កម្ពុជាសម័យអាណាចក្រចេនឡា

កូអរដោនេ: 11°33′N 104°55′E

ចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។

អាណាចក្រចេនឡា
ចក្រភព
←  សតវត្សទី៦–សតវត្សទី៩  →
រាជធានី/រដ្ឋធានី ភវបុរ ឥសានបុរ
ភាសា ខ្មែរបុរាណ
សាសនា ព្រះពុទ្ធសាសនា ព្រហ្មញ្ញ
របបគ្រប់គ្រង រាជាធិបតេយ្យ
សម័យប្រវត្តិសាស្ត្រ មជ្ឈិមសម័យ
 – សាមន្តរដ្ឋនៃហ៊្វូណន សតវត្សទី៦
 – បន្តដោយចក្រភពខ្មែរ សតវត្សទី៩

ចេនឡា (រឺ Zhēnlà 真蠟) (វ៉េដ-ហ្កាយល៍: Chēn-là) គឺការដាក់ឈ្មោះជាភាសាចិនចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាវៀតណាម (ដែលមាននៅក្នុងការបញ្ចេញសំលេងចិន-វៀតណាម) ។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ដោយបេសកជនចិន ជីវ តាក្វាន់ (周達觀) អ្នកនិពន្ធ ចេនឡា ផ្វុងធូជី (លក្ខណៈនិងទំនៀមទម្លាប់នៃកម្ពុជា) (真蠟風土記) ។ ពួកអ្នកប្រាជ្ញសម័យទំនើបខ្លះ បានប្រើឈ្មោះនេះសម្រាប់តែរដ្ឋខ្មែរខ្លះកំឡុងពីចុងសតវត្សទី៦ដល់ដើមសតវត្សទី៩ ។

ផ្ដើមដំបូងក៏បានហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក [១] អាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែកដែលគេមិនសូវស្គាល់ ។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២]មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវរ្ម័នជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមាសរ្ម័ន (Somaśarman) និង ជាព្រះភគិនីនៃព្រះបាទភវវរ្ម័នប្រាកដមែន ។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn)នៅបាសាក់/ឡាវ (K.៣៦៣) [៣] ព្រះបាទវីរវរ្ម័នក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនដែរ ដែលជាព្រះកនិដ្ឋភាតានៃព្រះបាទភវវរ្ម័ន ។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេពK. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E)[៤]ដែលផ្ដល់ពត៌មានថាព្រះបាទភវវរ្ម័នជាបុត្រនៃព្រះធិវិន្ទ្រវរ្ម័ន (Prathivīndravarman) និងជាព្រះនត្តានៃព្រះចក្រវរ្ទិន (Cakravartin) រីឯសិលាចារឹកមួយទៀតមកពីផាក់មុន (Pak Mun)នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [៥] ឲយើងដឹងថានាមនៃបិតាព្រះបាទវីរវរ្ម័នមានព្រះនាមថាសារ្វភឧមា(Sārvabhauma) ។ សិលាចារឹកទាំងនេះសំដៅលើទឹកដីដ៏ធំមួយដែលគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ ។ ត្រូវបានកត់ត្រានៅក្នុងសិលាចារឹកK. ១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) ដែលប្រាកដជានរសិម្ហគុប្ត (Narasiṃhagupta) ដែលគឺជាបរិវារ (សមានតន្រ្ប ឬ sam­ān­tanṛpa) នៃអ្នកស្នងរាជ្យបន្តព្រះបាទភវវរ្ម័នទី១ គឺព្រះបាទមហេន្ទ្រវរ្ម័ន (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេន) និងព្រះបាទឦសានវរ្ម័នបានបានកសាង ឡើងនៅថ្ងៃ១៣មេសាឆ្នាំ៥៩៨កំឡុងរជ្ជកាលព្រះបាទភវវរ្ម័ននូវរូបបដិមាតំណាងនៃកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ) ។[៦] មានការស្របគ្នាជាច្រើន ជាមួយនឹងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡារឺZhēnlà សួយស្ឈូ រឺSuí shū (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) (隋書) បានចងក្រងដោយ វ៉ី ចឹង រឺ Wèi Zhēng (魏徵) (៥៨០-៦៤៣)នៅឆ្នាំ៦៣៦គ.ស. ដែលក្នុងនោះផ្ដល់ពត៌មានថានៅផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ីណា រឺ Zhìduōsīnà (ចិត្រសេន) (質多斯那)និង អ៊ីស្ឆិនណាសៀនតាយ រឺ Yīshēnàxiāndài (ឦសានវរ្ម័ន) (伊奢那先代) ។ រាជធានីក្រោយមកទៀតគឺឦសានបុរThe capital of the latter was Īśānapura,[៧] ពេលនោះអ្នកស្នងរាជ្យមុនព្រះអង្គភវវរ្ម័នទី១ នៅគង់នៅភវបុរ ជាកន្លែងមួយដែលទំនងជាតាំងនៅក្នុងបរិវេណ ទីរួមស្រុកថាឡាបរិវ៉ាត់នាសម័យទំនើបនេះ (13°33’ N, 105°57’ E) ។[៨]

បញ្ហាឈ្មោះចេនឡា

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖

១.សម្មតិកម្មលោកផូលផេលាត (Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និង រាប ចិន+រាប > ចិនឡា គេបានពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិន ហើយទទួលជោគជ័យក៏បានឲឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបានក្លាយជាចេនឡាទៅ ។

២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបានពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លាទើបមានឈ្មោះថាចិនលាៗ ដូច្នេះ ។

៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម)មានន័យថាស្រុកក្រមួនសុទ្ធ ។

៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។

៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា ‘….ហើយពុំទាន់មានស្ដេចទេ គឺមានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង ។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូងភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុកចិន ទើបបានជាមានពាក្យថាចិនឡា ។ មួយទៀតថា ដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថាសុវណ្ណភូមិនោះឯង ‘

៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេងទៀតរបស់ក្រុងវៀងចន្ទ (Vientiane) ។ លោកពន្យល់ថាមាននាមសព្ទជាច្រើន បានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើងជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai) ។ ទំរាំមានអំនះអំនាងមកប្ដូរវិញ ។[៩]

ទីតាំងភូមិសាស្ត្រ

ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន … ។

ចម្បាំងចេនឡានិងអាណាចក្រភ្នំ

យើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវរ្ម័ន បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ៥៣៩ ។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រភ្នំបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រភ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ ។ អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រភ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសឡាវសព្វថ្ងៃនេះ ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម១០០០នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា ។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់ ។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរាដែលព្រះឥសូរប្រទានឲធ្វើព្រះមហេសី ។ ស្ដេចដំបូងមានស្រុតវរ្ម័ន ឯរាជបុត្រព្រះនាមស្រេស្ធវរ្ម័ន ហើយបានកសាងក្រុងស្រេស្ឋ-បុរដែលប្រហែលជានៅតំបន់បាសាក់ ។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲផុតពីច្រវាក់សួយសាអាករ ដោយខំរើបំរះខ្លួនពីការគ្រប់គ្រងអាណាចក្រភ្នំ ។ នៅពាក់កណ្ដាលទី២នៃសតវត្ស៦ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំង បានវាយលុកនឹងអាណាចក្រភ្នំ។ កាលណោះព្រះបាទភវរ្ម័នទី១ជាបុត្រព្រះវីរវរ្ម័នត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវរ្ម័នទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាងមាតាព្រះបាទស្រេស្ឋវរ្ម័ន ។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រភ្នំ) ។ បុព្វហេតុនៃចម្បាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្រះបាទភវវរ្ម័នលើកទ័ពមកតទល់ នឹងការដណ្ដើមរាជ្យបល្ល័ង្ករបស់គុណវរ្ម័ន ។ មូលហេតុមួយទៀតគេថាមក ពីទំនាស់សាសនាគឺថារុទ្រវរ្ម័នកាន់សាសនាព្រះពុទ្ធ រីឯភវវរ្ម័នកាន់សាសនាព្រះឥសូរ ។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ពីដើមនៅហ៊្វូណនព្រះធម៌បានចំរើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវរ្ម័ននេះហើយ ។ តែលោកបឺនាដ ភ្វីលីព ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ៥៥០ព្រះបាទភវវរ្ម័នបានវាយលុកនគរភ្នំ ដើម្បីបង្កើតរាជាណាចក្រខ្មែរ ។ យើងឃើញថានេះជាមូលហេតុដែលមានចម្បាំងចេនឡានិងអាណាចក្រភ្នំ បូករួមទាំងទំនាស់រាជបល្ល័ង្កផង ។ នៅពាក់កណ្ដាលសតវត្សទី៦ ភវវរ្ម័នទី១និងប្អូនជីដូនមួយ (បើតាមសៀវភៅប្រវត្តិសាស្ត្រត្រឹងងារ) របស់ព្រះអង្គព្រះនាមចិត្រសេន បានផ្ដើមការវាយលុកនគរភ្នំ ។ បើតាមសិលាចារឹករបស់ព្រះភវវរ្ម័ន និងប្អូនជាដូនមួយចេនឡាបានវាយសំរុកចូល ដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូលនិងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប ។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រភ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ ។[១០]

ប្រវត្តិសាស្ត្រ

គឺព្រះបាទឦសានវរ្ម័ននេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីហ៊្វូណនបុរាណដែលដឹកនាំ ស៊ីន ថាង ស្ឈូ រឺ Xīn Táng shū (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង សៀវ រឺ Ōuyáng Xiū (歐陽修) (១០០៧-១០៧២) និង សុង ឈី រឺ Sòng Qí (宋祁) (៩៩៨-១០៦១) នៅឆ្នាំ១០៦០គ.ស.ដើម្បីដាក់ការសញ្ជ័យយ៉ាងមានប្រសិទ្ធិភាពឲទៅជាប្រទេសរបស់ព្រះអង្គ ។ កាលបរិច្ឆេទដែលគេស្គាល់ដើមដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវរ្ម័ន ដែលជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ គឺថារាជទូតទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិនទៅដល់ក្នុងរាជសវនការសួយនៅឆ្នាំ៦១៦-១៧ ។ ស្ដេចអង្គនេះក៏ត្រូវបានគេស្គាល់ដោយសារតែសិលាចារឹកផ្ទាល់ព្រះអង្គដែរ មួយបានចារឹកនៅឦសានបុរ ចុះកាលបរិច្ឆេទ ថ្ងៃទី១៣កញ្ញា ឆ្នាំ៦២៧គ.ស. (K. ៦០៤)[១១] មួយទៀតនៅខៅណយ រឺ Khău Nôy (ប្រទេសថៃ) ចុះកាលបរិច្ឆេទ៧ឧសភាឆ្នាំ៦៣៧ (K. ៥០៦) ។[១២] បន្ទាប់ពីព្រះបាទឦសានវរ្ម័ន ដែលបានផ្អាករជ្ជកាលនៅប្រហែលឆ្នាំ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងនូវស្ដេចមួយអង្គ ព្រះនាមភវវរ្ម័នទី២ ។ សិលាចារឹកមានចុះកាលបរិច្ឆេទតែប៉ុណ្ណេះ ដែលយើងមានពីព្រះអង្គ គឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទ ថ្ងៃ៥មករា ឆ្នាំ៦៤៤ [១៣] និងនៅពញាហូរ (Poñā Hòr) ខាងត្បូងតាកែវ (K. ២១)[១៤] បានចុះកាលបរិច្ឆេទថ្ងៃពុធ ទី២៥មិនា ឆ្នាំ៦៥៥ ។ ក្រោយបន្តមកទៀតដូចជាមានស្ដេចមួយអង្គពិតប្រាកដមែនព្រះនាម ចន្ទ្រវរ្ម័ន (Candravarman) ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K. ១១៤២ [១៥] ដោយមិនស្គាលដើមកំណើត ដែលជាអ្នកមកពីគ្រួសារនៃព្រះបាទឦសានវរ្ម័ន ។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវរ្ម័នគឺជាស្ដេចល្បីល្បាញបំផុត ព្រះបាទជ័យវរ្ម័នទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់គឺបានមកពីទួលកោះព្រះ (Tûol Kôk Práḥ) ខេត្តព្រៃវែង (K. ៤៩៣) [១៦] និងពីបាសិត(Bàsêt) ខេត្តបាត់ដំបង (K. ៤៤៧)[១៧] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅថ្ងៃ១៤មិថុនា ឆ្នាំ៦៥៧ ។ សិលាចារឹក១៩រឺ២០ខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ដែលបានរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង ។ តាមរយៈ ស៊ីន ថាង ស្ឈូ រឺ Xīn Táng shū អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យ៉ុងហួយ yǒnghuī (永徽) (ឧ.បន្ទាប់ពីថ្ងៃទី៣១មករា ឆ្នាំ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន ។ [១៨] រជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ បានបន្តប្រហែលជា៣០ឆ្នាំនិងបានបញ្ចប់ទំនងជាបន្ទាប់ពីឆ្នាំ៦៩០មក ។ វាហាក់បីដូចជាបន្ទាប់ពីការសោយទីវង្គត់នៃព្រះបាទជ័យវរ្ម័នទី១ (សិលាចារឹកដែលបានស្គាល់ពីព្រះអង្គចុងក្រោយ K. ៥៦១ [១៩] ត្រូវបានចុះកាលបរិច្ឆេទ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន ។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាងK. ៩០៤[២០] បានចុះកាលបរិច្ឆេទនៅថ្ងៃពុធ ទី៥មេសា ឆ្នាំ៧១៣ នៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាល ស្ឆិនឡុង រឺ shénlóng (神龍) (ឧ.បន្ទាប់ពី ខែកុម្ភៈ ឆ្នាំ៧០៧សតវត្សទី៦) ចេនឡាបានប្រែជាបែកជាពីររាជាអាណាចក្រ លូចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេនឡាគោក” ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ដែលសំបូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹង ចាប់ពីឡាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា រឺ Shuīzhēnlà (水真蠟) (“ចេនឡាទឹក”) ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។[២១][២២] និងបានត្រឡប់ទៅជារដ្ឋអនាធិបតេយ្យ ដែលមានបន្តមកតាំងពីមុនវាត្រូវបានរួបរួមក្រោមក្រុមស្ដេចហ៊្វូណន និងស្ដេចដំបូងនៃចេនឡា ។ មូលហេតុនៃការបែកបាក់នេះគឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកំសោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឲចេនឡាបែកជាពីរដូច្នេះ ។[២៣]

ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវរ្ម័ននិងព្រះបាទស្រេស្ឋវរ្ម័ន រឺ ព្រះបាទបុស្ករាក្សត្រូវបានបញ្ជាក់ជាច្រើនក្រោយមកទៀតក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល ទាំងអស់ដែលយើងដឹងអំពីចេនឡាដីគោក គឺដោយសារតែចេនឡាដីគោកបានបញ្ជូករាជទូតទៅប្រទេសចិនក្នុងឆ្នាំ៧១៧ ។ រាជទូតមួយផ្សេងទៀតទៅទស្សនកិច្ចចិននៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច ។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវ៉ិនតាន (ចេនឡាដីគោក) បានទៅទស្សនកិច្ចចិនក្នុងឆ្នាំ៧៥៣ និងចូលរួមក្នុងជួរកងទ័ពចិនអំឡុងយុទ្ធនាការសឹកប្រឆាំងនឹងនគរណានចាវ រឺ Nánzhāo (南詔) ក្នុងឆ្នាំបន្តបន្ទាប់ ។[២៤] បន្ទាប់មកទៀតរាជទូនវ៉ិនតាន រឺ Wèndān នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) ។ នៅឆ្នាំ៧៩៩ បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ តាមរយៈអ្នកគ្រប់គ្រងនៃសម្ភុបុរត្រូវបានចារដោយសិលាចារឹកK. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៥] ជាស្ដេចឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបីអង្គ ន្លបតេន្ទ្រទេវី (Nṛpatendradevī) ជយេន្ទ្រភា(Jayen­dra­bhā) និង ជ្យេស្ឋារ្យា (Jyeṣṭhāryā) ។ សិលាចារឹកទាំងពីរសំដៅលើអ្នកគ្រប់គ្រងម្នាក់ព្រះនាមថាជ័យវរ្ម័ន៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០មេសា ឆ្នាំ៧៧០[២៦] សិលាចារឹកទីពីរ មកពី ល្បុកស្រុត (Lobŏ’k Srót)នៅបរិវេណក្រចេះក្បែរសម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ៧៨១ ) ។[២៧] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជ័យវរ្ម័នទី១(ស្ទួន)ប៉ុន្តែទំនងជាព្រះអង្គដូចគ្នាជាមួយនឹងព្រះបាទជ័យវរ្ម័នទី២ បិតាស្ថាបនិកអាណាចក្រអង្គរ តាមលោកវីខខឺរីបានគូសបង្ហាញ៖មិនមែនមានតែព្រះបាទជ័យវរ្ម័នទី២មកពីភាគខាងត្បូង គឺបន្ថែមជាងនេះមានស្ដេចដែលគេស្គាល់ផ្សេងទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយវ្យាធបុរ ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ប្រាកដមែន:ទី១០កុម្ភៈ ឆ្នាំ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ១០៦៩ [K. ៤៤៩មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣មិនា ឆ្នាំ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាកំណត់ត្រាជាក់លាក់អំពីព្រះបាទជ័យវរ្ម័នទី២ ដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបង់ ។[២៨]

បំរែបំរួលប្រជាករ និងស្ថានភាពសង្គម

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។
ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។
ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។

អរិយធម៌

អរិយធម៌ចេនឡាត្រូវពឹងផ្អែកលើឯកសារចិនរាជវង្សសួយ ដែលកត់ត្រាក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ហើយលោកម៉ា តួនលិនបានចម្លងដាក់ក្នុងសៀវភៅ ការសិក្សាពីប្រជារាស្ត្រក្រៅប្រទេសចិនរបស់លោកនៅសតវត្សទី១៣ ។[២៩]

ជីវភាពមនុស្ស

មនុស្សនៅសម័យនោះ មាឌតូចហើយសម្បុរខ្មៅ ដូចមនុស្សនគរភ្នំដែរ ស្រីៗភាគច្រើនសម្បុរស (នេះមកពីមានការចូលម្លប់ទេដឹង) ។ ទាំងប្រុសស្រីបួងសក់ ហើយពាក់រយ៉ាថែមទៀត ។ លក្ខណៈរូបរាងកាយបែបនេះឃើញថា ដូចពួកខ្មែរលើដែលរស់នៅតំបន់ខ្ពង់រាបសព្វថ្ងៃច្រើន ។ ពួកអ្នកស្រុកចេនឡាមានគំនិតឆ្លាតវាងវៃនិងមានមាឌមាំមួនទៀតផង ។ គេចាត់ទុកដៃស្ដាំបរិសុទ្ធហើយដៃឆ្វេងមិនបរិសុទ្ធ ។ រាល់ព្រឹកគេលុបលាងមុខចាក់ធ្មេញរួចអានសៀវភៅរឺសូត្រធម៌ ។ មុនពេលហូបអាហារគេតែងលុបលាងសាជាថ្មីលុះទទួលទានរួចហើយគេតែងចាក់ធ្មេញ ហើយគេសូត្រធម៌ជាថ្មីថែមទៀត ។ ក្នុងម្ហូបអាហារគេចូលចិត្តប្រើទឹកដោះគោស្ករគ្រាប់ល្អិត បាយនិងmillet ។ គេនិយមរាប់ញាតិខ្សែខាងម្ដាយ (សិលាចារឹក) ។ ការរើសគូរស្រករវិញគឺប្រុសៗទៅដណ្ដឹងស្រីៗ ឃើញថាសម័យនេះខុសពីសម័យភ្នំ ។ មុនដំបូងប្រុសៗត្រូវលើកជំនូនទៅខាងស្រី បន្ទាប់មកខាងស្រីត្រូវរើសថ្ងៃមង្គលការ ដើម្បីនាំកូនស្រីទៅផ្ទះកូនប្រុស តាមរយៈមេអណ្ដើកម្នាក់ ។ គ្រួសារទាំងសងខាងត្រូវនៅផ្ទះរហូតរយៈពេល៨ថ្ងៃ ហើយអុជចង្កៀងទាំងយប់ទាំងថ្ងៃ ។ លុះមង្គលការចប់ហើយ កូនប្រុសទទួលកេរមត៌កពីឪពុកម្ដាយខ្លួន ហើយទៅរស់នៅបែកផ្ទះដោយឡែក ។ ដល់ឪពុកម្ដាយស្លាប់ទៅ កូនណាដែលនៅលីវនឹងទទួលបាកកេរមរតកដែលនៅសេសសល់ បើសិនជាកូនទាំងអស់នោះមានប្ដីប្រពន្ធអស់ ហើយទ្រព្យសម្បត្តិទាំងនោះត្រូវយកទៅដាក់ក្នុងឃ្លាំងជាតិ ។ ក្នុងពិធីបុណ្យសពកូនទាំងអស់ត្រូវអត់បាយ៧ថ្ងៃ និងកោរសក់ហើយត្រូវយំស្រែកខ្លាំងៗ ។ ក្រុមគ្រួសារសព ភិក្ខុនិងភិក្ខុនីដើរដង្ហែសពដោយមានច្រៀងនិងលេងភ្លេងផង ។ សពគេបូជាក្នុងបច្ឆាសង់ពីឈើក្រអូប រួចគេរើសធាតុដាក់ក្នុងកោដ្ឋមាសឬប្រាក់រួចយកទៅបោះចូលក្នុងទឹក ។ ពួកអ្នកក្រប្រើកោដ្ឋដីមានលាបពណ៌ផ្សេងៗ អ្នកខ្លះយកសពបោះចោលទៅក្នុងព្រៃស្មសានឲសត្វស៊ី ។ ទម្លាប់មួយទៀតរបស់អ្នកស្រុកមួយទៀត គឺពេលចេញទៅណាមកណាមានពាក់អាវក្រោះនិងកាន់អាវុធ ហើយបើមានរឿងបន្តិចបន្តួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម ។[៣០]

នយោបាយនិងរដ្ឋបាល

ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន រាជធានីតាំងនៅឦសានបុរហើយមានគ្រួសារ២០០០គ្រួ ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការនិងជួបជុំពួកមន្ត្រីសេនាបតី ។ នៅខាងក្រៅរាជធានីមានក្រុងចំនួន៣០ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់ ។ ៣ថ្ងៃព្រះរាជាយាងទៅសាលប្រជុំ ។ មន្ត្រីជាន់ខ្ពស់មាន៥នាក់៖ ទី១មានងារហៅតាមចិនថា Kou-lo-yeou ទី២Siang-kao-ping ទី៣ Po-hoto-ling ទី៤ Cho-mo-ling ទី៥ jan-lo-leou ។ គេមិនទាន់ដឹងគោរម្យងារនេះត្រូវនឹងពាក្យខ្មែរថាម៉េចទេ ។ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់ ។ នៅចំពោះមុខព្រះរាជា ពួកមន្ត្រីត្រូវធ្វើគារវកិច្ចឱនក្បាលដល់ដីបីដង ។ បើស្ដេចមានព្រះបន្ទូលហៅឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់រថទៅ ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាពីកិច្ចប្រទេសជាតិ ។ ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ ។ ទាហានរាប់ពាន់នាក់បំពាក់អាវក្រោះ កាន់លំពែងឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញរាជបល្ល័ង្ករហូតដល់ទ្វារទាំងឡាយ ។ ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន ។ ដល់ថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃច្រមុះនៃបុត្រឯទៀតៗ រួចយកទៅឃុំទុកនៅកន្លែងទីទៃៗពីគ្នា ដោយមិនឲកាន់តំណែងអ្វីមួយសោះឡើយ ។ [៣១]

សេដ្ឋកិច្ច

សម័យចេនឡាសេដ្ឋកិច្ចខ្មែរពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះទីក្រុងធំដែលរីកចំរើនទាំងអស់សុទ្ធតែ នៅក្បែរមាត់ស្ទឹងបូករួមទាំងនយោបាយទឹក ដែលមានពីអាណាចក្រភ្នំផងសេដ្ឋកិច្ចចេះតែលូតលាស់ជាលំដាប់ ។ ឧ.ក្រុងឦសានបុរបានកសាងនៅក្បែរមាត់ស្ទឹងសែន ឯទឹកស្ទឹងត្រូវបង្ហូរចូលស្រះដែលព័ទ្ធជុំវិញក្រុង និងអាងទឹកក្នុងផ្ទៃក្រុង៖ ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមានលទ្ធភាពពង្រីកដីដាំដំណាំទៀតផង ។ បើតាមឯកសារចិនគេដាំស្រូវ seigle, mil និង gros millet ។ គេដឹងថាស្រូវប្រាកដជាមានតែដំណាំផ្សេងៗទៀតមិនដឹងថាមានឬអត់ទេ ។[៣២]

វប្បធម៌

នៅក្នុងវិស័យអក្សរសាស្ត្រគេឃើញមានសិលាចារឹកជាភាសាខ្មែរបុរាណ នៅអង្គរបុរីជាលើកទីមួយ ។ ក្នុងវិស័យអក្សរសិល្ប៍បើតាមសិលាចារឹកវាលកន្ទេលបាននិយាយថា គេសូត្ររៀងរាល់ថ្ងៃនូវរឿងរាមាយណ រឿងមហាភារតនិងគម្ពីរបុរាណ ។ ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗ៖

  • គណៈសិវ : ជាសាសនាផ្លូវការ ព្រោះមានក៏សាងលិង្គព្រះឥសូរជាច្រើនដូចព្រះបាទភវរ្ម័នទី១ និងប្អូនជីដូនមួយចិត្រសេនបានធ្វើ ។ ព្រះបាទជ័យវរ្ម័នទី១បានយកមរណនាមរួចទៅហើយ ។ យ៉ាងណាមិញសិលាចារឹកឆ្នាំ៧១៣និយាយថា ព្រះរាជាដែលយាងទៅកាន់សិវបុរ ប្រហែលជាចង់សំដៅចំពោះព្រះអង្គនេះឯង ។ ចំណែកមរណនាមឥន្ទ្រលោកដែលចារក្នុងសិលាចារឹក នៅឆ្នាំ៨០៣ក៏ទំនងសំដៅចំពោះព្រះបាទបុស្ករាក្ស ដែលទ្រង់បានយាងទៅសោយរាជ្យនៅសម្ភុបុរ នៅពេលដែលរាជបល្ល័ង្កនៅទីនោះទំនេរហើយដែលព្រះអង្គប្រើកម្លាំងផង ។ ក្រៅពីគោរពបូជាលិង្គព្រះឥសូរនៅមានគណៈមួយទៀតដែលគោរពព្រះឥសូរដែរ គឺគណៈបាសុបត ។
  • គណៈវិស្ណុ : មិនសូវមានគេនិយមទេ ។ មានការគោរពចំពោះគណៈបញ្ចរាត្រ ។
  • ហរិហរ : គេគោរពព្រះហរិហរបន្តពីសម័យអាណាចក្រភ្នំមក ។ មានរូបបដិមាហរិហរយ៉ាងល្អវិចិត្រ ហើយមានរាងសង្ហាថែមទៀត ដូចជាហរិហរប្រាសាទអណ្ដែត (ស្ទោង-កំពង់ធំ) ជាដើម ។ តែក្រោយពីនេះគេពុំឃើញ មានការគោរពហរិហរទៀតឡើយ ។
  • ពុទ្ធសាសនា : មិនបាត់បង់ទេតែទំនងជាត្រូវសាបសូន្យបន្តិចម្ដងៗជាពិសេសនៅស.វ.ទី៧ បើផ្អែកទៅលើសក្ខីភាព របស់ពុទ្ធសាសនិកចិនឈ្មោះយីស៊ីង ។ គេឃើញមានតែសិលាចារឹកមួយគត់និយាយពីព្រះភិក្ខុពីរអង្គ ។ ពុទ្ធសាសនាមហាយានចាប់ផ្ដើមឃើញមានគេគោរពបូជាខ្លះៗហើយ ។

ក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទច្រើនតែសង់ពីឥដ្ឋដាច់ៗ ពីគ្នាឬផ្ដុំគ្នាជាក្រុម ។ ផ្ដែនិងក្របក្លោងទ្វារគេធ្វើពីថ្មភក់ ។ រូបចម្លាក់បដិមានៅមានជាប់លក្ខណៈឥណ្ឌានៅឡើយ តែភាគច្រើន បានបង្ហាញក្បាច់រចនាបែបខ្មែរ ហើយមានរាងសង្ហាផង (ហរិហរប្រាសាទ អណ្ដែត) ។ ចម្លាក់តុបតែង (Sculpture decorative) មានសភាពល្អប្រណីតហើយថែមទាំងបានបន្តអានុភាពរបស់ខ្លួន រហូតដល់ក្នុងសម័យអង្គរទៀត ។[៣៣]

មហាក្សត្រល្បីៗសម័យចេនឡា

  • ព្រះបាទភវវរ្ម័នទី១(៥៥០ – ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា។
  • ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ – ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា។
  • ព្រះបាទឥសានវរ្ម័នទី១(៦១៥ – ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ។
  • ព្រះបាទជ័យវរ្ម័នទី១(៦៥៧ – ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)។

ចងចាំ

ចេនឡា ជាសាមន្តរដ្ឋរបស់នគរភ្នំ នឹងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសឡាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរភ្នំបានធ្វើឲ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរភ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឲ្យជ្វាចូលលុកលុយ៕

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s