ារី​ គុយរី ។[១៣]

ការ​សិក្សា​ជា​ប្រព័ន្ធ​របស់ ស្កូដូស្កា​ គុយរី មាន​បញ្ចូល​រ៉ែ​អ៊ុយរ៉ាញ៉ូម​ពីរ គឺ pitchblende និង torbernite (ដែល​គេ​ស្គាល់​ថាជា chalcolite ផង​ដែរ)។ អេឡិចត្រូម៉ែត្រ​របស់​គាត់ បាន​បង្ហាញ​ថា pitchblende សកម្ម​ជាង អ៊ុយរ៉ាញ៉ូម ៤ ដង ហើយ chalcolite សកម្មជាង អ៊ុយរ៉ាញ៉ូម ២ ដង។ គាត់​បាន​សន្និដ្ឋាន​ថា បើ លទ្ធផល​ដំបូង​របស់​ទាក់ទង​នឹង​បរិមាណ​អ៊ុយរ៉ាញ៉ូមធៀប​នឹង​សកម្មភាព​របស់​វា ​មាន​ភាព​ត្រឹមត្រូវ នោះ​រ៉ែ​ទាំង​ពីរ​នេះ ត្រូវ​តែ​សារធាតុ​ដទៃ​ទៀត​ក្នុង​បរិមាណ​ដ៏​តិចតួច ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​។[១៤]

លោក Reid បាន​សរសេរ​ថា គំនិត​នោះ​គឺ​ជា​របស់​គាត់​ផ្ទាល់; គ្មាន​នរណា​ជួយ​គាត់​ក្នុង​ការ​បង្កើត​វា​ទេ, ហើយ​ថ្វី​បើ​គាត់​​បាន​យក​វា​ទៅ​ប្រាប់​ស្វាមី ដើម្បី​ផ្ដល់​ជា​មតិក្ដី​ តាម​ពិត​គាត់​​ជា​ម្ចាស់​នៃ​គំនិត​នោះ​ យ៉ាង​ច្បាស់​ក្រឡែត​​ទៅ​ហើយ​។ ក្រោយ​មក​ ម៉ារីយ៉ា គុយរី ​បាន​កត់​ត្រាការពិត​នោះ​ពី​ដង​ក្នុង​ជីវប្រវត្តិ​របស់​គាត់​ស្ដី​ពី​ប្ដី​របស់​គាត់ ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់លាស់​។ មើល​ទៅ​ប្រហែល​ជា​នៅ​គ្រា​ដំបូង​នៃ​អាជីព​របស់​គាត់ គាត់​បាន​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​មិន​ចង់​ជឿ​ថា ស្ត្រី​ម្នាក់​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​គាត់​ធ្វើ​បាន។[១៥]

នៅ​ក្នុង​ប្រព័ន្ធ​ស្វែង​រក​របស់​គាត់​ពី​រូបធាតុ​ថ្មី ក្រៅ​ពី​អំបិល អ៊ុយរ៉ាញ៉ូម ដែល​បញ្ចេញ​កាំ​រស្មី, ស្កូដូស្កា​ គុយរី បាន​រក​ឃើញ​ថា តូរ្យូម (thorium) ក៏​ជា​វិទ្យុសកម្ម​ផង​ដែរ។

ព្យែរ និង ម៉ារី គុយរី នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ពួក​គេ​នៅ​ក្រុង​ប៉ារីស មុន​ឆ្នាំ ១៩០៧

ម៉ារីយ៉ា គុយរី បាន​ដឹង​ពី​សារៈសំខាន់ នៃ​ការ​បោះពុម្ព​ផ្សាយ​ភ្លាម​ៗ នូវ​អ្វី​ដែល​គាត់​បាន​រក​ឃើញ ដូច្នេះ​ហើយ​បាន​ជា​ គាត់​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​ការ​រក​ឃើញ​របស់​គាត់​។ កាល​ពី​ពីរ​ឆ្នាំ​មុន បើ បិកកឺរ៉ែល មិន​បាន​ចុះផ្សាយ​របក​គំហើញ​របស់​ខ្លួន ទៅ​កាន់បណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​រកឃើញ​នូវ​វិទ្យុសកម្ម​នោះទេ នោះ ​​រង្វាន់​ណូបែល​ច្បាស់​ជា​របូត​ពី​ដៃ​គាត់ ហើយ​បាន​ទៅ​លោក​ ស៊ីលវេណឹស ថុមសិន (Silvanus Thompson) ​វិញមិន​ខាន។ ស្កូដូស្កា​ គុយរី បាន​ជ្រើសរើស​មធ្យោបាយ​បោះពុម្ព​ផ្សាយ​លឿន​ដូច​គ្នា​។ ភេបភ័រ​ របស់​គាត់ ដែល​សង្ខេប​ និង និយាយ​ពី​ស្នាដៃ​របស់​គាត់ ត្រូវ​បាន​បង្ហាញ​ទៅ​ដល់ Académie នៅថ្ងៃ ១២ មេសា ១៨៩៨ ដោយ​សារ​អតីតសាស្ត្រាចារ្យ​របស់គាត់ លោក Gabriel Lippmann។[១៦]

ថ្វី​បើ​ដូច្នេះ​ក៏​ដោយ គឺ​ដូច​លោក ថុមសុន ត្រូវ​បាន​យក​ឈ្នះ​ដោយលោក បិកកឺរ៉ែល, ក៏ ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​យក​ឈ្នះ ក្នុង​ការ​ប្រកួត​ប្រជែង​ប្រាប់​ពិភព​លោក​ថា​នរណា​រក​ឃើញ​មុន​ថា តូរ្យូម បញ្ចេញ​កាំរស្មី​ដូច​អ៊ុយរ៉ាញ៉ូម ។ កាល​ពី​ពីរ​ខែ​មុន លោក Gerhard Schmidt បាន​ចុះផ្សាយ​ពី​របក​គំហើញ​របស់​គាត់​ នៅ ប៊ែរឡាំង។[១៧]

នៅ​ពេល​នោះ, ទោះ​ជា​យ៉ាង​ណាក្ដី, គ្មាន​នរណា​ផ្សេង​ទៀត​នៅលើ​ពិភព​រូបវិទ្យា បាន​កត់សម្គាល់​ថា ស្កូដូស្កា គុយរី បាន​សរសេរ​ឃ្លា​មួយ​ក្នុង​ភេបភ័រ​របស់​គាត់ និយាយ​រៀបរាប់​​ថា​តើ​សកម្មភាព​របស់​ pitchblende និង chalcolite ខ្លាំង​ប៉ុណ្ណា​ធៀប​នឹង អ៊ុយរ៉ាញ៉ូម​នោះ​ទេ​ ៖ “ការ​ពិត​នេះ គួរ​ឱ្យ​កត់​សម្គាល់​ណាស់ ហើយ​បាន​នាំ​ឱ្យ​គេ​ជឿ​ថា រ៉ែ​ទាំង​នេះ អាច​មាន​សារធាតុ​ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​ទៅ​ទៀត​។” ក្រោយ​មក គាត់​បាន​រំលឹក​​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​ក្លា​របស់​គាត់ ក្នុង​ការ​ផ្ទៀងផ្ទាត់​សម្មតិកម្ម​នេះ ឱ្យ​បាន​លឿន​បំផុត​។[១៨]

ព្យែរ គុយរី ច្បាស់​ក្នុង​ចិត្ត​ថា អ្វី​ដែល​ម៉ារីយ៉ា​គុយរី​បាន​រក​ឃើញ មិន​មែន​ជា​ការ​ភ្លាំងភ្លាត់​នោះ​ទេ។ ដូច្នេះ គាត់​ក៏​សម្រេច​ចិត្ត​បោះបង់​ការ​ស្រាវជ្រាវ​របស់​គាត់​លើ​គ្រីស្តាល់​មួយ​រយៈ​ដើម្បី​ចូលរួម​ជា​មួយ​ម៉ារីយ៉ា គុយរី។ នៅថ្ងៃ ១៤ មេសា ១៨៩៨ ពួក​គេ​បាន​ថ្លឹងយក pitchblende ចំនួន​ ១០០ក្រាម ហើយ​យក​មក​កិន​បំបែក​​។ ពួក​គេ​នៅ​ពេល​នោះ​ មិន​បានដឹង​ថា ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​ស្វែង​រក​នោះ ​តាម​ពិត​មាន​ក្នុង​បរិមាណ​ដ៏​តិចតួច​បំផុត ដែល​ពួក​គេ​អាច​ត្រូវ​ធ្វើ​ការ​រែង​យក​ចេញ​ពី​រ៉ែ​ដល់​ទៅ​រាប់​តោន​ឯណុះ។​[១៨]

ដោយ​ពួក​គេ​មិន​បាន​ដឹង​ពី​ផលប៉ះពាល់​របស់​វិទ្យុសកម្ម ស្កូដូស្កា និង ស្វាមី​របស់​គាត់ មិន​នឹក​ដល់​ទាល់តែ​សោះ​ពី​គ្រោះថ្នាក់​ដ៏​ធំធេង​នៃ​ការ​ស្រាវជ្រាវ​នេះ​ដល់​សុខភាព​របស់​ពួក​គេ​នៅ​ពេល​ក្រោយ​មក​។[១១]

ព្យែរ, អ៊ីរ៉ែន, ម៉ារី គុយរី

ក្នុង​ខែ កក្កដា ១៨៩៨, ស្កូដូស្កា គុយរី និង ស្វាមី បាន​ចេញ​ផ្សាយ​ភែបភ័រ​មួយ​រួម​គ្នា ប្រកាស​ពី​អត្ថិភាព​នៃ​ធាតុ​មួយ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ថា ប៉ូឡូញ៉ូម, ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ស្រុក​កំណើត​របស់​ម៉ារីយ៉ា គុយរី ដែល​ម្ភៃ​ឆ្នាំ​ក្រោយ​មក នៅ​តែ​ឋិត​នៅ​ជា​ទឹកដី​មួយ​ដែល​មហាអំណាច​បី​បាន​បែង​ចែក​គ្នា​គ្រប់​គ្រង​។ នៅ​ថ្ងៃ ២៦ ធ្នូ ១៨៩៨, គ្រួសារ​គុយរី បាន​ប្រកាស​ពី​របក​គំហើញ​នូវ​ធាតុគីមី​ថ្មី​មួយ​ទៀត​ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ថា រ៉ាដ្យូម ដោយ​សារ​វា​មាន​វិទ្យុសកម្ម​ខ្លាំង។ ពាក្យ រ៉ាដ្យូម​ នេះ ជា​ពាក្យ​ដែល​ពួក​គេ​បាន​បង្កើត​ឡើង។

Pitchblende ជា​រ៉ែ​ស្មុគស្មាញ។ ការ​ញែក​ធាតុ​គីមី​ របស់​ធាតុផ្សំ​របស់​រ៉ែ​នេះ ជា​ការងារ​ដ៏​លំបាក​បំផុត​មួយ​។ របក​គំហើញ​ប៉ូឡូញ៉ូម រាង​ងាយ​ស្រួល​បន្តិច; វា​មាន​លក្ខណៈ​គីមី​ស្រដៀង​ ប៊ីស្មុត, ហើយ ប៉ូឡូញ៉ូម ជាសារ​ធាតុ​តែ​មួយ​គត់ក្នុង​រ៉ែ Pitchblende ​ដែល​មាន​លក្ខណៈ​គីមី​ស្រដៀង ប៊ីស្មុត ។ តែ រ៉ាដ្យូម វិញ មាន​ភាព​លំបាក​ជាង​។ វា​មានលក្ខណៈ​គីមី​ស្រដៀងនឹង​ បារីយ៉ូម ខ្លាំង ហើយ Pitchblende មាន​រ៉ែ​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា។ ក្នុង​ឆ្នាំ ១៨៩៨ គ្រួសារ​គុយរី បាន​រក​ឃើញ​ដាន រ៉ាដ្យូម តែ​បរិមាណ​សមរម្យ មិន​មាន​​លាយ​បារីយ៉ូម ពួក​គេ​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​។[១៩]

គ្រួសារ​គុយរី បាន​ធ្វើ​ការ​ចម្រាញ់​យក​អំបិល​រ៉ាដ្យូម តាម​វិធី គ្រីស្តាល់កម្ម​ឌីផេរ៉ង់ស្យែល​។ ចេញ​ពី​រ៉ែ pitchblende មួយ​តោន, មួយ​ភាគ​ដប់​ក្រាម​នៃ រ៉ាដ្យូម​ក្លរួ ត្រូវ​បាន​​ចម្រាញ់​ចេញ​មក​ ក្នុង​ឆ្នាំ ១៩០២ ។ ក្នុង​ឆ្នាំ ១៩១០ ស្កូដូស្កា គុយរី ធ្វើ​ការ​ដោយ​គ្មាន​ស្វាមី​របស់​នាង បន្ទាប់​ពី​គាត់​បាន​ស្លាប់​ដោយ​សារ​រទេះ​សេះ​​[២០] ក្នុង​ឆ្នាំ ១៩០៦​មក, បានសម្រេច​ក្នុង​ការ​​ចម្រាញ់​យក​លោហធាតុ រ៉ាដ្យូម​សុទ្ធ​។[២១]

ក្នុង​ការ​សម្រេច​ចិត្ត​មិន​ធម្មតា​មួយ ម៉ារីយ៉ា ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​មិន​ធ្វើ​បណ្ណ​កម្មសិទ្ធិ​បញ្ញា លើ ការ​ចម្រាញ់​ជាតិ​រ៉ាដ្យូម ក្នុង​គោល​បំណង​ដើម្បី​កុំ​ឱ្យ​សហគម​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ទើស​ទាល់​ក្នុង​ការ​ស្រាវជ្រាវ​បន្ត​។[២២]

នៅ​ឆ្នាំ ១៩០៣ ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ អង់រី បិកកឺរ៉ែល,[២៣] ម៉ារីយ៉ា បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​វិទ្យាសាស្ត្រ​ ពី សកលវិទ្យាល័យ​ប៉ារីស។

រង្វាន់ណូបែល

រូបថតម៉ារី គុយរី​នៅ​ឆ្នាំ​១៩១១

នៅឆ្នាំ១៩០៣ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែដ(Royal Swedish Academy of Sciences)​ បានផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យា​ទៅអោយលោក​ព្យែរ គុយរី, អ្នកស្រីម៉ារី គុយរី និងលោកអង់រី បិកកឺរ៉ែល «ដោយទទួលស្គាល់ស្នាដៃដ៏វិសេសវិសាល​ក្នុងការស្រាវជ្រាវ​រួមគ្នា​ស្ដីអំពីបាតុភូតបន្សាយវិទ្យុសកម្ម​ដែលរកឃើញ​ដំបូង​ដោយលោកសាស្ត្រាចារ្យ​អង់រី បិកកឺរ៉ែល។»

ម៉ារី​និងស្វាមី​មិនអាចទៅទទួលរង្វាន់ដោយផ្ទាល់នៅទីក្រុងស្តុកហូមបានទេ។ ពួកគេបានចែករំលែកប្រាក់រង្វាន់​ជាមួយនិស្សិតនិងមិត្ត​ភក្ដិជិតដិត​ដែលត្រូវការប្រាក់។[១១]

គ្រាន់តែទទួលរង្វាន់ណូបែល​ភ្លាម ម៉ារី​និងព្យែរ​ក៏ក្លាយជាមនុស្សល្បីឈ្មោះ។ សកបូនSorbonne)​បានផ្ដល់ដំណែង​ជាសាស្ត្រាចារ្យ​(professorship)​ដល់ព្យែរ និងអនុញ្ញាតអោយព្យែរ​មានបន្ទប់ស្រាវជ្រាវផ្ទាល់ខ្លួន ដែលនៅទីនោះម៉ារីធ្វើ​ជានាយកដឹកនាំ​ការស្រាវជ្រាវ។

នៅឆ្នាំ១៨៩៧ និង ១៩០៤ ម៉ារី បានផ្ដល់កំណើតដល់កូនស្រី២រូបគឺ អ៊ីរ៉ែននិងអែវ។ គាត់បាន​ជួលហ្គាវើណេស​ជនជាតិប៉ូឡូញ​ដើម្បីជួយបង្រៀន​ភាសាប៉ូឡូញ​ដល់កូនស្រីទាំង២។ គាត់ក៏ធ្លាប់នាំកូនស្រីទៅលេងប៉ូឡូញផងដែរ។[២៤]

សញ្ញាប័ត្ររង្វាន់ណូបែលផ្នែកគីមីវិទ្យា​ឆ្នាំ១៩១១របស់ម៉ារី

ម៉ារី​ជាស្ត្រីទីមួយដែលបានទទួល​រង្វាន់ណូបែល។ ៨ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩១១ គាត់បានទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យា«ដោយស្នាដៃក្នុង​ការជំរុញវិស័យគីមីវិទ្យា​តាមរយៈការរកឃើញធាតុ​គីមីថ្មី​គឺរ៉ាដ្យូមនិងប៉ូឡូញ៉ូម​ដោយការចំរាញ់រ៉ាដ្យូម និងដោយការស្រាវជ្រាវ​ពីធម្មជាតិ​និងធាតុផ្សំរបស់ធាតុគីមីនេះ។»

មួយខែក្រោយមក គាត់ត្រូវចូលពេទ្យ​ដោយសារបញ្ហាផ្លូវចិត្តនិងជំងឺតំរងនោម។

ម៉ារីជាមនុស្សទីមួយហើយ​ដែលបានទទួលរង្វាន់​ណូបែល២។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ១៩១១ បណ្ឌិតសភាវិទ្យាសាស្ត្របារាំង​ ដែលមិនព្រមបោះបង់ចោល​ការរើសអើងចំពោះស្ត្រីនោះ មិនបានជ្រើសរើសអ្នកស្រី​អោយចូលជាសមាជិកទេ។ អ្នកស្រីខ្វះ២សំលេងឆ្នោត​​ក្នុងការបោះឆ្នោតនោះ។[២៥]

មរណភាពរបស់ព្យែរ

នៅថ្ងៃទី១៩ មេសា ១៩០៦ ព្យែរ​បាន​បាត់បង់​ជីវីត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។ ពេល​កំពុង​ឆ្លង​ផ្លូវ​ដូហ្វីន (Rue Dauphine)ពេល​ភ្លៀងធ្លាក់​ខ្លាំង គាត់​ត្រូវ​រទេះសេះ​បុក​ដួល​ចូល​ក្រោម​កង់ ​និង​ត្រូវ​កិន​បែក​លលាដ​ក្បាល​។​[២០]

ម៉ារី​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​​ដោយ​សារ​មរណភាព​ស្វាមី​។​ នា​ពេល​នោះ​គាត់​បាន​ក្លាយ​ជា​«មនុស្ស​ដែល​ឯកោ​យ៉ាង​ខ្ទេចខ្ទំ​និង​ដែល​មិន​អាច​ព្យាបាល​បាន​»។ នៅ​ថ្ងៃ​ទី​១៣ ឧសភា ១៩០៦ ដេប៉ាតឺម៉ង់​រូបវិទ្យា​របស់​សកបូន​បាន​សំរេច​ចិត្ត​រក្សា​កៅអី​ដែល​បង្កើត​សំរាប់​ព្យែរ​ និង​ផ្ដល់​ជូន​បន្ត​អោយ​ម៉ារី រួម​ទាំង​សិទ្ធិ​អំណាច​ពេញ​លេញ​លើ​បន្ទប់​ស្រាវជ្រាវ​នោះ។ ការណ៍នេះ​បាន​ជួយ​អោយ​ម៉ារី​ចេញ​ពី​ស្រមោល​របស់​ព្យែរ​។ គាត់​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ស្ត្រី​ដំបូង​គេ​នៅ​សកបូន​។​ គាត់​បាន​រក​ឃើញ​អត្ថន័យ​ជីវិត​ថ្មី​មួយ​ក្នុង​ការងារ​ដ៏​នឿយហត់​មួយ​នេះ​។​

នៅសន្និសីទ​សុលវេយលើកទីមួយ (១៩១១), ស្កូដូស្កា គុយរី (អង្គុយ, ទី២រាប់ពីស្ដាំ) ប្រឹក្សា​ជា​មួយ អង់រី ព័ងការ៉េ។ អើណេស រូធើហ្វដ (ឈរ, ទី​៤​រាប់​ពី​ស្ដាំ); អាល់បឺត អែងស្តែង (ឈរ, ទី២រាប់ពីស្ដាំ); ប៉ូល ឡង់ហ្សឺវ៉ាំង (ឈរ, ដើម​ខាង​ស្ដាំ)

ពី​ឆ្នាំ​១៩១០​ដល់​១៩១១ ស្កូដូស្កា គុយរី​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​រូបវិទូ ប៉ូល ឡង់ហ្សឺវ៉ាំង (Paul Langevin) ដែល​ជា​អតីត​កូន​សិស្ស​របស់​ព្យែរ​។ ម៉ារី​មាន​អាយុ​ច្រើន​ជាង​ប៉ូល​៥​ឆ្នាំ​។​ ប៉ូល​ជា​បុរស​រៀបការ​ហើយ តែ​រស់​នៅ​បែក​ពី​ភរិយា​។ រឿង​នេះ​បែក​ការ​នៅ​ឆ្នាំ​១៩១១​ ពេល​ដែល​គូ​ប្រជែង​ផ្នែក​សិក្សា​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វផ្យាយ​ជា​រឿង​អាស្រូវ​នៅ​លើ​សារព័ត៌មាន។[២៦] ទោះ​បី​ជា​គាត់​មាន​កិត្តិយស​ជា​អ្នក​វិទ្យាសាស្ត្រ​ដែល​បំរើការ​ដល់​បារាំង​ក៏​ដោយ ទស្សនៈ​របស់​សាធារណជន​មាន​ទំនោរ​ទៅ​រក «សញ្ចេតនា​រើស​អើង​ជន​បរទេស» (xenophobia) និង​បាន​រាល​ដាល​ដល់​ការ​ប៉ាន់​ប្រមាណ​ទាំង​ខុស​ឆ្គង​ថា​ម៉ារី​ជាជន​ជាតិ​ជ្វីហ្វ។ ទំព័រ​កាសែត​បាន​លើក​ឡើង​ពី​ម៉ារី​យ៉ាង​គគ្រឹក​គគ្រើង​ដោយ​បាន​ចោទ​អ្នក​ស្រីថា​ជា​អ្នក​បំបែកបំបាក់​គ្រួសារ​គេ​។​[២៧]គ្មាន​នរណា​ទាយ​ដឹង​ថា​នា​ពេល​ក្រោយ​មក​ទៀត​ ចៅ​ស្រី​របស់​ម៉ារី​ឈ្មោះ​អេឡែន ហ្សូល្យុតបាន​រៀបការ​ជា​មួយ​ចៅ​ប្រុស​របស់​ឡង់ហ្សឺវ៉ាំង​ឈ្មោះ​មីសែលឡង់ហ្សឺវ៉ាំង​ទេ​។​

រង្វាន់​ណូបែល​លើក​ទី​២​របស់​ម៉ារី បាន​ធ្វើ​អោយ​អ្នក​ស្រី​មាន​សិទ្ធិ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បារាំង​​អោយ​ផ្ដល់​ថវិកា​ក្នុង​ការ​កសាង​វិទ្យាស្ថាន​រ៉ាដ្យូម​ឯកជន​មួយ​ឈ្មោះ Institut du radium (សព្វថ្ងៃ​ជា​ Institut Curie(វិទ្យាស្ថាន​គុយរី))នៅ​ឆ្នាំ​១៩១៤​។​ វិទ្យាស្ថាន​នេះ​ដឹកនាំ​ការ​ស្រាវជ្រាវ​ផ្នែក​គីមី​វិទ្យា​ រូបវិទ្យា និង វេជ្ជសាស្ត្រ​។​ វិទ្យាស្ថាន​នេះ​ជា​ថ្នាល​បណ្ដុះ​ជ័យ​លាភី​រង្វាន់​ណូបែល​៤​រូប​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​កូនស្រី​របស់​គាត់​គឺ​អ៊ីរ៉ែន ហ្សូល្យុត គុយរីនិង​កូន​ប្រសារ​ប្រុស​ ហ្វ្រេដេរីក ហ្សូល្យុត គុយរី​។​

ពេលសង្គ្រាមលោកលើកទី១

ម៉ារី​នៅក្នុងយានជំនិះថតកាំរស្មីXចល័ត

ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ម៉ារីបានជំរុញអោយ​ប្រើ​យានជំនិះថតកាំរស្មីXចល័ត (ដែលគេស្គាល់ជា petites Curies «គុយរីតូច») សំរាប់ប្រើក្នុងការព្យាបាលទាហានមានរបួស។ ឧបករណ៍នេះ​ប្រើបំពង់ «សំនាយរ៉ាដ្យូម» (ក្រោយមកគេស្គាល់ថាជារ៉ាដុង) ដែលបាញ់ឧស្ម័នវិទ្យុសកម្មគ្មានពណ៌​ដែលបញ្ចេញដោយរ៉ាដ្យូម។ ម៉ារី​បានចែករំលែក​ធាតុរ៉ាដ្យូមដែល​ខ្លួនបានបន្សុទ្ធ សំរាប់យកប្រើក្នុងបំពង់នេះ។ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងភ្លាម គាត់ក៏បានឧបត្ថម្ភ​មេដាយមាសរង្វាន់ណូបែល​របស់ខ្លួននិងស្វាមី​ទាំងអស់​សំរាប់បុព្វហេតុសង្គ្រាម។ គាត់ក៏ជាសមាជិកសកម្មរបស់​គណកម្មាធិការ​ជនជាតិប៉ូឡូញនៅបារាំង (Polish Polonia in France)សំរាប់បុព្វហេតុជនជាតិប៉ូឡូញ។[២៨]

ពេលក្រោយសង្គ្រាម

ក្នុង​ឆ្នាំ ១៩២១ ស្កូដូស្កា គុយរី បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​អធិកអធម នៅ​ពេល​ដែល​លអ្នក​ស្រីធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​តម្កើង​មូលនិធិ​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​រ៉ាដ្យូម ។ ការ​ឃ្លាត​ឆ្ងាយ​ពី​កិច្ច​ការ​វិទ្យាសាស្ត្រ​នេះ និង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​អ្នកស្រី​ហេវហត់​ទាំងកម្លាំង និង​ស្មារតី​ជាខ្លាំង ប៉ុន្តែ​វា​បាន​ផ្ដល់​ឲ្យគាត់​នូវ​ធនធានជា​ច្រើន​ដែល​សុទ្ធ​ជា​តម្រូវការ​សម្រាប់​ការងារ​របស់​អ្នក​ស្រី ។ ដំនើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ជា​លើក​ទីពីរ​នៅ​ឆ្នាំ​១៩២៥ ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ជោគ​ជ័យ​ម្ដង​ទៀត និង​ទទួល​បាន​ការ​ផ្គត់ផ្គង​គ្រឿង​បរិក្ខារ​សម្រាប់​វិទ្យស្ថានរ៉ាដ្យូម​វារស្វ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៥ ជាមួយ​បងស្រី ប្រូនីសាវ៉ា ជា​នាយក ។

ក្នុងមជ្ឈិមវ័យ ស្កូដូស្កា គុយរី​បានដឹកនាំវិទ្យាស្ថានប៉ាស្ទ័រ​និងមន្ទីរពិសោធន៍វិទ្យុសកម្មមួយ​ដែល​សាកលវិទ្យាល័យប៉ារីស​បានស្ថាបនា​ដើម្បីអ្នកស្រី។

មរណភាព

រូបសំណាកឆ្នាំ១៩៣៥, ទល់មុខវិទ្យាស្ថានរ៉ាដ្យូម​នៅវ៉ាស្សារវ៉ា

ស្កូដូស្កា គុយរីធ្វើទស្សនកិច្ចទៅប៉ូឡូញ​ជាលើកចុងក្រោយ​នៅនិទាឃរដូវឆ្នាំ១៩៣៤។[១១] ៣ខែក្រោយមកគឺនៅថ្ងៃទី៤ កក្កដា ១៩៣៤ គាត់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យសង់សែលឺម៉ូ(Sancellemoz Sanatorium) ក្នុងស្រុកប៉ាស់ស៊ី ខេត្តអូតសាវ័រ ( Passy, in Haute-Savoie) នៅភាគខាងកើតប្រទេសបារាំង ដោយសារជំងឺខ្វះគ្រាប់ឈាមក្រហម(aplastic anemia) ដែលបណ្ដាលមកពីត្រូវកាំរស្មីវិទ្យុសកម្មច្រើនពេក។[២៩] នាពេលនោះ​គេមិនបានដឹងពីផលប៉ះពាល់​របស់កាំរស្មីវិទ្យុសកម្មទេ។ ការងារពិសោធន៍របស់គាត់​ធ្វើឡើង​ដោយគ្មានវិធានការការពារសុវត្ថិភាព​បានត្រឹមត្រូវ។ គាត់ដាក់បំពង់ពិសោធន៍ដែលមាន​អ៊ីសូតូបវិទ្យុសកម្ម​នៅតាម​ហោប៉ៅ និងរក្សាធាតុទាំងនោះ​ក្នុងថតតុរបស់គាត់ និងសប្បាយនឹងមើល​ពន្លឺភ្លើងពណ៌បៃតងខៀវ​ដែលសារធាតុទាំងនោះបញ្ចេញនៅពេលងងឹត។[៣០]

គាត់ត្រូវគេបញ្ចុះ​នៅឈាបនដ្ឋាន​នៅស្រុកសូ ខេត្តអូដឺសែន (Sceaux, Hauts-de-Seine) នៅក្បែរស្វាមី។ ៦០ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៩៥ ដើម្បីជាកិត្តិយសដល់ស្នាដៃរបស់អ្នកទាំង២ គេក៏បានរើផ្នូររបស់អ្នកទាំង២​ទៅ វិមានប៉ង់តេអុង (Panthéon) នៅប៉ារីសវិញ។

បន្ទប់ស្រាវជ្រាវរបស់គាត់​ត្រូវគេរក្សាទុក​ជា សារមន្ទីរគុយរី។

សៀវភៅនិង​សារណារបស់គាត់តាំងពីឆ្នាំ១៨៩០​ត្រូវគេចាត់ទុកថា​មានគ្រោះថ្នាក់ខ្លាំង​មិនអាចប៉ះពាល់​បាន ដោយសារតែវាមានជាតិវិទ្យុសកម្មខ្លាំងពេក។ គេរក្សាទុកសៀវភៅទាំងនោះ​ក្នុងប្រអប់សំណ ហើយអ្នកដែលចង់​បើកមើលវា​ត្រូវតែពាក់សំលៀកបំពាក់​ដែលការពារជាតិវិទ្យុសកម្ម។[៣១]

ស្នាដៃ

រូប​សំណាក, សកលវិទ្យាល័យ ម៉ារីយ៉ា ស្កូដូស្កា, លូប៊្លីន, ប៉ូឡូញ

ទិដ្ឋភាព​រូបវិទ្យា និង សង្គមវិទ្យា​នៃ​ស្នាដៃ​របស់​គ្រួសារ​គុយរី បាន​ផ្ដល់​វិភាគទាន​យ៉ាង​សំខាន់​ដល់​ការ​កែទម្រង់​ពិភពលោក​នា​សតវត្សរ៍​ទី​២០ និង ទី ២១។ លោក​សាស្ត្រាចារ្យប្រចាំ​សកលវិទ្យាល័យ Cornell, L. Pearce Williams, បាន​សង្កេត​ឃើញ​ថា ៖

លទ្ធផល​ការងារ​របស់ គ្រួសារ​គុយរី ជា​ស្នាដៃ​ប្រចាំ​យុគសម័យ​មួយ​។ វិទ្យុសកម្ម​របស់​រ៉ាដ្យូម វា​សំបើម​ណាស់ រហូត​ដល់​គេ​មិន​អាច​បំភ្លេច​ចោល​បាន​។ វា​ទំនង​ជា​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ថាមពល ហើយ​ដូច្នេះ បាន​ធ្វើ​ឱ្យ​គេ​ពិចារណា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យា​ឡើង​វិញ​។ នៅ​លើ​កម្រិត​នៃ​ពិសោធន៍ របក​គំហើញ​រ៉ាដ្យូម បាន​ផ្ដល់​ដល់​បុរស​ដូច​ជា​លោក អឺណេស រូធើហ្វដ(Ernest Rutherford) នូវ​ប្រភព​វិទ្យុសកម្ម​ ដែល​គាត់​អាច​យក​ទៅ​ប្រើ​ដើម្បី​សិក្សា​ទម្រង់​អាតូម​បាន​។ លទ្ធផល​​ពិសោធន៍​របស់​ រូធើហ្វដ ក្រោម កាំរស្មីអាល់ហ្វា, អាតូម​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​ស្នើ​ឡើង​ជា​លើក​ដំបូង​។ ក្នុង​វិស័យ​វេជ្ជសាស្ត្រ វិទ្យុសកម្ម​របស់​រ៉ាដ្យូម អាច​ឱ្យ​គេ​ប្រើ​ប្រាស់​ជា​មធ្យោបាយ​កំចាត់​ដំបៅ​មហារីក​បាន។[២១]

បើ​ស្នាដៃ​របស់​ម៉ារីយ៉ា ស្កូដូស្កា គុយរី​ បាន​ធ្វើ​ឱ្យ​ក្រឡាប់ចាក់​ពិភព​គីមី​វិទ្យា និង រូប​វិទ្យា នោះ វា​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ស៊ីជម្រៅ​ដល់​សង្គម​វិទ្យា​ផង​ដែរ​។ ដើម្បី​សម្រេច​បាន​ស្នាដៃ​វិទ្យាសាស្ត្រ​ដ៏​សំបើម​ទាំង​នេះ អ្នក​ស្រី​បាន​ជម្នះ​​ឧបសគ្គ​នៅ​លើ​វិថី ព្រោះ​គាត់​ជា​ស្ត្រី, ទាំងនៅ​ក្នុង​ប្រទេស​កំណើត និង ប្រទេស​ទី​ពីរ​។ ទិដ្ឋភាព​បែប​នេះ​នៃ​ជីវិត និង អាជីព​របស់​គាត់ ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​សៀវភៅ​ Marie Curie: A Life (ម៉ារី គុយរី៖ ឆាកជីវិតមួយ) សរសេរដោយ ហ្វ្រង់ស្វ័រ ហ្គីរ៉ូ (Françoise Giroud) , ដែល​បាន​បញ្ជាក់​អំពី​តួនាទី​របស់ ស្កូដូស្កា ក្នុង​ការ​លើក​តម្កើង​តួនាទីស្ត្រី​ភេទ។ អ្នក​ស្រី​ជា​មនុស្ស​នាំ​មុខ​គេ ឯករាជ្យ ម្ចាស់​ការ និង ជា​ពិសេស​ មិន​ចេះ​ឈ្លក់​វង្វេង​នឹង​កិត្តិយស​ដ៏​សំបើម​ដែល​ខ្លួន​បាន​ទទួល​។ គេ​បាន​ឱ្យ​ដឹង​ថា អាល់បឺត អែងស្តែង បាន​កត់សម្គាល់​ថា ម៉ារីយ៉ា គុយរី ប្រហែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​មិន​ឈ្លក់​វង្វេង​នឹង​កិត្តិយស​ដែល​ខ្លួន​បាន​ទទួល​។[៣២]

រង្វាន់

ម៉ារី ស្កូដូស្កា គុយរី ជាស្ត្រីទិមួយដែលបានទទួលរង្វាន់ណូបែល និងជាមនុស្សទីមួយដែលបានទទួលរង្វាន់ណូបែលពីរដង។

  • រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
  • មេដាយដាវី (១៩០៣)
  • មេដាយម៉ាតេអ៊ុជី (១៩០៤)
  • មេដាយអិលលៀត ក្រេសសុន (១៩០៩)
  • រង្វាន់ណូបែលផ្នែកគីមីវិទ្យា (១៩១១)

ជីវិតរបស់អ្នកវិទ្យាសាស្ត្រមិនសុទ្ធតែឆើតឆាយទេ។ គ្រួសារគុយរីធ្លាប់មានគេរាយការណ៍​ថាបានប្រើប្រាស់​ប្រាក់រង្វាន់ដើម្បី​យកមកដូវក្រដាស់បិទជញ្ជាំង​ក្នុងផ្ទះនៅប៉ារីស និងដើម្បីទិញបរិក្ខារទំនើបសំរាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក។ [៣៣]

កិត្តិយស

  • អ្នក​ស្រី​ គុយរី ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស légion d’honneur របស់​បារាំង​។ នៅ​ប៉ូឡូញ អ្នក​ស្រី​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ពី Lwów Polytechnic (1912), Poznań University (1922),Kraków’s Jagiellonian University (1924), និង Warsaw Polytechnic (1926)។
  • កូន​ស្រី​ច្បង​របស់​គាត់, អ៊ីរ៉ែន ហ្សូល្យុត គុយរី, បាន​ទទួល​រង្វាន់​ណូបែល​នៅ​ឆ្នាំ ១៩៣៥ ដោយ​សារ​បាន​រក​ឃើញ​ថា អាលុយមីញ៉ូម​អាច​ធ្វើ​ឱ្យ​ទៅ​ជា​ធាតុ​វិទ្យុសកម្ម និង បញ្ចេញណឺត្រុង នៅ​ពេល​បុក​នឹង កាំរស្មីអាល់ហ្វា។ កូន​ស្រី​ពៅ​របស់​អ្នក​ស្រី​គុយរី, អែវ គុយរី ក្រោយ​មក​បាន​សរសេរ​ជីវប្រវត្តិ​របស់​ម្ដាយ​ខ្លួន​។
  • Michalina Mościcka, ភរិយា​របស់​ប្រធានាធិបតី​ប៉ូឡូញ Ignacy Mościcki, បាន​សម្ពោធ​រូប​សំណាក ម៉ារី គុយរី ក្នុង​ឆ្នាំ ១៩៣៥ ដែល​តាំង​នៅ​ពី​មុខ​វិទ្យាស្ដាន​រ៉ាដ្យូមវ៉ារស្សាវ៉ា ​ ដែល​វិទ្យាស្ថាន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ម៉ារី គុយរី។ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍, ក្នុង​អំលុង​ពេល​បះបោរវ៉ារស្សាវ៉ា ឆ្នាំ ១៩៤៤, រូប​សំណាក​នោះ ត្រូវ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​គ្រាប់​កាំភ្លើង​។ ក្រោយ​សង្គ្រាម, នៅ​ពេល​ដែលគេ​ចាប់​ផ្ដើម​ធ្វើ​ការ​​ជួសជុល, គេ​បាន​សម្រេច​ចិត្ត​រក្សា​ស្លាកស្នាម​គ្រាប់​កាំភ្លើង​នៅ​លើ​រូប​សំណាក​ដដែល​។[១១]
  • ក្នុង​ឆ្នាំ ១៩៦៧, សារមន្ទីរ​មួយ​ឧទ្ទិស​ដល់​ ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ New Town នៃ​ក្រុង​វ៉ារស្សាវ៉ា, នៅ​ស្រុក​កំណើត​របស់​អ្នក​ស្រី​នៅ​ផ្លូវ ulica Freta ។[១១]
  • ឆ្នាំ ២០១១ ត្រូវ​បាន​ប្រកាស​ដោយ​បារាំង និង ប៉ូឡូញ ថា​ជា​ឆ្នាំ ម៉ារី គុយរី ។ “Madame Curie,” ដែល​តាំង​បង្ហាញ​នៅ​ហ្កាឡឺរី ហ្សាកូប ក្នុង​នៅ​សារមន្ទីរសិល្បៈ​សហសម័យ, ជា​ពិព័រណ៍​សិល្បៈ​មួយ​ដើម្បី​អបអរ​ដល់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​។[៣៤]

វិមានប៉ង់តេអុងនៅប៉ារីស

  • ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​ល្បី​បំផុត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ម៉ារី គុយរី ជា​និមិត្តរូប​មួយ​ក្នុង​ពិភព​វិទ្យាសាស្ត្រ​ ហើយ​ ទទួល​បាន​នូវ​ការ​គោរព និង យក​គំរូ​តាម​ជា​ច្រើន​។
  • ក្នុង​ឆ្នាំ ១៩៩៥ អ្នក​ស្រី​ក្លាយ​ជា​ស្ត្រី​ទី​មួយ ដែល​ទទួល​បាន​កិត្តិយស​ត្រូវ​បានបញ្ចុះ​សព​ ក្នុង​វិមានប៉ង់តេអុងនៅប៉ារីស ដោយ​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់, រួម​ជា​មួយ​នឹង​សព​ស្វាមី​របស់​អ្នក​ស្រី លោកសាស្ត្រាចារ្យ ព្យែរ គុយរី។
  • ឯកតា​វិទ្យុសកម្ម គុយរី (តាងដោយ Ci) ជា​ឈ្មោះ​ដែល​គេ​ផ្ដល់​កិត្តិយស​ដល់​អ្នក​ស្រី និង ស្វាមី[៣៥][៣៦] និង ជា​ឈ្មោះ​សម្រាប់​ធាតុ​គីមី​មាន​ចំនួន​អាតូមិច ៩៦ –គុយរីយ៉ូម។
  • រ៉ែ​វិទ្យុសកម្ម​បី ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​គ្រួសារ​គុយរី ៖ គុយរីត (curite), ស្កូដូស្គីត (sklodowskite), និង គុយប្រូស្កូដូស្គីត (cuprosklodowskite)។
  • រូប ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​បោះពុម្ព​នៅ​លើ​ក្រដាសប្រាក់ ២០ ០០០​ ស្លូទី របស់​ប៉ូឡូញ​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៨០។ គេ​ឃើញ​រូប​របស់​គាត់​នៅ​លើ​តែម និង លុយ​កាក់ ព្រម​ទាំង​ក្រដាស​ប្រាក់ ៥០០ ហ្វ្រង់​របស់​បារាំង​ផង​ដែរ​។
  • ក្នុង​ការ​ស្ទង់​មតិ​មួយ​នា​ឆ្នាំ ២០០៩ ដែល​ធ្វើ​ឡើង​ដោយ New Scientist, ម៉ារី គុយរី ត្រូវ​បាន​គេ​បោះឆ្នោត​ជា the most inspirational woman in science”។ គុយរី ទទួល​បាន​សំឡេង​ឆ្នោត ២៥,១ ភាគ​រយ ដែល​ច្រើន​ជាង អ្នក​ជាប់​លេខ​២ Rosalind Franklin ជិត​ពីរ​ដង (១៤,២ ភាគ​រយ)។[៣៧][៣៨]
  • វិទ្យាស្ថាន​ប៉ូឡូញ ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖
  • សកលវិទ្យាល័យ ម៉ារីយ៉ា គុយរី ស្កូដូស្កា, នៅ លូប៊្លីន បង្កើត​ក្នុង​ឆ្នាំ ១៩៤៤

តែម​សំបុត្រ​របស់​សូវៀត

  • វិទ្យាស្ថាន​ផោដវិជ្ជា(មហារីក) ម៉ារីយ៉ា ស្កូដូស្កា គុយរី នៅ វ៉ាសូវី (វ៉ារសាវ៉ា បើ អាន​តាម​ប៉ូឡូញ)
  • វិទ្យាស្ថាន​បារាំង ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖
  • សកលវិទ្យាល័យ ព្យែរ និង ម៉ារី គុយរី, សកលវិទ្យាល័យ​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង វេជ្ជសាស្ត្រ ធំ​បំផុត​នៅ​ប្រទេស​បារាំង និង ជា​អ្នក​បន្ត​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៃ​សកល​វិទ្យា​ប៉ារីស កន្លែង​ដែល​ម៉ារី គុយរី បង្រៀន​។ សកលវិទ្យាល័យ​នេះ ជា​មន្ទីរ​ពិសោធន៍ ដែល​គូស្វាមី​នេះ បាន​រក​ឃើញ រ៉ាដ្យូម​។
  • វិទ្យាស្ថាន​គុយរី និង សារមន្ទីរ គុយរី នៅ​ប៉ារីស
  • ក្នុង​ឆ្នាំ ២០០៧ ស្ថានីយ​មេត្រូ ព្យែរ​គុយរី ត្រូវ​បាន​ប្កូរ​មក​ជា ស្ថានីយ ព្យែរ និង ម៉ារី គុយរី
  • វិទ្យាស្ថានអាមេរិចកាំង​ ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖

មេដៃយ៉ុង ម៉ារី ស្កូដូស្កា គុយរី, សកលវិទ្យាល័យនៅ​ បាហ្វហ្វេឡូ

  • សហគម គុយរី នៅសាលា​វេជ្ជសាស្ត្រ Loyola University Stritch School, នៅ ឈីកាកូ, ដែល​សាល​ធំ​របស់​កូនសិស្ស​សម្រាប់​ធ្វើ​ពិធី​រំលឹក នៅ​សកលវិទ្យាល័យ
  • នៅ Bayside, Queens, ញូវយ៉ក, មាន​សាលា​មួយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Marie Curie Middle School 158, មាន​ឯកទេស​ខាង​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា; ហើយ សាលា Curie Metropolitan High School – ឋិត​នៅ Archer Heights, Chicago, នៅ Southwest Side, Chicago – ដែល​មាន​កម្មវិធី បច្ចេកទេស ការ​សំដែល​សិល្បៈ និង បាក់អន្តរជាតិ​។
  • មេដៃយ៉ុង ម៉ារី ស្កូដូស្កា គុយរី ដែល​ជា​ផ្ទាំង​កញ្ចក់​ពណ៌​មួយ ដែល​បង្កើត​ដោយ Jozef C. Mazur ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ បន្ទប់ ប៉ូឡូញ​ របស់ សកលវិទ្យាល័យ​នៅ បាហ្វហ្វេឡូ។
  • Greer Garson និង Walter Pidgeon ដើរ​តួ​ក្នុង​ខ្សែភាពយន្តអាមេរិច ជាប់​បេក្ខភាព​រង្វាន់​អូស្ការ ឆ្នាំ ១៩៤៣, រឿង Madame Curie, ដែល​ថត​ឡើង​ដោយ​ផ្អែក​លើ​ជីវិត​ពិត​របស់​អ្នក​ស្រី​។ “Marie Curie” ក៏​ជា​ឈ្មោះ​តួ​ក្នុង​រឿង​កំប្លែង ឆ្នាំ ១៩៨៨ ផងដែរ គឺ រឿង Young Einstein, ផលិត​ដោយ Yahoo Serious។
  • ថ្មីៗ​នេះ ក្នុង​ឆ្នាំ ១៩៩៧ ភាព​យន្ត​បារាំង​ស្ដី​អំពី ព្យែរ និង ម៉ារី​ គុយរី រឿង Les Palmes de M. Schutz ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​។ ខ្សែ​ភាព​យន្ត​ត្រូវ​បាន​គេ​ថត​ដោយ​លំនាំ​តាម​រឿង​ល្ខោន​ ដែល​មាន​ចំណងជើង​ដូច​គ្នា​។ ក្នុង​ខ្សែ​ភាព​យន្ត​នេះ ម៉ារី គុយរី ត្រូវ​បាន​ដើ់រ​តួ​ដោយ Isabelle Huppert ។ ខុស​ពីខ្សែ​ភាព​យន្ត​ឆ្នាំ ១៩៤៣, Les Palmes de M. Shutz មាន​លក្ខណៈ​កំប្លែង​បន្តិច​។
  • យន្តហោះ McDonnell Douglas MD-11 របស់​ក្រុមហ៊ុន KLM (ចុះ​បញ្ជី​ឈ្មោះ PH-KCC) បាន​ចារ​ឈ្មោះ ម៉ារីយ៉ា គុយរី នៅ​លើ​ក្បាល​យន្តហោះ ដើម្បី​ជា​ការផ្ដល់​កិត្តិយស​ដល់​អ្នក​ស្រី​។[៣៩]
Advertisements

About rckbook

I'm a person who like reading books in free time.

One response »

  1. Iphone Repair Miami
    I really like your writing style, good information, appreciate it for posting Iphone Repair Miami

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s