ចេនឡាទឹកលិច

ចេនឡាទឹកលិច បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង ។ នៅសម័យចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzhēnlà (水真蠟) (“ចេនឡាទឹក”) ។[១] មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះព្រះបាទជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ ព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲប្រទេសបែកជាពីរ ។[២]
ទីតាំងភូមិសាស្ត្រ

ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ ។

ប្រវត្តិសាស្ត្រ

គួរ​គប្បី​បញ្ជាក់​ថា​ចេនឡា​ទឹក​លិច​ក៏​មិន​អាច​ថែរក្សា​ឯកភាព​យូរ​អង្វែង​ទេ: រដ្ឋ​នេះ​ត្រូវ​បែងចែក​ជា​ក្សត្រ​បុរី​តូចៗ​តទៅ​ទៀត យ៉ាង​តិច​ណាស់​ក៏​មាន​ចំនួន​ប្រាំ​ហើយ​ក្សត្រ​បុរី​ដែល​គេ​ដឹង​ឈ្មោះ​ពិត​ប្រាកដ​គឺអនិន្ទិតបុរ ដែល​គេ​មិន​ស្គាល់​ទី​តាំង​ច្បាស់​លាស់​និងសម្ភុបុរគឺ​សំបូរ​នៅ​លើ​ត្រើយ ខាង​ឆ្វេង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ។ នៅ​ខាង​ដើម​ស.វ.ទី៨​ព្រះអង្គ​ម្ចាស់បុស្ករាក្ស ដែល​មាន​ដើម​កំណើត​នៅ​អនិន្ទិតបុរ​បាន​យាង​ទៅ​សោយរាជ្យ​នៅ​សម្ភុបុរ (៧២៣) ជា​ទី​ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​សិលា​ចារឹក​មួយ​ផ្ទាំង ចុះ​កាល​កំណត់​៧១៦នៅ​ត្រង់​ប្រាសាទព្រះធាតុកូនពីរ ។ ព្រះ​អង្គ​បាន​យាង​ទៅ​នេះ​ក្នុង​កិច្ច​ចង់​បង្រួប​បង្រួម​ចេនឡា​ទឹក​លិច។ បន្ទាប់​មក​ បុត្រ​ព្រះអង្គ​ព្រះនាម​រាជេន្ទ្រវរ្ម័ន បាន​ខំ​ព្យាយាម​បន្ត​គោល​ជំហរ​នេះ​ទៀត ។ តែ​ជា​ការ​ឥត​ប្រយោជន៍ ។ ពី​ព្រោះ​មិន​យូរ​ប៉ុន្មាន​ផង ចេនឡា​ទឹក​លិច​ត្រូវ​បែង​ចែក​ជានគរ​តូចៗ​ប្រាំ​ទៀត។ ចំពោះ​ព្រំ​សីមា​កំណត់​ទឹក​ដី​នគរ​នីមួយៗ គេ​ពុំ​ទាន់​មាន​ឯកសារ​អ្វី​ជា​ច្បាស់​លាស់​សំរាប់​បញ្ជាក់​ទេ។[៤] ព្រះ​បាទ​បុស្ករាក្ស​មាន​ជាប់​ខ្សែញាតិ​ទៅ​នឹង​ព្រះ​បាទ​ពាលាទិត្យ ដែល​បាន​សោយ​រាជ្យ​នៅ​អនិន្ទិតបុរ ហើយ​ដែល​បាន​អះ​អាង​ថា​ព្រះអង្គ​ជា​កូន​ចៅ​របស់​ព្រះ​បាទ​កៅណ្ឌិន្យ និង​ព្រះ​នាង​នាគីសោមា មក​ដល់​ព្រះ​បាទ​ភវវរ្ម័នទី១ ដែល​ជា​ចៅ​របស់​ព្រះ​បាទ​រុទ្រវរ្ម័នព្រះ​មហាក្សត្រ​នគរ​ភ្នំ ។[៥] ហើយ​ដែល​ក្រោយ​មក​ទៀត ព្រះ​រាជា​សោយរាជ្យ​នៅ​អង្គរ​ទ្រង់​បាន​ចាត់​ទុក​ថា ជា​ចំណង​ភ្ជាប់​ព្រះអង្គ​ទាំង​ឡាយ​ទៅ នឹង​ស្ថាបនិក​នៃ​បឋមវង្ស​នៃ​អាណាចក្រ​ភ្នំ ។ ត្រង់​នេះ យើង​អាច​យក​ធ្វើ​ជា​អំណះ​អំណាង​មួយ​សំរាប់​ឆ្លើយ​តប​ចំពោះ​ជន​ណា ដែល​បដិសេធ​ថា អាណាចក្រ​ភ្នំ​ពុំ​មែន​ជា​រដ្ឋ​ខ្មែរ​ដំបូង។ ចុះ​ហេតុ​អ្វី​បាន​ជា​អធិរាជ​អង្គរ ដែល​បាន​វាយ​ឈ្នះ​អាណាចក្រ​ភ្នំ​បែរ​ជា​ខិត​ខំ ភ្ជាប់​ខ្សែ​ស្រឡាយ​របស់​ព្រះ​អង្គ​ទៅ នឹង​ព្រះ​រាជាអាណាចក្រ​ភ្នំ ដែល​ជា​អ្នក​ចាញ់​ទៅ​វិញ? នេះ​មិន​គឺ​មក​តែ​ពី​មនុស្ស​តាំង​តែ​ពី​សម័យ​អាណាចក្រ​ភ្នំ​រហូត ដល់​សម័យ​អង្គរ​មាន​ពូជ​អំបូរ​ជាតិ​សាសន៍​តែ​មួយ​ទេ​ឬ? ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី ។[៦] ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច ។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ​.ទី៨នៅចេនលាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបានរកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុំកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុះអោយពិបាករុះរើលេខព្រះរាជាអង្គរពិជ័យវរ្ម័នទី២ដល់ទី៩) ។ ក្រោពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប ។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះ ពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយ ពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង ។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ) ។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភៈ ។[៨]

ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វា

ប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយ ព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងតំណំ ។ នេះហើយជាហេតុមួយឲជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង ។ យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត ។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះ រាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជាំរាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល ។ នៅឆ្នាំ៧៧៤និង៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋាន បានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ា ។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុង ឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាម មហីបតិវរ្ម័ន ជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា ។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកលិចនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជា ស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រភ្នំនេះឯង ។ ចំពោះការតាំងអំណាចអធិរាជភាព (Suzeraninte) របស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់នៅស.វ.ទី១០បាននិយាយថា:ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុងZabagកាត់ដាក់លើថាសមួយ ។ ដំណឹងនេះក៏លឺដល់មហារាជ:ព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲកាត់ព្រះសិរ ។ លុះត្រលប់ទៅដល់ព្រះនគរវិញហើយ មហារាជទ្រង់ឲយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲបញជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជាតំណតមក ។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុងZabagដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះ Abou Zayd Hassan នៅប្រមាណឆ្នាំ៩២៦) ។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ:គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើង ហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត ។[៩]

ព្រះមហាក្សត្រដែលគេស្គាល់

  • ព្រះបាទពាលាទិត្យ (?-?) (អនិន្ទិតបុរ)
  • ព្រះបាទបុស្ករាក្ស (ដើមសតវត្សទី៨-?) សោយរាជ្យនៅឆ្នាំ៧២៣នៅសម្ភុបុរ (?អនិន្ទិតបុរ) ។
  • ព្រះបាទរាជេន្ទ្រវរ្ម័ន (?-?) (អនិន្ទិតបុរ) ជាបុត្ររបស់ព្រះបាទបុស្ករាក្ស ។
  • ព្រះបាទមហីបតវរ្ម័ន (?-?) (សម្ភុបុរ) ជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័ន ។
Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s