អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)

តាមទស្សនៈថ្មី គេបានចាត់ទុកថា ប្រវត្តិសាស្ត្រ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងប្រវត្តិសាស្ត្រខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដីម៉្លោះហើយពត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្ររាជវង្សានុវង្ស នាម៉ឺន ចម្បាំងចំណែកឯពត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និង មែកធាងឯទៀតនៃ វប្បធម៌ និង សង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយ ក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។

នេះគឺជា ប្រវត្តិសាស្ត្រខ្មែរ
Angkor Wat W-Seite.jpg
កាលប្រវត្តិ
បុរេប្រវត្តិ
ហ្វូណន (៦៨ – ៥៥០)
ចេនទ្បា (៥៥០ – ៨០២)
(ដីគោក -ទឹកលិច)
ចក្រភពខ្មែរ (៨០២ – ១៤៣១)
(ដើមអង្គរ -មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា ១៤៣៧ – ១៨៦៣
(ចតុមុខ -លង្វែក-ឧដុង្គ)
ការបាត់បង់តំបន់ដីសណ្ដទន្លេមេគង្គទៅយួន
សម័យអាណានិគមនិយម (បារាំង-ជប៉ុន) (១៨៦៣ – ១៩៥៣)
សង្គមរាស្ត្រនិយម (១៩៥៤ – ១៩៧០)
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ (១៩៧០ – ១៩៧៥)
សង្គ្រាមក្នុងស្រុក
ការលុកលុយសង្គ្រាមវៀតណាម១៩៧០
របបខ្មែរក្រហម (១៩៧៥–១៩៧៩)
សង្គ្រាមកម្ពុជា-វៀតណាម (១៩៧៥–១៩៨៩)
សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ – ១៩៩៣)
អ៊ុនតាក់ (១៩៩២ – ១៩៩៣)
កម្ពុជាសម័យទំនើប (១៩៩៣ – សព្វថ្ងៃ)

នយោបាយ

របបនយោបាយ

ព្រះរាជា៖ជីវភាព និងអំណាច

ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថាព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា ទេវតា ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេកអោយឡើងសោយរាជ្យសម្បត្តិ (manger la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។
គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ពសៀម និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមានគ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យរឺព្រះខាន់ជ័យ នេះទៅក្នុងចំណោមគ្រឿងបញ្ចក្សេត្រ វិញដែលគេហៅថាបញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖

  1. ព្រះមកុដ
  2. ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)
  3. ព្រះខាន់
  4. ស្វេតច្ឆត្រ
  5. ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)

ប្រភពដែលបាននិយាយទៀតថា: ” កាលនឹងស្ដេចចេញទៅធ្វើរាជសង្គ្រាមក៏ត្រូវយក ព្រះខាន់ជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខាន់ ប្រហារអោយវិនាសទៅបាន រួមសេចក្ដីទៅថាត្រូវតែសម្លាប់ដោយកិត្តិយស” ។ ទោះបីចាប់ពីរជ្ជកាលព្រះបាទត្រសក់ផ្អែមតមក ខ្មែរយើងកាន់ខ្ជាប់តែព្រះពុទ្ធសាសនាហីនយានក៏ដោយ តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួកបាគូ​ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងហើយនឹងមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែផង ។ ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំងនាសម័យអង្គរ ដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាង​ព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរ ថាកាលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទបានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជា កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ។ រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះមានសារៈសំខាន់ណាស់ ។ បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះពួករាជគ្រូបុរោហិតបាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។ ដូច្នេះ យើងឃើញថាអំណាចរបស់ព្រះរាជាស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ អំណាចទាំងឡាយមានប្រភពចេញមកពីព្រះរាជា ។ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។ ព្រះអង្គក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវទាំងខាងក្រៅប្រទេសក៏ដូចជាខាងក្នុងប្រទេស : ដោយហេតុនេះបានជាយើងឃើញ ព្រះស្រីរាជា លើកទ័ពផ្ទាល់ព្រះអង្គទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះសត្ថាទី១សុទ្ធតែបានលើកទ័ពវាយយកទឹកដីខ្មែរដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់រាជធានីស្រីអយុធ្យា ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹកក្រោយពីប្រជល់ដំរីចាញ់ខ្មែរ ។ ដោយសារព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជាមេសាសនាផងដែរ ។​ ព្រះអង្គមានសិទ្ធិជ្រើសរើសព្រះសង្ឃនិងមានសិទ្ធិដកសក្ដិពីមន្ត្រីប្រភេទនេះទៀត ។ ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូង មានសិទ្ធិអោយស្លាប់ អោយរស់លើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ ទសពិធរាជធម៌ មាន ទាន សីល នេះជាដើម ។ ដូច្នេះ ទោះបីព្រះរាជាជាប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយក៏ពុំមានសេចក្ដីថា ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ។ ផ្ទុយទៅវិញព្រះអង្គត្រូវប្រកប ដោយសីលធម៌អោយបរិបូរណ៌ និងគោរពច្បាប់ថែមទៀតផង ។ ការដែលមានព្រះរាជាខ្លះដូចជា ចៅពញាអន និងចៅពញាញោម ពុំគោរពក្រិត្យវិន័យសម្រាប់ក្សត្រទ្រង់រាជ្យហើយបែរជាប្រព្រឹត្តអំពើអបាយមុខរំលោភលើរូបប្រពន្ធកូនអ្នកដទៃបណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេសនោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិ​ដែលត្រូវមានករណីយកិច្ចមើលសុខទុក្ខលើអាណាប្រជានុរាស្ត្រទេ ។ ក្នុងសម័យកាលដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថាព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់បានគង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានីភ្នំពេញ ចតុមុខ រាជធានីលង្វែកនិងរាជធានីទួលបាសានស្រីសន្ធរ ។ តាមពត៌មានដែលឯកសារផ្សេងៗ បានផ្ដល់និងតាមដែលយើង អាចពិនិត្យឃើញពេលសព្វថ្ងៃនេះ ឃើញថាទីតាំងនៃរាជធានីទាំងនោះសុទ្ធតែជាចំណុចយុទ្ធសាស្ត្រស្ថិតនៅជិតទន្លេ បឹង និងព្រៃ ជាឧបសគ្គសម្រាប់ការពារខ្លួនបានស្រួល ។ ម្យ៉ាងទៀត រាជាធានីនីមួយៗសុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយមានសើននៅច្រើនកន្លែងសម្រាប់ការពារទៀត ។ រាជធានីលង្វែកជាបន្ទាយមាំមួយជាងបន្ទាយឯទៀត នេះគឺដោយសារតែមានព្រៃឫស្សីយ៉ាងក្រាស់ដែលព័ទ្ធពីក្រៅគូទឹកទៀត ប៉ុន្តែនៅតែធ្លាក់ក្នុងកណ្ដាប់ដៃសៀម ដោយខ្មែរយើងចាញ់កលល្បិចគេ ។ គួរគប្បីបញ្ជាក់ថា ក្រៅពីអគ្គមហេសីព្រះរាជានៅមានស្រីស្នំស្រឹង្គារជាច្រើនទៀត ដែលគេអាច ចែកការងារជាច្រើនថ្នាក់ គឺពីទាបទៅខ្ពស់៖

  • អ្នកនាង (ឧ.អ្នកនាងពៅ មាតារបស់ព្រះជ័យជេដ្ឋាទី១ និងចៅពញាតន់)
  • អ្នកម្នាង (ឧ.អ្នកម្នាងទេវី មាតាព្រះនរាយណ៍រាជា)
  • ព្រះម៉ែនាង (ឧ.ព្រះម៉ែនាងវង មាតាចៅពញាអន)
  • ព្រះម្នាង (ឧ.ព្រះម្នាងកេសរមាលា មាតាស្រីសុរិយោពណ៌)

ពេលសោយទីវង្គតទៅ គេតែងលើកព្រះសពតំកល់ក្នុងកោដ្ឋ ធ្វើបុណ្យថ្វាយព្រះភ្លើង រួចយកបរមអដ្ឋិធាតុទៅបញ្ចុះក្នុងចេតិយដែលច្រើនតែសាងនៅលើភ្នំ ដូចជាភ្នំដូនពេញ (ចេតិយព្រះបរមរាជាទី២ចៅពញាយ៉ាត) ភ្នំរាជទ្រព្យ (ចេតីយព្រះចន្ទរាជា) ។ ល ។ ក្នុងករណីគូបដិបក្សជាប់ញាតិវង្ស ហើយត្រូវធ្វើគុត ក៏ព្រះរាជាតែងធ្វើបុណ្យថ្វាយព្រះភ្លើង​ដល់ព្រះសពអោយសមឋានៈជាក្សត្រដែរ ដូចជា ព្រះធម្មរាជាទី១ ទ្រង់បានសុំសពព្រះរៀមគឺព្រះស្រីរាជា និងក្មួយគឺ ស្រីសុរិយោទ័យ ពីព្រះចៅសៀម និងព្រះចន្ទរាជា បានបញ្ជាអោយគេយកសព ពញាអុង ពីសមរភូមិកាលដែលលើកទ័ពចូលមកវាយខ្មែរ ដើម្បីយកទៅធ្វើពិធីថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ ។

ពួកបរិវារ

គេឃើញមានជាអាទិរាជវង្សានុវង្សគឺ៖ ឧភយោរាជ : តាមន័យដើម ពាក្យនេះមានន័យថា ក្សត្រដាក់រាជ្យអោយអង្គណាមួយ សោយតំណាងព្រះអង្គ ទទួលរាជសក្ដិជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជ្យ និងក្សត្រឧបរាជទាំងពីរអង្គ អោយស្ថិតនៅក្នុងទសពិធរាជធម៌ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញ ឧភយោរាជជាក្សត្រដែលមានព្រះឋានៈបន្ទាប់ពីក្សត្រទ្រង់រាជ្យ (ឧ.ព្រះស្រីសុរិយោពណ៌) ។

ឧបរាជ ឬ មហាឧបរាជ : ឋានៈជា ឧបរាជ នេះមានមកជាយូរណាស់មកហើយ ។ គេជ្រើសរើស ឧបរាជ ក្នុងចំណោមបុត្រច្បង ឬ អនុជក្សត្រទ្រង់រាជ្យដែលមានគុណវុឌ្ឍីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធ តែមានដំណើរប្រព្រឹត្តទៅបែបនេះទេ ព្រោះកាលដែលព្រះ សត្ថាទី១ ដាក់រាជ្យថ្វាយទៅព្រះរាជាបុត្រច្បងនាមព្រះជ័យជេដ្ឋាដែលមានព្រះជន្ម១១វស្សាអោយឡើងសោយរាជ្យនិងលើកព្រះរាជបុត្របន្ទាប់នាម ចៅពញាអន ដែលមានព្រះជន្មទើបបាន៦វស្សា អោយឡើងឋានៈជាឧបរាជនោះ អំពើនេះធ្វើអោយមានការអាក់អន់ស្រពន់ចិត្តច្រើន ក្នុងចំណោមនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រ ។

ព្រះវររាជមាតា ឬ ព្រះវររាជអយ្យកា ក៏ទំនងជាមានឥទ្ធិពលខ្លាំងក្លាណាស់ដែរ ព្រោះកាលដែលព្រះកែវហ៊្វាទី១ ចៅពញាញោម មិនប្រកបដោយទសពិធរាជធម៌សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអយ្យកាបានជំនុំនឹងមន្ត្រី រួចផ្ញើរសារទៅក្រុងអយុធ្យា ក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះស្រីសុរិយោពណ៌ អោយចេញមកក្រុងកម្ពុជាធិបតីវិញ ។

ចៅហ៊្វាទឡ្ហៈ : បើប្រៀបធៀបនឹងសព្វថ្ងៃ ចៅហ៊្វាទឡ្ហៈ មានបណ្ដាសក្តិស្មើនឹង នាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីទី១ ។ បន្ទាប់ពី ចៅហ៊្វាទឡ្ហៈ មកគេឃើញមានមន្ត្រីជាន់ខ្ពស់ ៤រូបទៀត ដែលមានមុខងារជាអ្នកសម្រេចរាជការ និងគ្រប់គ្រងផែនដីរួម និងព្រះមហាក្សត្រ ។ មន្ត្រីជាន់ខ្ពស់ទាំង៤នេះគេចាត់ដូចសសរជើងរៀងទាំង ៤​ នៃប្រាសាទ ទើបមាននាមរួមថាចតុស្ដម្ភ :

  • ឧកញ៉ាក្រឡាហោម
  • ឧកញ៉ាវាំង
  • ឧកញ៉ាយមរាជ
  • ឧកញ៉ាចក្រី ។

មហាតលិក : នេះជាមន្ត្រីខ្ញុំរាជការដែលមានងារគាល់បម្រើព្រះរាជា ។ ស្ដេចកន កាលពីដើមជា មហាតលិក មួយរូបដែលត្រូវបានព្រះបាទស្រីសុគន្ធបទ តម្ដើងអោយឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច

ហោរា : ជាមន្ត្រី១ប្រភេទដែលមានមុខងារសំខាន់ណាស់ដែរ ព្រោះក្នុងសម័យនោះ តាំងពីក្សត្រទ្រង់រាជ្យដល់អាណាប្រជានុរាស្ត្រសុទ្ធ តែមានជំនឿលើការទស្សន៍ទាយ ។ មុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញ ព្រះបរមរាជាទី២ ចៅពញាយ៉ាត ទ្រង់បានបញ្ជា ឧកញ៉ាហោរាធិបតីខៀវ និងមន្ត្រីឯទៀតអោយមកពិនិត្យមើលក្នុងកន្លែងតាមក្បួនហោរាសិន ។ ឯព្រះបាទស្រីសុគន្ធបទ ពេលទ្រង់ យល់សុបិន្តឃើញនាគដេញពាំស្វេតច្ឆត្រ ក៏បានអោយហោរាទស្សន៍ទាយទៅឃើញថាមានគេចង់ជ្រែករាជ្យ គឺស្ដេចកននេះឯង ។

ចៅជិត ចៅចម : ចៅជិត គឺពួកស្ត្រីជាព្រះរាជបរិវារ មានមុខងារក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ឯចៅចមគឺពួកស្ត្រីជារាស្ត្រសាមញ្ញដែលគេថ្វាយអោយធ្វើជាមហេសីស្ដេចបានដល់ពួកស្រីស្នំស្រឹង្គារនេះឯង ។

ការបន្តរាជសម្បត្តិ

ជាទូទៅ គេសង្កេតឃើញរាជសម្បត្តិត្រូវបានបន្ត​ពីបិតាជាក្សត្រទ្រង់រាជ្យទៅបុត្រ បានសេចក្ដីថានៅពេលដែលព្រះបិតាសោយទិវង្គតទៅ ឬក៏ដាក់រាជ្យ គឺបុត្រច្បងត្រូវមានសិទ្ធិឡើងសោយរាជ្យស្នង ហើយប្រសិនបើបុត្រច្បងត្រូវសុគតមុនសោយរាជ្យ គឺបុត្របន្ទាប់មានសិទ្ធិសោយរាជ្យស្នងព្រះបិតា ។ ដោយហេតុនេះហើយទើបយើងឃើញ ព្រះនារាយណ៍រាជាឡើងសោយរាជ្យស្នងព្រះបរមរាជាទី២ចៅពញាយ៉ាត ព្រះសត្ថាទី១ សោយរាជ្យស្នងព្រះបរមរាជាទី៤ ឯព្រះបរមរាជាទី៤ បានសោយរាជ្យ ស្នងពីព្រះចន្ទរាជា ព្រោះបុត្រច្បងនាម រាមាធិបតី បានសុគតមុនសោយរាជ្យ (តាមរាជពង្សាវតារខ្លះថាត្រូវព្រះធរណីស្រូប) ។ ក្នុងករណីដែលក្សត្រទ្រង់រាជ្យពុំមានបុត្រសោយរាជ្យស្នងទេ សិទ្ធិនេះត្រូវបានទៅព្រះអនុជជាបន្តបន្ទាប់ ។ ព្រះចន្ទរាជា បានឡើងសោយរាជ្យជាតំណវង្សពីព្រះបាទស្រីសុគន្ធបទ ព្រោះរាជបុត្រក្សត្រអង្គនេះ គឺពញាយសរាជា បានសុគតមុនសោយរាជ្យ ។ ប្រសិនបើគេមិនគោរពទម្លាប់នេះទេនោះវិបត្តិច្បាស់ជាកើតឡើងចៀសមិនបាន ​: នេះគឺចជាករណីរបស់ ស្រីសុរិយោទ័យ ដែលត្រូវបានឡើងសោយរាជ្យស្នងព្រះបិតា គឺព្រះនារាយណ៍រាជាតែពុំដូច្នោះបែរជាបានទៅព្រះស្រីរាជា ជាអនុជសោយរាជ្យវិញ ជាហេតុនាំអោយមានចម្បាំងគ្នាឯងក្នុងស្រុកអស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) ។ ក្នុងសម័យកាលដែលយើងលើកយកមកសិក្សានេះ គេសង្កេតឃើញថាមានអន្តរាគមន៍របស់ពួកមន្ត្រីក្នុងការជ្រើសរើសក្សត្រ​អោយឡើងសោយរាជ្យ ហើយអន្ត្រាគមន៍នេះមាន ប្រសិទញធិភាពខ្លាំងណាស់ដែរ ។ យ៉ាងណាមិញព្រះស្រីរាជា ព្រះបរមរាជាទី៧ចៅពញាអន និងព្រះស្រីសុរិយោពណ៌សុទ្ធតែបានឡើងសោយរាជ្យ​ដោយសារតែអន្តរាគមន៍របស់នាម៉ឺនសព្វមុខមន្ត្រីនេះឯង ។ ក្នុងករណីដែលបុគ្គលណាមួយ ទោះជាមន្ត្រីជាន់ខ្ពស់ក្ដី ទោះជាជាប់ព្រះញាតិនឹងក្សត្រទ្រង់រាជ្យក្ដី តែបើពុំមានសិទ្ធិទទួលរាជសម្បត្តិទេ ហើយបែរជាប្រើកម្លាំងអាវុធដើម្បីបានឡើងសោយរាជ្យនោះគេអោយឈ្មោះហៅថាស្ដេចជ្រែករាជ្យ (ស្ដេចកន ព្រះរាមជើងព្រៃ) ។

នយោបាយក្នុងប្រទេស

គេសង្កេតឃើញមានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលអោយមានចម្បាំងគ្នាឯងក្នុងស្រុក : ចម្បាំងរវាងស្រីរាជា ស្រីសុរិយោទ័យ ធម្មរាជា អស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) និងចម្បាំងរវាងស្រីសុគន្ធបទ ស្ដេចកន ចន្ទរាជា (១៥០៩-១៥១២ និង ១៥១៦-១៥២៥) ។ មូលហេតុនៃចម្បាំងទាំងនេះ គឺបណ្ដាលពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម ។ យ៉ាងណាមិញ ព្រះស្រីសុរិយោទ័យ ច្បាំងនឹងព្រះស្រីរាជា មកតែពីគិតប្រយោជន៍ផ្ទាល់ គឺសិទ្ធិត្រូវបានសោយរាជ្យស្នងព្រះបិតា ព្រះបាទស្រីសុគន្ធបទ រកកលសម្លាប់ស្ដេចកន មកតែពីខ្លាចមន្ត្រីរូបនេះដណ្ដើមរាជសម្បត្តិ ព្រះសត្ថាទី១ បានដាក់រាជ្យថ្វាយទៅបុត្រដែលសុទ្ធតែមានវ័យក្មេងៗ ព្រោះតែខ្លាចរាជសម្បត្តិបានទៅព្រះអនុជគឺ ស្រីសុរិយោពណ៌ ដែលមានសមត្ថភាព និងមានប្រជាប្រិយភាពជាង ។ លុះជម្លោះកើតឡើងហើយ អ្នកដឹកនាំជាតិមិននិយមការដោះស្រាយ ដោយសម្របសម្រួលគ្នាទេបែរជាសុខចិត្ត​ទៅពឹងពាក់អោយបរទេសជិតខាងចូលមកផ្សះផ្សាវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ ។ ដោយហេតុនេះហើយ ទើបព្រះធម្មរាជា ទ្រង់បានទៅអន្ទងស្ដេចសៀមអោយលើកទ័ពចូលមក ធ្វើកលចាប់ព្រះស្រីរាជា និងស្រីសុរិយោទ័យ យកទៅស្រុកសៀមអស់ទៅ ។

នយោបាយក្រៅប្រទេស

នៅគ្រានោះខ្មែរមិនទាន់មានកង្វល់នៅព្រំដែនខាងកើតនៅឡើយទេ ព្រោះចាម្ប៉ាកំពុងតែជាប់ដៃធ្វើចម្បាំងជាមួយពួកលោកម្ចាស់ង្វៀន ដែលបានលេបទឹកដីរបស់រាជាណាចក្រនេះបន្តិចម្ដងៗ ។

ប៉ុន្តែព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះយកទឹកដីដែលត្រូវបាត់បង់ទៅតាំងពីស.វ.ទី១៣រៀងមក ។ គឺក្នុងគោលបំណងនេះហើយដែលព្រះស្រីរាជា ព្រះចន្ទរាជា ព្រះបរមរាជាទី៤ព្រះសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានី ស្រីអយុធ្យា ហើយរំដោះ យកបានទឹកដីមកវិញជាច្រើនមែន ។ ឯហេតុដែលនាំអោយខ្មែរមានជោគជ័យបែបនេះ គឺបណ្ដាលមកពីភូមាបានលើកទ័ពចូលវាយសៀមជាញឹកញយ វាយយកបានរាជធានី ស្រីអយុធ្យា២លើក (គ.ស.១៥២៤និង១៥៦៩) និងដាក់សៀមជាប្រទេសចំណុះអស់១៥ឆ្នាំទៀតផង ហើយស្ដេចខ្មែរចេះឆ្លៀតឱកាស​ដែលសត្រូវកំពុងតែទន់ខ្សោយនោះលើកទ័ពចូលវាយបន្ថែមទៀត ហើយអាចរំដោះយកបានទឹកដីដែលត្រូវបានបាត់បង់ត្រឡប់មកវិញ ។ ត្រង់ចំណុចនេះ ឯកសារអឺរ៉ុប និយាយថាខ្មែរបានធ្វើសម្ព័ន្ធមិត្តជាមួយភូមាដើម្បីវាយសៀម ប៉ុន្តែឯកសារខ្មែរមិនបាននិយាយដល់រឿងនេះទេ ។ ប្រភពអឺរ៉ុបដដែលបានបន្ថែមទៀតថាក្រោយមកខ្មែរបានងាក ទៅចងសម្ព័ន្ធមេត្រីជាមួយសត្រូវខ្លួន (សន្ធិសញ្ញាខ្មែរ-សៀមគ.ស.១៥៧៤ ព្រះសត្ថាទី១ បញ្ជាអោយ ស្រីសុរិយោពណ៌ លើកទ័ពទៅជួយសៀមវាយឈ្នះភូមា)ប៉ុន្តែមិនបានផលល្អ ព្រោះក្រោយពីបានរំដោះខ្លួនពីចំណុះភូមាមក សៀមតែងបានលើកទ័ពចូលវាយខ្មែរញឹកញាប់ ថាព្រោះខ្មែរមិនរក្សាពាក្យសច្ចៈ ។ ការពិត សៀមធ្វើនេះ គឺនៅក្នុងក្របខ័ណ្ឌពង្រីកទឹកដីរបស់គេតែប៉ុណ្ណោះ ។ ម្ល៉ោះហើយនៅចំពោះមុខគ្រោះថ្នាក់​ដែលតែងតែគំរាមកំហែងមកលើប្រទេសជាតិនេះ ព្រះរាជាខ្មែរចាប់ពីព្រះសត្ថាទី១រៀងមកបានងាកទៅរកជំនួយពីពួកព័រទុយហ្គាល់ ហើយក្រោយមកពីពួកអេស្ប៉ាញទៀត ។ ព្រះអង្គទ្រង់បានយកចិត្តអ្នកផ្សាយសាសនាអឺរ៉ុបយ៉ាងខ្លាំង ដើម្បីអោយពួកនេះជួយធ្វើអន្តរាគមន៍សុំជំនួយទ័ពមកប្រឆាំងនឹងសៀម ។​ ព្រះអង្គទ្រង់បានសន្យាថានឹងបើកសិទ្ធិអោយពួកនេះ ផ្សាយសាសនាគ្រិស្តនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គជួយសង់ព្រះវិហារ និងផ្ដល់ទេយ្យទាន មានអង្ករជាដើមដល់ពួកនេះ ។ ពួកអេស្ប៉ាញនៅម៉ានីលមានបំណងចង់មកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរហើយបានបញ្ជូនទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរជាច្រើនលើក តែពុំបានសម្រេចដូចប្រាថ្នា ។ ទៅទីបំផុត ព្រះស្រីសុរិយោពណ៌ ដែលទ័ពសៀមចាប់នាំយកទៅក្រុង អយុធ្យាបានត្រឡប់ ចូលមកប្រទេសខ្មែរវិញដោយនាំយកឥទ្ធិពលសៀមមកផ្សាយទៀត ។ គួរគប្បីបញ្ជាក់ថា ពួកសៀមដែលកាន់ព្រះពុទ្ធសាសនាដូចខ្មែរដែរនោះ បានប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងផ្សាយសាសនារបស់ជនជាតិអឺរ៉ុប ជាពិសេសក្នុងរជ្ជកាលរបស់ព្រះនរេសូរ ។

រដ្ឋបាល

ការបែងចែកអាណាចក្រ

នៅសម័យនោះ ប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ : ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុកសុខោទ័យស្រុកអយុធ្យា ស្រុកលពបុរី ស្រុក គោត្របូរ (ភិម៉ាយ) ត្រូវាបាត់បង់អស់ទៅហើយ ឯប្រទេសសាមន្តរាជ ដូច ចម្ប៉ា អាណ្ណាម ជ្វា មន ក៏លែងមានទៀតដែរហើយ ។ ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹម ទន្លេមូល ឬនៅលើនេះ បន្តិចបន្តួចនិងប្រទេសលាវ ។ ព្រះដែលខាងលិចទល់នឹង បស្ចឹមបុរី និងរយ៉ង ខាងពាយ័ព្យទល់នឹងស្រុក នាងរង នគររាជ ខាងកើតទល់នឹងប្រទេស ចាម្ប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូងសមុទ្រសៀម ។

បើតាមពង្សាវតារ រាជាណាចក្រខ្មែរសម័យនោះមានប្រមាណ៧០ខេត្តគឺ: លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀមស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសានទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ (បារា) ពាម កោះស្លាកែត កំពតកំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ ។ល។

គួរកត់សម្គាល់ថាក្នុងចំណោមខេត្តទាំងប៉ុន្មាននេះ ខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជា ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង ។ ល ។ ឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញ ដូចជា មង្គលបុរី ស្ទោង ជីក្រែង រលួស ទឹកជោរ ។ល។ ឯខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ ។

ខេត្តនីមួយៗត្រូវបែងចែកជាស្រុក ហើយស្រុកនីមួយៗត្រូវបែងចែកជា ភូមិ ជាច្រើនទៅទៀត ។ ប៉ុន្តែ ខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗ ដែលគេអោយឈ្មោះថា ដី ។ ដី > ខេត្ត > ស្រុក > ភូមិ

រដ្ឋបាលកណ្ដាល

ដោយហេតុព្រះរាជាជាប្រភពនៃអំណាចទាំងឡាយ ហើយពួកបរិវាររបស់ព្រះអង្គសុទ្ធតែជារាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ផងនោះ គេអាចយល់បានថាគឺពួកបរិវារនេះ ហើយជាអ្នកញ៉ាំងម៉ាស៊ីនរដ្ឋបាលកណ្ដាលអោយប្រព្រឹត្តទៅ ។ ដូចយើងបានរៀបរាប់រួចមកហើយក្នុងវគ្គនីមួយៗ ពីព្រះរាជបរិវារឃើញថាបន្ទាប់ពីស្ដេចទ្រង់រាជ្យមកមាន ឧភយោរាជ ឧបរាជ ឬ មហាឧបរាជព្រះវររាជមាតា វររាជអយ្យកា ចៅហ៊្វាទឡ្ហៈ និងមន្ត្រីជាន់ខ្ពស់៤រូបដែលគេនិយមហៅថា ចតុស្ដម្ភ គឺ :

  • ឧកញ៉ាយមរាជ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌)
  • ឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)
  • ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង)
  • ឧកញ៉ាចក្រី (រដ្ឋមន្ត្រីក្រសួងទ័ពជើងគោក) ។

ដូច្នេះចៅហ៊្វាទឡ្ហៈ និងមន្ត្រីជាន់ខ្ពស់ទាំង៤រូបនេះប្រៀបបាននឹង គណៈរដ្ឋមន្ត្រី សព្វថ្ងៃ ហើយដែលគេនិយមហៅថាសេនាបតី ។ មន្ត្រីជាន់ខ្ពស់ទាំង៥រូបនេះគេហៅថា មន្ត្រីសម្រាប់ឯកគឺជាមន្ត្រីដែលត្រូវឡើងទៅព្រះមហាក្សត្រ : មន្ត្រីទាំងនេះមានមុខងារញ៉ាំងរដ្ឋបាលកណ្ដាលអោយប្រព្រឹត្តទៅផង ហើយមានអំណាចត្រួតត្រាលើខេត្តខ្លះទៀតផង ។ ក្រៅពីនេះនៅមានមន្ត្រីសម្រាប់ទោត្រូវឡើងទៅ ឧភយោរាជ មន្ត្រីសម្រាប់ត្រី ត្រូវឡើងទៅព្រះឧបរាជ ឬ មហាឧបរាជ និងមន្ត្រីសម្រាប់ចត្វា ត្រូវឡើងទៅព្រះវររាជមាតា ឬ ព្រះវរាជអយ្យកា ។ មន្ត្រីទាំង៤សម្រាប់នេះ លើកលែងតែ ចៅហ៊្វាទឡ្ហៈ ចេញដែលមានឋានន្តរសក្ដិថា សម្ដេចចៅពញា សុទ្ធតែមានឋានន្តរសក្ដិជា ឧកញ៉ា សក្ដិ១០ហ៊ូពាន់ (ហ៊ូពាន់ : ពាក្យសៀមមានន័យថាក្បាលពាន់ គឺទ័ព១០០០នាក់ ដែលនៅក្រោមបង្គាប់របស់មន្ត្រីណាម្នាក់ ) ។

ក្រៅពីមន្ត្រីជាន់ខ្ពស់ទាំងប៉ុន្មានដូចរៀបរាប់រួចមកហើយនេះ គេឃើញមានមន្ត្រីជាន់កណ្ដាល និងជាន់ទាបជាច្រើនទៀតដែលមានឋានន្តរសក្ដិដូចតទៅ:

  • ចៅពញា………….សក្ដិ៩/១០ហ៊ូពាន់ (ចៅហ្វាយស្រុក)
  • ពញា………………សក្ដិ៧/៨ហ៊ូពាន់ (ចៅហ្វាយស្រុក)
  • ព្រះ…………………សក្ដិ៦ហ៊ូពាន់
  • ហ្លួង………………..សក្ដិ៥ហ៊ូពាន់
  • ឃុនម៉ឺន……………សក្ដិ៤ហ៊ូពាន់
  • ឧកម៉ឺន…………….សក្ដិ៣ហ៊ូពាន់
  • ចៈម៉ឺន………………សក្ដិ២ហ៊ូពាន់
  • ម៉ឺន………………….សក្ដិ១ហ៊ូពាន់ ។

ចំណែកខ្ញុំរាជការដែលមិនទាន់បានទទួលយកយសសក្ដិនៅឡើយទេ នោះអោយហៅថានាយ ។

រដ្ឋបាលភូមិភាគ

ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរ ត្រូវចែកជាប្រមាណ៧០ខេត្ត ហើយ ខេត្តទាំងននោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី ។ ក្នុងតំបន់នីមួយៗ មានស្ដេចក្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចក្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ) ។ ស្ដេចក្រាញ់មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង ។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទ ធម្មរាជាទី១ មានការតែងតាំងស្ដេចក្រាញ់ ៥អង្គគឺ :

  • ពញាតេជោ ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ១
  • ពញាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិ៍សាត់១
  • ពញាស្រីធម្មាតេជោ ចៅហ្វាយស្រុកខេត្តបាភ្នំ១
  • ពញាពិសណ្ណុលោក ចៅហ្វាយស្រុកខេត្តទ្រាំង១
  • ពញាអរជូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ១ ។

ដូចបានពោលរួចមកខាងលើនេះ យើងឃើញថាក្នុងខេត្តនីមួយៗមានមន្ត្រីជាន់ខ្ពស់ម្នាក់ឈរត្រួតត្រា ។ មន្ត្រីនេះគេនិយមហៅថា ចៅហ្វាយស្រុក : ឧ.មន្ត្រីឈរត្រួត ខេត្តទ្រាំងគេហៅថាចៅហ្វាយស្រុកខេត្តទ្រាំង ។

តាមប្រភពរាជពង្សាវតាខ្មែរដដែល គេដឹងថា ចៅហ្វាយស្រុក សុទ្ធតែមានសក្ដិ ១០ឬ៩ហ៊ូពាន់ពីបុរាណរៀងមក តាំងឡើងសុទ្ធតែជាសម្ដេចចៅពញា ព្រោះចៅហ្វាយស្រុក ទាំងនោះសុទ្ធតែជាព្រះញាតិនៃព្រះរាជា តែក្រោយមក ចៅហ្វាយស្រុក ទាំងនោះច្រើនតែពុំសូវគោរពកោតខ្លាចសេនាបតីទើបត្រូវទម្លាក់មក នៅត្រឹមតែទីចៅពញា ។ គួរគប្បីជ្រាបថា ទីចៅពញានេះក៏ជាឋានន្តរសក្ដិរបស់បុត្រស្ដេចទ្រង់រាជ្យដែរ (ឧ.ចៅពញាដំខាត់រាជា ចៅពញាចន្ទរាជា ចៅពញាតន់ ចៅពញាអន ចៅពញាញោម ។ល។) ។ បើចៅហ្វាយស្រុក ណាមានសក្ដិ៨ឬ៧ហ៊ូពាន់ ត្រូវតាំងជាពញា ។

ខេត្តនីមួយៗត្រូវបែងចែកជាច្រើនស្រុក ដែលគ្រប់គ្រងដោយមេស្រុក ។ ហើយមេស្រុកនីមួយៗទំនងជាត្រូវចែកជាឃុំ ជាភូមិ ដែលមានមេឃុំ និងមេភូមិជាអ្នកគ្រប់គ្រង ។

អំពីកងទ័ព

ការរៀបចំកងទ័ព

ក្នុងសម័យនោះ កងទ័ពខ្មែរត្រូវបែងចែកជា កងទ័ពជើងគោក និងកងទ័ពជើងទឹក ។

កងទ័ពជើងគោក

កងទ័ពជើងគោក ស្ថិតនៅក្រោមអំណាចដឹកនាំរបស់ ឧកញ៉ា (ឯកឧត្តម) ចក្រី ហើយត្រូវបែងចែកជា ៤ ពួក:

  • ពួកទ័ពដំរី
  • ពួកទ័ពសេះ
  • ពួកទ័ពរថ
  • ពួកទ័ពថ្មើរជើង

ទ័ពទាំង៤ពួកនេះរួមគ្នាទៅលោកអោយឈ្មោះហៅថាចតុរង្គ ហើយត្រូវបានរាជការចិញ្ចឹមទុកអោយនៅប្រចាំការជានិច្ច ។

ទ័ពដំរី : ដំរីជាសត្វពាហនៈដ៏សំខាន់១ ។ ក្នុងសម័យបុរាណគេអាចប្រៀបសត្វដំរី ទៅនឹងរថក្រោះសព្វថ្ងៃនេះ ក្នុងពេលធ្វើចម្បាំងគេប្រើសត្វដំរី ក្នុងការដឹកនាំនិងក្នងការលុកចុលវាយទ័ពខាងសត្រូវ ។ ដោយហេតុនេះហើយ រាជការខ្មែរតាំងពីបុរានរៀងមក ដរាបដល់បច្ចុប្បន្ននេះបានតាំងភ្នាក់ងារ១ក្រុមហៅថា ក្រុមដំរី មានមុខងារជាអ្នកថែរក្សា ដំរី ព្រះរាជទ្រព្យទាំងអស់ នឹងទាក់ដំរីព្រៃយកមកផ្សាំងបង្ហាត់អោយបានបទតាមដែលត្រូវការ ទុកសម្រាប់ប្រើក្នុងរាជការ ។

ទ័ពសេះ និង ទ័ពរថ : ទ័ពទាំងពីរប្រភេទនេះឡើងសេនាបតីជើងគោកជាមួយគ្នា ។ សេះ ជាសត្វពាហនៈ១ ដែលគេនិយមប្រើណាស់ ក្នុងការធ្វើសង្គ្រាមព្រោះវាមានល្បឿនចាត់ការបានឆាប់ទាន់ពេលវេលា ។ ទ័ពរថ ប្រើរថទឹមសេះក៏មាន ប្រើរទេះទឹមគោក៏មាន ។

ទ័ពថ្មើរជើង : គឺសំដៅយកពួកសេនាទាហានដែលមិនត្រូវជិះដំរី សេះ ឬរថ ។

ទ័ពទាំង៤ពួកខាងលើនេះសុទ្ធតែ បានទទួលការបង្វឹកបង្ហាត់ក្នុងក្បួនយុទ្ធវិធីតាមសម័យនិយមយ៉ាងជំនាញៗ ។ ឯកសារខ្មែរមួយបានសរសេរថា : ការហាត់យុទ្ធវិធីក្នុងជាន់នោះ ក៏គឺការហាត់គុនដាវ គុនល្បុក្កតោ គុនដំបង ហាត់កាប់ដោយដាវ ដោយផ្គាក់ ហាត់ចាក់ដោយលំពែង ហាត់បាញ់ដោយធ្នូ ហាត់ដាល់ ហាត់ចំបាប់ ហាត់ជិះដំរី ជិះសេះ ជិះរថ ហាត់ក្បាច់អាវុធលើខ្នងដំរី ខ្នងសេះនិងរៀនប្រសិទ្ធិមន្តអាគមតាមលទ្ធិសៃយ ដូចយ៉ាងបញ្ចុះមន្តអាគម-យ័ន្តនៅអាវ នៅកន្សែងសម្រាប់ជួតក្បាល សាក់តាមខ្លួន និង ផឹកថ្នាំគង់ជាដើម និងសិក្សាក្នុងក្បួនកលយុទ្ធមានតម្រាពិជ័យសង្គ្រាមជាដើម សឹងប្រកបដោយយុទ្ធវិធីផ្សេងៗជាច្រើន បម្រុងទុកសម្រាប់ប្រើការក្នុងយាមមានសឹក សង្គ្រាម ។

ក្រៅពីទាហានដែលប្រចាំការទាំង៤ពួកខាងលើនេះនៅមានទាហានក្រៅតំណែង ជាច្រើនទៀត ។ ប្រភពដដែលខាងលើបានអោយពត៌មានថា: ទាហានក្រៅតំណែងនេះសំដៅយកយុវជនដែលនៅក្នុងព្រះរាជាណាចក្រទាំងមូល ពួកនេះមិនបានកែនមកអោយនៅប្រចាំការទេ ដោយអនញ្ញាតអោយនៅធ្វើការរកស៊ីតាមទីលំនៅរៀងខ្លួន តែបានដាក់អោយជាភារៈរបស់អ្នករាជការដែលគ្រប់គ្រងនិគម ស្រុកខេត្តនោះ ចាត់ការបណ្ដុះបណ្ដាលវិជ្ជាខាងទាហាន និងអោយមាននិស្ស័យចិត្តជាទាហានទូទៅក្នុងប្រទេសតាមរបៀបដូចមានពោលហើយខាងដើម…ទាហានពួកនេះពិតមែនតែមិនបានកែនមកនៅប្រចាំការ តែមានព្រះរាជកំណត់ត្រាទុកថាត្រូវកែនមកធ្វើការសមយុទ្ធ ក្នុងក្រុងថ្វាយព្រះករុណាម្ចាស់ផែនដីទតនឹងធ្វើពិធីបង្កក់ប្រសិទ្ធិ ពិធីផឹកទឹកពិភទ្ទសច្ចារាល់ៗឆ្នាំក្នុង១ឆ្នាំ២ដង ។

កងទ័ពជើងទឹក

ទ័ពប្រភេទនេះត្រូវស្ថិតនៅក្រោមការដឹកនាំរបស់ ឧកញ៉ាក្រឡាហោម ។ រៀងរាល់ឆ្នាំ ទ័ពនេះ ត្រូវប្រជុំធ្វើសមយុទ្ធ ដូចទ័ពជើងគោកដែរ ឃើញមានស្នាមធ្វើរៀងមកដល់សម័យបច្ចុប្បន្ន តែក្លាយទៅជាការប្រណាំងទូកសម្រាប់មើលលេង ក្នុងឱកាសបុណ្យបណ្ដែតប្រទីបបូជាព្រះពុទ្ធបាទ និងបុណ្យបូជាព្រះចន្ទទៅវិញ ។

ចំណែកទ័ព

តាមឯកសារខ្លះ និងតាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រខ្មែរ ជាពិសេសការស្រាវជ្រាវខាងប្រវត្តិសាស្ត្រខ្មែរ យើងអាចដឹងពីការបែងចែកទ័ពខ្មែរ ទោះខាងជើងគោកក្ដី ខាងជើងទឹកក្ដីដូចតទៅ:

ពួក : នេះជាឯកភាពតូចបំផុតនៃកងទ័ព មានមេពួកម្នាក់ ជាអ្នកគ្រប់គ្រង ។

ក្រុម : មានមេ ឬ នាយក្រុម ម្នាក់ជាអ្នកគ្រប់គ្រង ។

កងរយ : មានទាហានចំនួន១០០នាក់ ប្រៀបបាននឹងអនុសេនាធំ១ ក្នុងពេលសព្វថ្ងៃមាន មេបង្គាប់ ម្នាក់ជាអ្នកគ្រប់គ្រង ។

កងពាន់ : មានទាហានចំនួន១០០០នាក់មានមេបង្គាប់ការ ម្នាក់ជាអ្នកគ្រប់គ្រង ។

កងទ័ពតូច ឬ កងពល : មានទាហានចំនួន១០០០០នាក់មាន មេបញ្ជាការកងពល ម្នាក់ជាអ្នកគ្រប់គ្រង ។

កងទ័ព ឬ កងទ័ពធំ ឬ កងទ័ពហ្លួង : មានទាហានចំនួនមួយសែននាក់ មាន មេបញ្ជាការកងទ័ព ម្នាក់ជាអ្នកគ្រប់គ្រង ឬ ព្រះរាជាអង្គឯងតែម្ដងជាមេបញ្ជាការ ។

ទ័ពបិសាច

ក្នុងករណីខ្លះ ដោយទ័ពមនុស្សមានចំនួនមិនគ្រប់គ្រាន់ គេអាចពឹងពាក់ដល់ពួកទ័ពបិសាចអោយមកជួយយកអាសាបាន ។ រឿងនេះមានលក្ខណៈអស្ចារ្យបន្តិច ប៉ុន្តែរាជពង្សាវតារខ្មែរបានកត់ត្រាទុកមកហើយមានលំនាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយយ៉ាងពិតប្រាកដ ។ យ៉ាងណាមិញ នៅគ.ស.១៥១៦ ទ័ពខាងស្ដេចកន បានដេញតាមទ័ពព្រះចន្ទរាជាហើយទៅឡោមព័ទ្ធបន្ទាយពោធិ៍សាត់អស់រយៈពេល១២ខែ តែវាយលុកចូលពុំបានសោះ ។

គ្រានោះតាពេជបានធ្វើពលិកម្មបូជាជីវិតទៅកែនទ័ពបិសាច ដោយលោតចូលទៅក្នុងរណ្ដៅមួយដែលមានដោតសុទ្ធតែអាវុធស្រួច ៗ ។

គ្រឿងសស្ត្រាវុធ និង យុទ្ធូបករណ៍

គេសង្កេតឃើញថាមានគ្រឿងសស្ត្រាវុធខ្លះជារបស់ស្ដេចទ្រង់រាជ្យ ឬ របស់ស្ដេចត្រាញ់និងសស្ត្រាវុធខ្លះទៀតអាចប្រើជាទូទៅក្នុងកងទ័ព :

  • ព្រះខាន់រាជ្យ ឬ ព្រះខាន់ជ័យ និង ព្រះលំពែងជ័យ (សូមមើលសេចក្ដីអធិប្បាយ ត្រង់វគ្គនិយាយពីគ្រឿងសម្រាប់រាជ្យ) ។
  • ព្រះខាន់រង ឬ ព្រះខាន់ជ័យស្រី មានរូបតូចជាងព្រះខាន់រាជ្យ ។
  • ព្រះខាន់ស្ដេចត្រាញ់ ដែលព្រះរាជាទ្រង់ប្រទានអោយស្ដេចត្រាញ់គ្រាដែលចេញទៅឈរត្រួតត្រាស្រុក (បុរាណហៅថា ឆីស្រុក) ។
  • ធ្នូ ជាអាវុធមួយសម្រាប់ព្រះរាជាផង សម្រាប់ប្រើទូទៅផង ។
  • ស្នា
  • ទួន : មានលក្ខណៈប្រហែលគ្នានឹងលំពែង ប្លែកតែនៅគល់ដងមានភូ ។
  • ដាវ វែង ដាវ ខ្លី ។
  • ផ្គាក់ ច្បូក
  • លំពែង ខ្លី លំពែង វែង ។
  • ដំបង
  • ខែល
  • ក្រឹស
  • កាំភ្លើង តូច កាំភ្លើងធំ ជាអាវុធដែលច្រើនតែទិញពីពួកអឺរ៉ុបនៅស្រុកជ្វាម៉ាឡាយូ ។ ក្នុងដំណាក់ការចុងក្រោយនៃចម្បាំងរវាងព្រះ ចន្ទរាជា និងស្ដេចកន គេឃើញទាំងសងខាង បានចាត់អោយទិញអាវុធធុននេះរាប់ពាន់ដើមយកមកប្រើ ។

ចំណែកឯយុទ្ធូបករណ៍ គេឃើញមាន :

  • អាវក្រោះ : គឺអាវស្រោបដែក មានតែស្ដេចសឹក និងពួកមេទ័ព មេកងប្រើសម្រាប់ការពារព្រួញ និងដាវលំពែង ។
  • អាវយ័ន្ត : គឺអាវដៃខ្លីហើយមានគូរជាយ័ន្ត បញ្ចុះសាច់មន្តអាគម ។
  • យ័ន្តតេជៈ ឬ កន្សែងយ័ន្ត : គឺជាសំពត់ ៤ជ្រុង ហើយមានបញ្ចុះមន្តអាគម ។
  • ទង់ជាតិ : ទង់សម្រាប់ជាតិខ្មែរ ។
  • ទង់មហារាជ : ទង់សម្រាប់ស្ដេចទ្រង់រាជ្យ ។
  • ទង់ជ័យ : ទង់ប្រចាំកងទ័ព ។
  • ស្គរជ័យ : ស្គរដែលប្រើក្នុងចម្បាំង វាយសម្រាប់ប្រជុំពល និងសម្រាប់ប្រកាសអោយរេហ៍ ពល ដឹងថាមានជ័យជំនះហើយ ។
  • គងជ័យ : សម្រាប់ប្រើក្នុងក្បួនទ័ព ។
  • ភ្លេងស្គរជ្វា ឬ ខ្លងខែក ។ ក្នុង១វង់មានចំនួនស្គរ២ ស្រឡៃ១ ។ ភ្លេងនេះគេលេងក្នុងពេលលើកទ័ពចេញទៅច្បាំងដើម្បីជាគ្រឿងសម្រើបចិត្តទាហាន ។

សេចក្ដីដកស្រង់ខាងក្រោមនេះ អាចបង្ហាញពីទិដ្ឋភាពក្នុងការរៀបចំក្បួនទ័ពចេញដំណើរ ការប្រើយានជំនិះ និងយុទ្ធូបករណ៍ផ្សេងៗ ។

ខណៈនោះ ស្ដេច (ព្រះធម្មារាជាទី១) ទ្រង់គ្រឿងរាជរណរង្គយុទ្ធ ស្រេចហើយស្ដេចឡើយគង់ព្រះទីនាំងហត្ថី ចងគ្រឿងគជាហរណៈ បាំងនូវព្រះបរមស្វេតច្ឆត្រឆើតឆាយ ដោយនូវអភិរម សែនត្វាន ទង់ជ័យប្រពៃរន្ទាលច្រាលឆ្អៅគ្រប់កងគជសារ អស្សពាជីយោធីព្រៀងព្រម មកស្ថិតចាំស្ដេចនៅព្រះលានជ័យ ។ លុះបានពិជ័យឫកល្អហើយ ហោរាក៏គោះគងទូងស្គរ អ្នកមុខអ្នកការក៏ប្រគំរងំដោយនូវតូរ្យតន្ត្រីភ្លែភ្លៀវលេងស្គរជ័យល្វាសល្វៃព្យូហៈ ទ័ពចេញចាកព្រះមហានគរទៅឧត្តរទិស ។

ចម្បាំង

ប្រភេទចម្បាំង

ក្នុងសម័យកាលដែលលើកយកមកសិក្សានេះ គេសង្កេតឃើញមានចម្បាំង៣ប្រភេទដូចតទៅនេះ :

ចម្បាំងគ្នាឯងក្នុងស្រុក

ចម្បាំងប្រភេទនេះ សុទ្ធតែបណ្ដាលមកពីវិបត្តិក្នុងរាជវង្ស ។ ចម្បាំងរវាងព្រះស្រីរាជា ស្រីសុរិយោពណ៌ ស្រីធម្មរាជា (១៤៧៥-១៤៨៥) និងចម្បាំងរវាង ស្រីសុគន្ធបទ ស្ដេចកន ចន្ទរាជាទី១ (១៥០៩-១៥១២ រួច ១៥១៦-១៥២៥) សុទ្ធតែជាចម្បាំងគ្នាឯងក្នុងស្រុកទាំងអស់ ។

ចម្បាំងរំដោះទឹកដី

ចាប់ពីស.វ.ទី១៣ រៀងមក ខ្មែរយើងត្រូវបាត់បង់ទឹកដីចាប់ពីវាលទំនាបនៃទន្លេមេណាមរហូតមកដល់ព្រំប្រទល់ខេត្តបាត់ដំបង សៀមរាប ។ ចាប់តាំងពីរជ្ជកាលព្រះស្រីរាជា ដល់ រជ្ជកាល ព្រះសត្ថាទី១ខ្មែរយើងតែងបានលើកទ័ពទៅវាយរំដោះយកអាណាខេត្តដែលត្រូវបាត់បង់ទៅក្នុងកណ្ដាប់ដៃសៀមនោះបានមកវិញ ។

ចម្បាំងការពារជាតិ

ក្នុងករណីខ្លះ ជនជាតិជិតខាងមានសៀម លាវ បានលើកទ័ពចូលមកវាយខ្មែរក្នុងបំណងពង្រីកទឹកដីរបស់គេដោយគេយកលេសផ្សេងៗ ។ ដោយព្រះចន្ទរាជា ទ្រង់ប្រកែកមិនព្រមថ្វាយដំរីស ព្រះចៅសៀម បានលើកទ័ពចូលវាយខ្មែរពីរលើក លើកទី១នៅសៀមរាប លើកទី២នៅពោធិ៍សាត់ ។ ក្រោយមកក្នុងរជ្ជកាលព្រះបរមរាជាទី៤ ដោយប្រជល់ដំរីចាញ់ខ្មែរ ស្ដេចលាវបានលើកទ័ពចូលវាយខ្មែរពីរលើក ។ ប៉ុន្តែទាំងទ័ពសៀម ទាំងទ័ពលាវ សុទ្ធតែត្រូវទទួលបរាជ័យថយទៅវិញទាំងអស់ ។

យុទ្ធសាស្ត្រ និង កលយុទ្ធ

ជាទូទៅ គេសង្កេតឃើញថាទោះនៅក្នុងចម្បាំងប្រភេទណាក៏ដោយ សុទ្ធតែមានគោលដៅចម្បាំងតែមួយ គឺវាយដណ្ដើមយកទឹកដី និងប្រជារាស្ត្រ ហើយប្រសិនបើវាយយកមិនបានទឹកដីទេក៏ គេខិតខំកៀរយកអោយបានមនុស្សមកខាងគេដែរ ។ ដោយហេតុនោះហើយ ទើបយើងឃើញថា នៅក្នុងរង្វង់ព្រំដែនទឹកដីខ្មែរសព្វថ្ងៃនៅមានជនជាតិបរទេសខ្លះ ដែលរស់រានរហូតមកដូចជាជនជាតិភូមានៅប៉ៃលិនខេត្តបាត់ដំបង ជនជាតិលាវ នៅបារាយណ៍ នៅបាភ្នំជាដើម ។

នៅក្នុងការធ្វើចម្បាំងទាំងបីប្រភេទដូចបានពោលរួចមកហើយនោះ ឃើញថាគេច្រើនតែច្បាំងដោយទល់មុខគ្នា គឺថាគូបដិបក្ខទាំងសងខាងលើកទ័ពធំទៅតទល់គ្នាលើសមរភូមិតែម្ដង (guerre de front) ។ ចំណែកឯរបៀបរាយទ័ពលើកទៅប្រយុទ្ធនឹងខ្មាំងសត្រូវ គេឃើញមានរបៀបសំខាន់តែមួយដែលគេច្រើនប្រើមានដូចតទៅ :

  • ទ័ពមុខ (le corps d’avant-garde)
  • ទ័ពស្ដាំ (le corps de droite)
  • ទ័ពឆ្វេង (le corps de gauche)
  • ទ័ពហ្លួង ឬ ទ័ពធំនៅកណ្ដាលគេ (le corps principal)
  • ទ័ពក្រោយ (le corps d’arriere-garde)

គួរគប្បីបញ្ជាក់ថា ក្នុងករណខ្លះទ័ពមុខ និងទ័ពក្រោយ ពុំឃើញមានផងទេ ប៉ុន្តែមានទ័ពដែលមានមុខងារពិសេសខ្លះគឺ ទ័ពក្រវែល ទ័ពស្ទាក់ ទ័ពជន្ល ទ័ពបង្កប់ ។

  • ទ័ពក្រវែល គឺទាហានដែលគេអោយដើរល្បាត ដើម្បីឃ្លាំមើលចលនា និងសកម្មភាពរបស់ទ័ពសត្រូវ ។
  • ទ័ពស្ទាក់ គឺពួកទាហានដែលមានបេសកកម្មរារាំងកុំអោយទ័ពសត្រូវទាក់ទងគ្នាបាន ឬកុំអោយទ័ពសត្រូវផ្នែកណាមួយទៅជួយផ្នែកណាមួយទៀតបាន ។
  • ទ័ពជន្ល គឺពួកទាហានដែលគេអោយទៅមុខ សម្រាប់ទាក់ទាញអោយទ័ពសត្រូវដេញតាម ។
  • ទ័ពបង្កប់គឺពួកទាហានដែលគេបង្កប់ទុកក្នុងព្រៃមិនអោយសត្រូវដឹង មានបេសកកម្មងើបវាយផ្ទប់សត្រូវពីគ្រប់ទិស កាលណាពួកនេះធ្លាក់ក្នុងអន្ទាក់របស់គេ ។

ចំពោះចំនួនទាហានក្នុងប្រភេទទ័ពទាំងប៉ុន្មានដូចបានរៀបរាប់រួចមក ហើយនោះឃើញថា មានចំនួនមិនស្មើគ្នាក្នុងកងទ័ពម្ខាងៗ ។ ចំនួននេះតែងតែផ្លាស់ប្ដូរទៅតាមកាលៈទេសៈ គឺថាទៅតាមលទ្ធភាពដែលគូបដិបក្ខអាចកែនបានតិច ឬច្រើន ។ ជាទូទៅគេសង្កេតឃើញ ទ័ពមុខ ឬ ទ័ពស្រួច តែងមានចំនួនច្រើនជាង ទ័ពស្ដាំនិងទ័ពឆ្វេង ដែលមានស្មើគ្នា ។ ឯទ័ពក្រោយ មានចំនួនប្រហាក់ប្រហែលនឹងទ័ពស្ដាំឆ្វេងដែរ ។ មានតែ ទ័ពហ្លួង ឬទ័ពធំ ទេដែលមានចំនួនទាហានច្រើនជាងគេ ។ ឯទ័ពក្រវែល ទ័ពជន្ល ទ័ពបង្កប់ មានចំនួនទាហានប្រហែលៗ គ្នាហើយតិចជាងគេផង ។

ខាងក្រោមនេះជាឧទាហរណ៍មួយពីចំណាត់ទ័ពសម្រាប់ចូលច្បាំង :

  • ទ័ពមុខ: ២០០០០នាក់
  • ទ័ពស្ដាំ : ១០០០០នាក់
  • ទ័ពឆ្វេង : ១០០០០នាក់
  • ទ័ពហ្លួង : ៤០០០០នាក់
  • ទ័ពបង្កប់ : ៥០០០នាក់

ក្នុងផ្នែកកលយុទ្ធ ជួនកាលគេធ្វើកលជាចាញ់ហើយបើសត្រូវដេញតាមទៅនោះច្បាស់ជាត្រូវពួក ទ័ពបង្កប់ និង ទ័ពស្ទាក់ ងើបឡើងវាយផ្ទប់យកឈ្នះជាមិនខាន ។

ក្នុងករណីដែលទ័ពម្ខាងៗប្រយុទ្ធហើយទន់ដៃជាងទ័ពម្ខាងទៀត នោះគេច្រើនថយចូលការពារខ្លួនក្នុងបន្ទាយ ដូចកាលទ័ពព្រះបាទ ស្រីសុគន្ធបទ ថយចូលក្នុងបន្ទាយស្ទឹងសែនទ័ពព្រះចន្ទរាជាថយចូលក្នុងបន្ទាយពោធិ៍សាត់ ទ័ពស្ដេចកន ថយចូលក្នុងបន្ទាយស្រឡប់ពិជ័យ ទ័ពព្រះ ស្រីសុរិយោពណ៌ ថយចូលក្នុងបន្ទាយលង្វែក ។ ឯទ័ពម្ខាងទៀតក៏មកធ្វើការឡោមព័ទ្ធអស់ពេលជាច្រើនខែ ។ បន្ទាយនីមួយៗសុទ្ធតែមានសើនមានប៉មសម្រាប់ការពារមាំណាស់ ឯទ័ពនៅខាងក្នុងសុទ្ធតែបានប្រមូលស្បៀង​ទុកបម្រុងសម្រាប់រស់នៅអោយបានយូរពេល ។ ម៉្លោះហើយ ទ័ពម្ខាងទៀតដែលធ្វើការឡោមព័ទ្ធនោះ​មិនងាយចូលវាយលុកយកបន្ទាយបានដោយងាយៗទេ ។ ស្ដេចកនអោយទាហានធ្វើកលជាក្បត់រត់ចូលខាងព្រះបាទ ស្រីសុគន្ធបទ ហើយរកឱកាសល្អចូលលុកធ្វើគុតព្រះអង្គបាន ។ ពេលនោះទ័ពខាង ស្ដេចកន ក៏វាយលុកចូលយកបានបន្ទាយទៅ ។ កាលទ័ពសៀមលើកទ័ពចូលព័ទ្ធបន្ទាយលង្វែកលើកទី១ វាមិនអាចវាយយកបន្ទាយនោះទេ ព្រោះមានរបងឫស្សីព័ទ្ធពីក្រៅក្រាស់ពេក ។ ដោយហេតុនោះ សៀមបានធ្វើកលបាញ់ប្រាក់ដួងចូលក្នុងរបងឫស្សីមុននឹងដកថយទៅវិញ ហើយបញ្ជូនចារបុរសអោយមកស៊ើបការណ៍អោយដឹងថា តើខ្មែរខ្លាំងពូកែដោយសារអ្វី ។ ក្រោយមកដោយខ្មែរយើងនាំគ្នាឆ្ការព្រៃឫស្សី ដើម្បីយកប្រាក់នោះរហូតដល់ធ្លុះធ្លាយអស់ទើបទ័ព​សៀមអាចវាយលុកចូលយកបន្ទាយបាន ។ កាលដែលទ័ពព្រះចន្ទរាជា ទៅព័ទ្ធ ស្ដេចកន នៅក្នុងបន្ទាយស្រឡប់ពិជ័យហើយយកមិនបាននោះ ព្រះអង្គទ្រង់ចាត់អោយប្រកាសថា ព្រះអង្គនឹងវាយបន្ទាយអោយទាល់តែបាន ហើយនៅពេលយកបន្ទាយបាននោះ ជនណាដែលនៅក្នុងបន្ទាយនឹងត្រូវដាក់អោយទៅជាអ្នកងារ ។ ម្យ៉ាងទៀតខាង ព្រះចន្ទរាជា បានឃោសនាថា ព្រះចៅសៀមបានបញ្ជូនកងទ័ពមួយមកអោយជួយព្រះចន្ទរាជាទៀត ។ ពាក្យនេះធ្វើអោយមនុស្សនៅក្នុងបន្ទាយមានការភិតភ័យយ៉ាងខ្លាំង ។ នៅពេលយប់ ព្រះចន្ទរាជា ទ្រង់បានចាត់អោយដុតស្មៅស្ងួតនៅជុំវិញបន្ទាយ ។ មនុស្សនៅក្នុងបន្ទាយឃើញដូច្នោះរិតតែភិតភ័យខ្លាំងថែមទៀត ដោយនឹកស្មានថាភ្លើងទាំងនោះជាកន្លែងជំរុំរបស់កងទ័ពសៀមមែន ។ ម៉្លោះហើយទ័ពរបស់ស្ដេចកនក៏នាំគ្នាពពាក់ពពូនរត់ចេញពីបន្ទាយ ដោយខ្លាចគេសម្លាប់ផង និងខ្លាចគេដាក់អោយទៅជាអ្នកងារផង ។ គឺដោយហេតុនោះហើយ ទើបព្រះចន្ទរាជា អាចយកបន្ទាយស្រឡប់ពិជ័យនិង ចាប់ស្ដេចកន បាន ។

សកម្មភាពចិត្តសាស្ត្រក្នុងពេលធ្វើចម្បាំង

ក្នុងពេលធ្វើចម្បាំង មេម្ខាងៗ តែងតែផ្ដល់រង្វាន់ដល់សេនាទាហានដែលមានថ្វីដៃ ដើម្បីជាការលើកទឹកចិត្ត នៅពេលផ្អាកសង្គ្រាមម្ដងៗតែងតែមានការប្រឡងថ្វីដៃ ហើយបើឈ្មោះណាបានជាសេនាទាហានហើយ យសសក្ដិទ្រព្យសម្បត្តិជារង្វាន់មិនគ្រាន់តែបានត្រឹមឈ្មោះនោះទេ តែបានដល់គ្រួសារខ្លួនទៀត ។

នៅរដូវវស្សា គេច្រើនតែព្រមព្រៀងគ្នារំសាយកងទ័ពបើកអោយទាហានត្រឡប់ទៅជួបជុំប្រពន្ធកូនផង និងអោយមានឱកាសធ្វើស្រែចំការ យកស្បៀងចិញ្ចឹមគ្រួសារ និងចិញ្ចឹមកងទ័ពតទៅទៀត ។

ដើម្បីអោយអ្នកស្រុក និងកងទ័ពគូសត្រូវចូលខាងខ្លួន គេតែងតែឃោសនាបង្ហាញនូវលក្ខណៈត្រឹមត្រូវពេញច្បាប់ខាងគេ ហើយបង្ហាញពីលក្ខណៈមិនគាប់ប្រសើររបស់ពួកគូបដិបក្ខ ដូចខាងព្រះចន្ទរាជាតែងតែឃោសនាប្រាប់រាស្ត្រថាព្រះអង្គជាពូជពង្សក្សត្រ ចំណែកឯ ស្ដេចកន ជាពលព្រះមនុស្សក្នុងវណ្ណៈថោកទាបជាដើម ។

នៅពេលលើកទ័ពទៅវាយត្រង់តំបន់ណាដែលម្ខាងទៀតធ្លាប់កាន់កាប់ គេតែងតែបញ្ជូនអ្នកមានវោហារថ្វីមាត់ អោយទៅនិយាយបញ្ចុះបញ្ចូលចៅហ្វាយស្រុកនិងប្រជារាស្ត្រអោយចូលមកខាងខ្លួនគេជាមុនសិន ។

ក្នុងការធ្វើចម្បាំង គេតែងតែចេញបញ្ជាហាមប្រាមមិនអោយទាហាន​ទៅរំលោភជិះជាន់ប្លន់យកទ្រព្យសម្បត្តិពីប្រជារាស្ត្រឡើយ ។ បើមានជនណាល្មើសច្បាប់ធ្វើអោយរាស្ត្រក្ដៅក្រហាយ នោះនឹងត្រូវទទួលទណ្ឌកម្មរហូតដល់ត្រូវប្រហារជីវិត ។

ម្យ៉ាងទៀត ខាងស្ដេចបានបញ្ជាអោយយករាជប្រកាសទៅបិទនៅតំបន់សត្រូវកាន់កាប់ ថាបើជនណាមានចិត្តស្មោះត្រង់ព្រមចុះចូលបម្រើព្រះអង្គពីឥឡូវទៅ ព្រះអង្គនឹងលើកទោសអោយ តែបើផ្ទុយទៅវិញកាលណាស្រុករាបទាបហើយ ព្រះអង្គនឹងទុកជាក្បត់ហើយត្រូវទទួលទៅសជាទម្ងន់ មានការដាក់អោយទៅជាអ្នកងារជាដើម ។

ជីវភាពសង្គម

ថ្នាក់សង្គម

ទោះបីខ្មែរបានទទួលឥទ្ធិពលពីឥណ្ឌាក្នុងការបែងចែកមនុស្សក្នុងសង្គមជាវណ្ណៈក៏ដោយក៏សង្គមខ្មែរពុំមានលក្ខណៈដូចសង្គមឥណ្ឌាបេះបិទទេ ។ យ៉ាងណាមិញក្នុងសង្គមឥណ្ឌាគេបានបែងចែកមនុស្សជា ៤វណ្ណៈគឺ៖

  • វណ្ណៈទី១ ជាវណ្ណៈរបស់ពួក ព្រាហ្មណៈ
  • វណ្ណៈទី២ ជាវណ្ណៈរបស់ពួក ក្សត្រិយៈ
  • វណ្ណៈទី៣ ជាវណ្ណៈរបស់ពួក វៃស្សៈ
  • វណ្ណៈទី៤ ជាវណ្ណៈរបស់ពួក សូទ្រៈ

ចំណែកឯក្នុងសង្គមខ្មែរសម័យនោះ ពុំមានចែកជាវណ្ណៈទេតែចែកជា ថ្នាក់ទៅវិញ (classes sociales) ហើយមានទាំងអស់ ៥ថ្នាក់ដូចតទៅ ៖

រាជវង្សានុវង្ស

ផ្ទុយពីសង្គមឥណ្ឌា ក្នុងសង្គមខ្មែរគឺពួក ក្សត្រិយៈ អ្នកគ្រប់គ្រងប្រទេសជាថ្នាក់សង្គមដែលខ្ពស់ជាងគេ ។ តំណែងធំៗ ទាំងប៉ុន្មាន ច្រើនតែបានពួក ក្សត្រិយៈ ជាអ្នកកាន់កាប់ ។

ពួកមន្ត្រី

ពួកនេះមានឯកសិទ្ធិច្រើន ដូចជាមិនបាច់បង់ពន្ធ និងមិនបាច់បំពេញកិច្ចការសាធារណៈជាដើម ។ ពួកមន្ត្រីជាន់ខ្ពស់ និងពួកចៅហ្វាយស្រុកសុទ្ធតែបានព្រះរាជាតែងតាំងឡើង ហើយត្រូវធ្វើសច្ចាប្រណិធានថាស្មោះត្រង់បម្រើព្រះអង្គជានិច្ច ។

បព្វជិត

បាគូ : ទោះបីខ្មែរលែងកាន់សាសនាព្រាហ្មណ៍ទៀតហើយក៏ដោយ ក៏ព្រះមហាក្សត្រខ្មែរពុំបានបោះបង់ចោលទាំងស្រុងនូវប្រពៃណីខាងសាសនាព្រាហ្មណ៍ផងទេ ។ ដោយហេតុនោះហើយ ទើបគេឃើញនៅក្នុងព្រះបរមរាជវាំងនូវវត្តមានរបស់ពួក បាគូ ដែលជាកូនចៅរបស់ពួកព្រាហ្មណ៍បុរោហិតកាលពីសម័យមុនៗ មានសម័យអង្គរជាដើម ។ មានឯកសារខ្លះថាពួក បាគូអាចឡើងសោយរាជ្យបានក្នុងករណីណា​ដែលព្រះមហាក្សត្រសោយទិវង្គតទៅហើយគ្មានបុត្រ ឬញាតិណាអាចឡើងសោយរាជ្យស្នង ប៉ុន្តែក្នុងភាពពិតជាក់ស្ដែង គេពុំដែលប្រទះករណីបែបនេះសោះឡើយ ។

ពួកបាគូ មានឯកសិទ្ធិជាអ្នកថែរក្សា គ្រឿងសម្រាប់រាជ្យ មានព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ និងជាអ្នកប្រារព្ធធ្វើរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង ។ ម្យ៉ាងទៀត ពួកបាគូនៅមានឯកសិទ្ធិមិនបាច់បង់ពន្ធ មិនបាច់បំពេញកិច្ចការសាធារណៈ និងមិនបាច់កែនធ្វើទាហានទៀតផង ។

ព្រះសង្ឃ : ជាថ្នាក់សង្គមមួយពិសេស ព្រោះចៅក្រមដែលជាគ្រហស្ថ ពុំអាចកាត់សេចក្ដីចំពោះទោសកំហុសរបស់ព្រះសង្ឃ បានឡើយ ។ មានតែព្រះសង្ឃនាយក អាចផ្សឹក ព្រះសង្ឃដែលមានទោសបានហើយបញ្ជូនខ្លួនទៅអោយតុលាការពិសេសកាត់ទោស ។ ព្រះសង្ឃមានឯកសិទ្ធិដូចពួកបាគូដែរ ។

អ្នកជា (ពួកព្រៃងារ)

គេអាចប្រៀបធៀបពួកនេះទៅនឹងពួក វៃស្យៈ នៅក្នុងសង្គមឥណ្ឌា ។ ពួកនេះគេសំដៅយកប្រជារាស្ត្រទូទៅ ដែលប្រកបរបរស្រែចំការ លក់ដូរ នេសាទជាដើម ។

ខ្ញុំ

គេអាចប្រៀបពួកនេះទៅនឹងពួក សូទ្រៈ នៅក្នុងសង្គមឥណ្ឌា ។ មានខ្ញុំបីប្រភេទ ៖

  • ខ្ញុំស្ដេច : ជនដែលធ្លាក់ខ្លួនទៅជាខ្ញុំស្ដេច គឺពួកឈ្លើយសង្គ្រាម ជនប្រព្រឹត្តបទឧក្រិដ្ឋ ជនធានាអ្នកទោសឧក្រិដ្ឋដែលរត់រួច សម្លាប់គេ ធ្វើប្រាក់បន្លំ ដុតផ្ទះ ស្ត្រីដែលមានសហាយត្រូវប្ដីសម្លាប់និងកូនពួកខ្ញុំរបស់ស្ដេច ។

ខ្ញុំប្រភេទនេះ គេនៅហៅថា អ្នកងារ ដែលមានការបញ្ជាក់ពីឯកសារអក្សរសិល្ប៍ ។ យ៉ាងណាមិញ រឿងទុំទាវ បានប្រាប់យើងថា អ្នកស្រុកត្បូងឃ្មុំដែលបណ្ដោយអោយ អរជូន សម្លាប់ ម៉ឺនឯក (ទុំ) ដែលមានព្រះរាជសារជាប់នៅនឹងខ្លួននោះសុទ្ធតែត្រូវដាក់អោយទៅជា អ្នកងារ ទាំងអស់ ។ ម្យ៉ាងទៀតនៅពេលដែលព្រះចន្ទរាជា មានជ័យជំនះលើស្ដេចកន បក្សពួករបស់ស្ដេចកន បក្សពួករបស់ស្ដេចកន សុទ្ធតែត្រូវដាក់ជាអ្នកងារទាំងអស់ដែរ ។

គួរគប្បីជ្រាបថា ពួកខ្ញុំប្រភេទនេះច្រើនតែត្រូវបង្ខំ អោយធ្វើការជាទម្ងន់លើដីព្រះរាជទ្រព្យ ។ ក្នុងករណីខ្លះពួកនេះអាចរំដោះខ្លួនបាន ដោយសេចក្ដីអនុគ្រោះរបស់ស្ដេច ដោយលោះខ្លួនដោយប្រាក់ ដោយការជំនួស ដោយការសាងផ្នួស ។

  • ខ្ញុំវត្ត : ខ្ញុំប្រភេទនេះនៅមានឈ្មោះម្យ៉ាងទៀតហៅថា ពលព្រះ ឬ ពលព្រះរតនត្រៃ ។ រាជពង្សាវតារខ្មែរ បាននិយាយថាពួកខ្ញុំប្រភេទនេះមានកំណើតកើតមកតាំងពីរជ្ជកាល ព្រះបាទធម្មរាជាទី១ម្ល៉េះ ៖

ស្ដេច (ព្រះបាទធម្មរាជា) គង់ក្នុងភេទជាភិក្ខុភាវៈ៣ថ្ងៃហើយទ្រង់លាចាកសិក្ខាបទ ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទានបណ្ដារាស្ត្រ ជាអនេកអនន្តពន់ពេក ។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗថ្វាយទុកជាទាសាទាសីអោយរក្សាព្រះចេតិយ ព្រះវិហារសីមាសម្រាប់ បោសច្រាសសំអាត ។ ទ្រង់តាំងអោយមានមេពីរនាក់ជានាយត្រួតត្រារក្សា ។ អាស្រ័យហេតុនេះហើយបានជាមាន ពលព្រះស្រីរតនត្រៃ តាំងពីនោះរៀងមក ។

គួរគប្បីជ្រាបថា ពួក ពលព្រះ នេះទោះបីមានបុណ្យសក្ដិខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏នៅតែពុំអាចរំដោះខ្លួនអោយចេញផុតពីឋានៈនេះបានឡើយ ។ ព្រះបាទស្រីសុគន្ធបទ ទ្រង់មានបំណងរំដោះព្រះស្នំឯក (នាងស) និងស្ដេចកន ជាព្រះអនុជថ្លៃអោយរួចពីឋានៈពលព្រះ ។ ព្រះអង្គទ្រង់បានពិគ្រោះនឹងមន្ត្រីជាន់ខ្ពស់ តែមន្ត្រីទាំងនោះបានទូលវិញថា គ្រួសារណាមួយដែលធ្លាក់ខ្លួនទៅជាពលព្រះ ហើយ ត្រូវស្ថិតនៅឋានៈនោះអស់រយៈពេល៥០០០ឆ្នាំ ហើយព្រះរាជាក៏ពុំអាចធ្វើការរំដោះបានដែរ ព្រោះបើព្រះអង្គហ៊ានប្រព្រឹត្តដូច្នោះ អ្នកផងនឹងចោទថាព្រះអង្គពុំគោរពចំពោះព្រះរតនត្រៃ ឡើយ ។

ឯកសារខ្លះ បានបញ្ជាក់ថា ឋានៈ ពលព្រះ នេះគឺបានមកពី ៖

  • ម្ដាយជា ពលព្រះ
  • ធ្វើឃាតព្រះសង្ឃ
  • លួចទ្រព្យគរុភ័ណ្ឌ
  • ដុតវត្ត
  • ទោសកំហុសខ្លះប្រព្រឹត្តដោយព្រះសង្ឃ ដូចជាសាហាយស្មន់ ងប់ក្នុងកាមគុណ ធ្វើថ្នាំពន្លូតកូន ។ ល ។

ពួកខ្ញុំប្រភេទនេះទំនងជាមានជីវភាព មិនយ៉ាប់យឺតដូចខ្ញុំប្រភេទដទៃទៀតទេ ព្រោះព្រះសង្ឃតែងមានព្រះទ័យសប្បុរសចំពោះពួកនេះ ។

ខ្ញុំគេ : (ទាសៈ ទាសី) ពួកនេះគឺជាខ្ញុំកំដររបស់ពួកអ្នកជា ឬ ពួកមន្ត្រី ។ ឋានៈនេះ ត្រូវបានទៅជនណាដែលជំពាក់បំណុលគេហើយគ្មានប្រាក់សងវិញ បានទៅពួកឈ្លើយសង្គ្រាមឬពួកអ្នកស្រុកភ្នំដែលគេទៅចាប់យកមកដោយបង្ខំ ។ ពួកខ្លះអាចរំដោះខ្លួនបានតែមានខ្លះមិនអាចរំដោះខ្លួនបានឡើយ ។

ការរស់នៅ និងសេដ្ឋកិច្ច

ការរស់នៅរបស់អាណាប្រជានុរាស្ត្រក្នុងគ្រាស្រុកមានសន្តិភាព និងក្នុងគ្រាស្រុកមានចម្បាំងរាំងជល់ ឃើញថាមានលក្ខណៈខុសប្លែកគ្នាឆ្ងាយណាស់ ។

សេចក្ដីស្រង់ខាងក្រោមនេះពីសៀវភៅ Le Sdach Kan របស់លោក Adhemard Leclere អាចបញ្ជាក់ពីលក្ខណៈនេះបានខ្លះ :

Le royaume avait retrouve la paix d’autrefois et les habitants se disaient plus heureux sous le roi Kan qu’ils ne l’avaient jamais ete sous les rois de l’ancienne monarchie ។

ជាទូទៅ គេឃើញថាអាណាប្រជានុរាស្ត្រមានកាតព្វកិច្ចត្រូវ បង់ពន្ធជូនរាជការ ប៉ុន្តែក្នុងករណីខ្លះព្រះរាជា ទ្រង់សព្វព្រះរាជហឫទ័យលើកលែងមិនយកពន្ធបាន ដូចព្រះធម្មរាជាទ្រង់បានបញ្ជាអោយលើកលែងពន្ធរាជការខ្លួន និងពន្ធព្រះរាជធានី អស់រយៈកាល៣ឆ្នាំ ។ ចំណែកឯ ព្រះបាទស្រីជេដ្ឋាធិរាជ (ស្ដេចកន) កាលចម្បាំងឈ្នះព្រះបាទស្រីសុគន្ធបទហើយធ្វើពិធីរាជាភិសេកឡើងសោយរាជ្យនោះ ព្រះអង្គទ្រង់បង្គាប់អោយរាជការ លើកលែងអាណាប្រជានុរាស្ត្របានសម្បូណ៌សប្បាយ ។

ម្យ៉ាងទៀត អាណាប្រជានុរាស្ត្រតែងតែត្រូវកែនអោយបំពេញកិច្ចការធំៗ ដូចជាលើកផ្លូវ សង់ស្ពាន ជីកព្រែក ជីកអូរ លើកទំនប់ ។ល។ សម្រាប់បម្រើប្រយោជន៍រួម និងកិច្ចការខ្លះទៀតសម្រាប់បម្រើផលប្រយោជន៍របស់ព្រះរាជា ។

ក្រៅពីកិច្ចការទាំងប៉ុន្មានដែលត្រូវបំពេញដូចបានរៀបរាប់រួចមកហើយនេះ ពួកយុវជនក្នុងព្រះរាជាណាចក្រត្រូវជាប់កំណែនជាទាហានក្រៅកំណែនទៀត ។ នៅពេលណាស្រុកមានចម្បាំង ពួកទាហានប្រភេទនេះ ត្រូវគេកែនអោយចូលបម្រើកងទ័ពភ្លាមៗ ។

ក្នុងករណីស្រុកកើតចម្បាំង ទោះជាចម្បាំងគ្នាឯងក្ដី ចម្បាំងការពារជាតិក្ដី អាណាប្រជានុរាស្ត្រត្រូវជួបប្រទះនឹងទុក្ខវេទនាយ៉ាងខ្លាំង ព្រោះក្រៅពីកាតព្វកិច្ចទាំងប៉ុន្មានដែលត្រូវបំពេញខាងលើ រាស្ត្រត្រូវប្រមូលទ្រព្យសម្បត្តិ ស្បៀងអាហារផ្គត់ផ្គង់អោយកងទ័ពថែមទៀត ។ ពិសេសទៅទៀតក្នុងចម្បាំងនៅសម័យណាក៏ដូចនៅសម័យណាដែរ អាណាប្រជានុរាស្ត្ររមែងតែងតែស្លាប់ដោយខ្មាំងសត្រូវប្រហារផង ដោយជំងឺតម្កាត់ផ្សេងៗផង ។ ឆ្លៀតឱកាសដែលមានការវឹកវរដូច្នោះ ចោរខ្មួញតែងតែកម្រើកថ្លើមធំ ប្លន់កាប់ចាក់នៅគ្រប់ស្រុកគ្រប់តំបន់ ។

ក្នុងវិស័យសេដ្ឋកិច្ច គេសង្កេតឃើញមានសកម្មភាពផ្សេងៗ ដូចតទៅ:

  • កសិកម្ម : កសិកម្មទំនងជាសកម្មភាពសេដ្ឋកិច្ចសំខាន់ជាងគេ ព្រោះគេបានសង្កេតឃើញថាអ្នកដឹកនាំជាតិ តែងតែយកចិត្តទុកដាក់នឹងបញ្ហាទឹកណាស់ ។ ក្នុងការស្ថាបនារាជធានីថ្មីម្ដងៗ ព្រះរាជាតែងនឹកគិតទៅដល់ដីធ្លីសម្រាប់អោយរាស្ត្រធ្វើស្រែចម្ការ និងការជីកអូរ ជីកប្រឡាយ ជីកព្រែកសម្រាប់យកទឹកផ្គត់ផ្គង់ដល់មុខរបរនេះទៀត ។ ក្នុងរជ្ជកាលរបស់ព្រះ ចន្ទរាជាព្រះអង្គទ្រង់បានបញ្ជាអោយកាប់ឆ្ការព្រៃ ដើម្បីពង្រីកទំហំដីស្រែចំការ ។ ក្នុងគ្រាមានចម្បាំងគ្នាឯងក្នុងស្រុក តែកាលណាដល់រដូវវស្សាគេតែងតែស្រុះស្រួលគ្នាទាំងសងខាង ដើម្បីរំសាយកងទ័ពផ្អាកសង្គ្រាមអោយទាហានត្រឡប់ទៅកាន់ទីលំនៅរៀងខ្លួន និងប្រកបរបរស្រែចម្ការ ។ ធ្វើយ៉ាងនេះឃើញថា ដូនតាយើងលោកយល់ច្បាស់ណាស់នូវសារៈសំខាន់របស់សេដ្ឋកិច្ចក្នុងពេលចម្បាំងគឺ ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ។ យ៉ាងណាមិញប្រសិនបើគ្មានបាយទេ ទាហាន និងអាណាប្រជានុរាស្ត្រទូទៅនឹងត្រូវដាច់ពោះស្លាប់ ហើយគេក៏គ្មានលទ្ធភាពនឹងធ្វើចម្បាំងតទៅទៀតដែរ ។

ក្នុងសម័យលង្វែក គឺនៅពេលដែលព្រះរាជាខ្មែរបានទាក់ទងជាមួយអ្នកផ្សាយសាសនាព័រទុយហ្គាល់ និងអេស្ប៉ាញព្រះអង្គតែងបានផ្ដល់ទេយ្យទានជាអង្ករដល់ពួកអ្នកទាំងនោះដែលរស់នៅក្នុងប្រទេសខ្មែរផង និងដល់អង្គការធំខាងផ្សាយសាសនានៅ ម៉ាឡាកា(Malacca) ផង ។

ពាណិជ្ជកម្ម : ដោយសារទន្លេមេគង្គជាផ្លូវគមនាគមន៍មួយយ៉ាងសំខាន់ ក្រុងចតុមុខក៏ក្លាយទៅជាកំពង់ផែមួយដែលមានឈ្មួញបរទេសចេញចូលលក់ដូរតាំងពីរជ្ជកាល ព្រះបរមរាជាទី២ ចៅពញាយ៉ាត ម្ល៉េះ ។ ដល់មកសម័យព្រះចន្ទរាជា និង ស្ដេចកន ច្បាំងគ្នាឯង គេឃើញមេទាំងពីរនេះសុទ្ធតែបានបញ្ជាអោយដឹកទំនិញយកទៅលក់ឯបរទេស ហើយទិញយកគ្រឿងសស្ត្រាវុធមកវិញ ។ តាមឯកសារអឺរ៉ុប ព្រះបរមរាជាទី៤ កាលដែលទាក់ទងជាមួយជនជាតិអឺរ៉ុបនោះ ព្រះអង្គទ្រង់មានសង្ឃឹមថាសកម្មភាពខាងជំនួញនឹងកើតមានឡើង បន្ទាប់ពីការមកដល់របស់ពួកបព្វជិតតែព្រះអង្គពុំបានទទួលផលល្អក្នុងវិស័យនេះឡើយ ។ ក៏ប៉ុន្តែបើតាមប្រភពដដែលនោះ ឃើញថាក្នុងរជ្ជកាលក្រោយៗមកទៀតមានឈ្មួញបរទេសជាច្រើនគឺ ចិន ជប៉ុន ជ្វាបានមកធ្វើជំនួញក្នុងប្រទេសខ្មែរតាមផ្លូវទឹក ជាពិសេសនៅកំពង់ផែចតុមុខនេះឯង ដែលជាផ្សារលក់គ្រឿងទេស ភ្លុកដំរីស្បែកសត្វ ជ័រកំញាន ។ ល ។

សិប្បកម្ម និង ឧស្សាហកម្ម : ឧស្សាហកម្មដែលសំខាន់ជាងគេទំនងជាការស្លដែកនេះ ។ ឧស្សាហកម្មប្រភេទនេះ មានសន្ទុះខ្លាំងដោយមានការទំនុកបម្រុង ពីព្រះចន្ទរាជា ។ ប៉ុន្តែរបរប្រើដែកជាវត្ថុធាតុដើមមានរបរដំដែកជាដើម ឃើញមានសកម្មភាពរួចទៅហើយ តាំងពីរជ្ជកាលព្រះបាទ ចៅពញាយ៉ាត ម្ល៉េះ ។

ជំនឿ និងទំនៀមទម្លាប់

ទោះបីនៅសម័យនោះ ព្រះពុទ្ធសាសនាបានជ្រួតជ្រាបចូលក្នុងសង្គមខ្មែរហើយក៏ដោយ ក៏ជនជាតិខ្មែរយើងពុំបានលះបង់ចោលនូវជំនឿដើមរបស់ខ្លួនឡើយ ។ យ៉ាងណាមិញ តាំងពីព្រះរាជាដល់ប្រជារាស្ត្រតូចតាចគ្រប់ជាន់ថ្នាក់សុទ្ធតែជឿលើ ខ្មោចបិសាច អារក្ស អ្នកតា បង់បត់ ។ ល ។ រាជពង្សាវតារខ្មែរបាននិយាយថាកាលកសាងរាជធានីចតុមុខ ព្រះបរមរាជាពញាយ៉ាត ទ្រង់ចាត់អោយសាងខ្លាងមឿង (អ្នកតាចាំស្រុក) មួយនៅខាងមុខវត្តឧណ្ណាលោម និងរូបអ្នកតា បង់បត់ជាច្រើនកន្លែងទៀត ទុកជាទ្វារព្រះនគរ ជាបង្ការសឹកសង្គ្រាមពីប្រទេសជិតខាង ។​ តាពេជដែលបានបូជាជីវិត ដើម្បីទៅកែនទ័ពបិសាច មកជួយអាសាព្រះចន្ទរាជា ក្នុងគ្រាច្បាំងជាមួយ ស្ដេចកន នោះបានក្លាយទៅជាអ្នកតា១រូប ដែលប្រជារាស្ត្រខ្មែរបានធ្វើពិធីគោរពបូជា ជារៀងរាល់ឆ្នាំ ។

ក្នុងវិស័យជំនឿលើខ្មោចនេះ គេជឿទៀតថា ដើម្បីកសាងទំនប់ទឹកឬព្រះវិហារអោយ ជាប់ល្អគេត្រូវយកអ្នកទោសអស់ជីវិតទៅកប់ក្រោមទំនប់នោះ ឬគេត្រូវយកខ្មោចទៅទ្រាប់បាតសសរព្រះវិហារ ។

ម្យ៉ាងទៀត ខ្មែរនៅគ្រប់ជាន់ថ្នាក់សុទ្ធតែយល់ថា ការយល់សប្តិជាការប្រាប់អោយដឹងមុនពីហេតុការណ៍ដែលបម្រុងនឹងកើតឡើង ម៉្លោះហើយគេតែងតែអោយហោរទស្សន៍ទាយមើលមិនដែលខាន ជាពិសេសក្នុងមជ្ឈដ្ឋានបរមរាជវាំងដែលពួកហោរាជាមន្ត្រីមួយប្រភេទ ចាំតែបំពេញមុខការខាងទស្សន៍ទាយនេះឯង ។

ក្រៅពីនេះ ខ្មែរនៅមានជំនឿមាំលើពាក្យសម្បថដែលគេយល់ថា មានលក្ខណៈសក្ដិសិទ្ធិណាស់ ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ពួកសេនាទាហានសុទ្ធតែត្រូវផឹកទឹកពិភទ្ទសច្ចាជារៀងរាល់ឆ្នាំ ជាការសម្ដែងភក្ដីភាពរបស់ខ្លួនចំពោះព្រះមហាក្សត្រ ។

រាជពង្សាវតារខ្មែរបានកត់ទុកនូវពិធីជាទំនៀមទម្លាប់យ៉ាងសំខាន់ពីរ គឺពិធី បុណ្យចូលឆ្នាំថ្មី១ និង ពិធីបុណ្យអុំទូក១​ ។

បុណ្យចូលឆ្នាំថ្មី ទំនងជាពិធីបុណ្យសំខាន់ជាងគេ ពីព្រោះទោះបីមានកើតចម្បាំងគ្នាឯងក៏ដោយក៏គេត្រូវផ្អាកចម្បាំងនោះសិនដើម្បីបានរៀបចំពិធីបុណ្យនោះ ។ ឯពិធី បុណ្យអុំទូក ជាឱកាសមួយដែលគេធ្វើការប្រណាំងទូក លយកន្ទោងធំ ទូកប្រទីប និងអុជកាំជ្រួច ។ គេថាធ្វើដូច្នេះ គឺដើម្បីថ្វាយទៅព្រះចង្កូមកែវដែលតម្កល់នៅពិភពនាគ ឯការអុជកាំជ្រួចរន្ទាគឺថ្វាយទៅចូឡាមណីចេតិយដែលតម្កល់ព្រះចង្កូមកែវនៅស្ថានត្រៃត្រឹង្ស ។

វប្បធម៌

អក្សរ-ភាសា-អក្សរសិល្ប៍

គួរគប្បីរំលឹកឡើយវិញថា ចាប់តាំងពីដើមស.វ.ទី១៤រៀងមក គេពុំឃើញមានសិលាចារឹកនៅប្រទេសខ្មែរទៀតទេ ។ លុះដល់មករជ្ជកាលរបស់ព្រះចន្ទរាជា ទោះបីពេលនោះរាជធានីពិតប្រាកដតាំងនៅក្រុងលង្វែកក៏ដោយ ក៏ព្រះរាជាខ្មែរតែងនិយមនាំពួកបរិវារទៅគង់នៅតំបន់អង្គរជាហូរហែររៀងមក ។ គឺក្នុងសម័យនោះហើយដែលខ្មែរបានកសាងសិលាចារឹកឡើងវិញ ។ សិលាចារឹកទាំងនោះគេបានចារទុកនៅប្រាសាទ នគរវត្តជា ៣អន្លើ គឺនៅទីដែលហៅថា ព្រះពាន់ ត្រង់ដែលមានព្រះពុទ្ធរូបច្រើននោះខ្លះ នៅថ្នាក់លើបំផុតដែលហៅថា បាកាណ នោះខ្លះ និងនៅព្រះរបៀងថ្នាក់ក្រោម ។ សិលាចារឹកទាំងនោះមានទាំងអស់៤០ផ្ទាំងមានចុះកាលកំណត់ពីគ.ស.១៥៦៥ដល់១៧៤៦ប៉ុន្តែសករាជដែលប្រើគឺជាមហាសករាជ ។ សេចក្ដីក្នុងសិលាចារឹកនោះនិយាយពីរឿងធ្វើបុណ្យផ្សេងៗ គឺប្រោសខ្ញុំអោយរួចជាអ្នកជា បំបួសមនុស្ស លាបំណន់ សាងព្រះ សាងពិតាន និងថ្វាយរបស់ជាពុទ្ធបូជា ។ ល ។ ជារបស់ស្ដេចខ្លះ មន្ត្រីខ្លះ រាស្ត្រខ្លះ ។

ចំពោះសេចក្ដីក្នុងសិលាចារឹកទាំងនោះ អ្នកស្រាវជ្រាវខ្មែរមួយក្រុមបានបន្ថែមសេចក្ដីទៀតថា សេចក្ដីអស់នេះ ជាពាក្យរបស់អ្នកចាលចាញ់ ហើយមានទីពឹងទីរលឹកចំពោះព្រះរតនត្រ័យប៉ុណ្ណោះជាអ្នកសុខចិត្តទទួលសេចក្ដីលំបាកវេទនាដោយយល់ថាជាផលកម្មអាក្រក់ដែលខ្លួនបានប្រព្រឹត្តិមកហើយក្នុងអតីតជាតិ តែពុំបានអស់កម្លាំងសេចក្ដីប្រឹងប្រែងឡើយ តែងខំសន្សំបុណ្យកុសលដើម្បីសេចក្ដីចម្រើនដែលខ្លួន និងដល់ប្រទេស ។

ភាសាដែលប្រើក្នុងសិលាចារឹកទាំងនោះ ជាភាសាខ្មែរធម្មតាក្នុងសម័យកណ្ដាល មានពាក្យពេចន៍បុរាណលាយឡំខ្លះដែរ តើយើងអាចមើលយល់សេចក្ដីបានច្រើន ។

ជាការគួរអោយស្ដាយពេកណាស់ សាស្ត្រាស្លឹករិត និង ក្រាំង ក្នុងសម័យដែលយើងលើកយកមកសិក្សានេះត្រូវវិនាសបាត់បង់ខ្ទេចខ្ទីអស់ជាច្រើន នេះទំនងជាមកពីសត្រូវជិតខាងកាលដែលចូលមកលុកលុយស្រុកទេសយើង គេនាំគ្នាដឹកជញ្ជូនយកទៅទុកជាទ្រព្យសម្បត្តិផ្ទាល់ទៅ ហើយម្យ៉ាងទៀតប្រហែលជាត្រូវភ្លើងឆេះក្នុងគ្រាមានសង្គ្រាមនោះហើយ ។

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s