មាន​សុភាសិត​​ខ្មែរ​​ជា​ច្រើន​ដែល​ពន្យល់​អំពី​នារី​​​ល្អ​ និង​កូន​ក្រមុំ​ព្រហ្មចារី។ «កុំ​ទុំ​មុន​ស្រគាល»​ គឺ​ជា​ការ​​ព្រមាន​មួយ​ដល់​នារី​​ក្មេងៗ​ថា​ ពួក​​គេ​មិន​ត្រូវ​​ប្រឡូក​ជាមួយ​និង​​ការ​រួម​ភេទ​​ទេ​ រហូត​ដល់​ពេល​ពួក​គេ​​រៀបការ។ ទោះ​បី​ជា​ទំនៀម​ទម្លាប់​របស់​ជនជាតិ​មួយ​​ចំនួន​ បាន​ចាត់​ទុក​ការ​រួមភេទ​​មុន​រៀបការ​​​​ជា​រឿង​ធម្មតា​ក៏​ដោយ​អ្នក​នៅ​តែ​​ពិបាក​ស្វែងរក​ឪពុកម្ដាយ​ណា​ដែល​​មិន​ប្រកាន់​​ភ្ជាប់​នូវ​សុភាសិត​​ខាងលើ​នេះ​​ណាស់។

ប៉ុន្តែ​ការ​ពិត​ ការ​រួម​ភេទ​មុន​​ពេល​រៀបការ​ គិត​ពិត​ជា​​បាន​កើត​ឡើង​ច្រើន​ករណី​​ណាស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ទោះ​បី​ជា​​ករណី​នេះ​ មិន​ត្រូវ​​បាន​គេ​លើក​មក​និយាយ​ និង​ទទួល​ស្គាល់​ដោយ​ឪពុកម្ដាយ​​ក៏​ដោយ។ វា​មាន​​សារៈសំខាន់​ណាស់​​ដែល​​យុវជន​ចាំបាច់​​ត្រូវ​តែ​យល់​ដឹង​អំពី​គ្រោះថ្នាក់​​នៃ​ការ​រួមភេទ​មុន​ពេល​រៀបការ​ និង​ដឹង​ពី​​របៀប​ជៀសវាង​ផល​លំបាក​រយៈពេល​វែង។ កាល​ពី​សប្ដាហ៍​មុន​ក្រសួង​អប់រំ​បាន​ព្រមាន​ថា​ យុវជន​គឺ​ប្រឈម​នឹង​ជំងឺ​​អេដស៍​ខ្លាំង​ណាស់​ ដោយ​មាន​យុវជន​ខ្លះ​ចេញ​​ពី​ផ្ទះ​តាំង​ពី​ព្រលឹម​ទៅ​​ប្រព្រឹត្ត​រឿង​​ដែល​មាន​គ្រោះថ្នាក់។ ដូច្នេះ​វា​ចាំបាច់​​ត្រូវ​តែ​​មាន​តែ​​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​នឹង​ការ​រួមភេទ​​ដែល​មិន​មាន​សុវត្ថិភាព​នេះ។

លោកស្រី​ ពុង​ ឈីវកេក​ ប្រធាន​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា​ «យើង​​មិន​អាច​បញ្ឈប់​នារី​មិន​​ឲ្យ​ប្រើប្រាស់​​សិទ្ធិ​​របស់​គាត់​ក្នុង​ការ​រួមភេទ​បាន​ឡើយ»។ លោកស្រី​ បាន​ពន្យល់​ថា​ ទោះ​បី​ជា​ការ​​រួមភេទ​​មុន​ពេល​រៀបការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កេរ្ដិ៍​​ឈ្មោះ​ និង​ទំនាក់ទំនង​​របស់​គេ​ក៏​ដោយ​ ក៏​គ្មាន​ច្បាប់​ណា​ហាមឃាត់​នារី​វ័យ​ក្មេង​ មិន​ឲ្យ​រួម​ភេទ​មុន​ពេល​​រៀបការ​ឡើយ។

វប្បធម៌​បរទេស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​សូវ​មាន​លក្ខណៈ​អភិរក្ស​ បាន​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​យុវជន​កម្ពុជា​ទាក់ទង​នឹង​ការ​​រួមភេទ។ វប្បធម៌​បរទេស​ បាន​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ ការ​​រួមភេទ​មុន​ពេល​រៀបការ​ គឺ​ជា​រឿង​ធម្មតា​ ហើយ​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ថា​ តើ​ការ​ប្រឡូក​យ៉ាង​សកម្ម​ជាមួយ​នឹង​ការ​រួមភេទ​ មុន​ពេល​រៀបការ​មាន​ន័យ​យ៉ាង​ណា។

យើង​មិន​​គួរ​រើសអើង​ចំពោះ​អ្នក​ដែល​រួម​ភេទ​មុន​ពេល​រៀបការ​ឡើយ។ យើង​គួរ​តែ​អប់រំ​ពួក​គេ​អំពី​សុខភាព​បន្តពូជ។

លោក​ ឯក​ ករុណា​ ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​កូរ៉េ​ GS E & C បាន​ឲ្យ​ដឹង​​ថា​ ការ​​រួមភេទ​គឺ​ជា​តម្រូវការ​ផ្នែក​ជីវសាស្ត្រ​​របស់​មនុស្ស​ ដូច្នេះ​វា​​ពិបាក​ហាម​មនុស្ស​មិន​ឲ្យ​ប្រព្រឹត្ត​ណាស់។ លោក​​បាន​ពន្យល់​ទៀត​ថា​ «ប្រសិន​បើ​យុវជន​យល់​ពី​កត្ដា​គ្រោះថ្នាក់​ ដូចជា​មេរោគ​អេដស៍​ ការ​មាន​ផ្ទៃពោះ​ ឬ​ជំងឺ​ឆ្លង​ដទៃ​ទៀត​ និង​បាន​សិក្សា​ពី​មធ្យោបាយ​ ដើម្បី​ជៀសវាង​​បញ្ហា​​ទាំងនោះ​ ការ​រួមភេទ​ គឺ​ពិត​ជា​មិនមែន​ជា​គ្រោះថ្នាក់​សម្រាប់​ពួក​គេ​ឡើង»។

លោក​វេជ្ជបណ្ឌិត​ លី​ ចេងហ៊ុយ​ មក​ពី​មជ្ឈមណ្ឌល​ LCC Medical Center បាន​ប្រាប់​ទស្សនាវដ្ដី​ Lift ថា​ «បើ​គិត​តាម​ផ្នែក​ជីវសាស្ត្រ​ វា​ពិបាក​ក្នុង​ការ​ទប់​ចំណង់​ផ្លូវ​ភេទ​ណាស់​ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស»។

លោក​ តុង​ សុប្រាជ្ញ​ អ្នក​ពិគ្រោះ​​យោបល់​​សុខភាព​សាធារណៈ​ បាន​ប្រាប់​ថា​ កុំ​ឲ្យ​វាយតម្លៃ​ទៅ​លើ​មនុស្ស​ដែល​មាន​ជម្រើស​ផ្ទុយ​ពី​យើង។ លោក​បាន​ពន្យល់​ថា​ «យើង​មិន​គួរ​រើសអើង​ចំពោះ​អ្នក​ដែល​រួមភេទ​ មុនពេល​រៀបការ​ឡើយ។ យើង​គួរ​តែ​អប់រំ​​ពួក​គេ​អំពី​សុខភាព​បន្តពូជ»។

យោង​តាម​របាយការណ៍​ដែល​លោក ​តុង​ សុប្រាជ្ញ​ បាន​ចងក្រង​​មាន​ឈ្មោះ​ថា​ «យុវជន​ក្មេង​ពិភាក្សា​​គ្នា​អំពី​ថ្ងៃ​បុណ្យ​សង្សារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៨» តាម​ពិត សកម្មភាព​ផ្លូវ​ភេទ​​គឺ​ជា​រឿង​ជាក់ស្ដែង​មួយ​សម្រាប់​​យុវជន​កម្ពុជា​​ជា​ច្រើន។ ថ្ងៃ​បុណ្យ​សង្សារ​ ឬ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​​ស្រលាញ់​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​​ចុងក្រោយ​នេះ​ ហើយ​ថ្ងៃ​នេះ​ ហាក់​​បី​ដូចជា​​លើក​ទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​រួមភេទ​​ច្រើន។ លទ្ធផល​នៃ​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០០៨​ បង្ហាញ​ថា​ ជាង​ពាក់កណ្ដាល​​នៃ​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​សិក្សា​​នេះ ​គឺ​មាន​បំណង​ប្រឡូក​​ក្នុង​ការ​រួមភេទ​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ​​ហើយ​នារី​ភាគ​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​​នេះ​បាន​​បាត់បង់​ព្រហ្មចារី​ នៅ​ថ្ងៃ​បុណ្យ​សង្សារ។

ការ​រួមភេទ​មុន​ពេល​រៀបការ​គឺ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​មួយ​ ក្នុង​ចំណោម​យុវជន​វ័យ​ក្មេង​ ខណៈពេល​ដែល​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ប្រឆាំង​យ៉ាង​ខ្លាំង​​ចំពោះ​គំនិត​នេះ។ កញ្ញា​ ហ៊ុន​ លីណា​ និស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​គីមី​ចំណី​អាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលាទិចណូ) បាន​ប្រាប់​ទស្សនាវដ្ដី​ Lift ថា​ ទោះ​បី​ជា​មាន​ការ​រីកចម្រើន​ខាង​ផ្នែក​អប់រំ​ផ្លូវ​ភេទ​​ក៏​ដោយ​​ ក៏​កញ្ញា​នៅ​តែ​​គិត​ថា​ វា​មិនមែន​ជា​ជម្រើស​ល្អ​ទេ​សម្រាប់​យុវជន​ក្នុង​ការ​រួមភេទ​ ព្រោះ​​យុវជន​មួយ​ចំនួន​ នៅ​តែ​ធ្វេសប្រហែស​ និង​រង​ការ​​ប៉ះពាល់​ដោយ​ផល​លំបាក​ជា​ច្រើន​ដែល​មាន​ចាប់​ពី​ជំងឺ​ឆ្លង​ដោយ​ការ​រួមភេទ​ និង​ការ​មាន​ផ្ទៃពោះ​មុន​ពេល​រៀបការ។ លីណា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ នារី​ងាយ​ប្រឈម​នឹង​ការ​​ស្ដី​បន្ទោស​ពី​ឪពុកម្ដាយ​ ប្រសិន​ជា​ពួក​គេ​ដឹង​ពី​ ការ​​រួមភេទ​មុនពេល​រៀបការ។

អ្នកស្រី​ ទឹម​ វ៉ូរ៉ា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​​សម្របសម្រួល​ផ្នែក​មេរោគ​អេដស៍​ ចាត់​ទុក​ការ​ព្រួយបារម្ភ​របស់​កញ្ញា​ លីណា​ ជា​​សារ​ដ៏​សំខាន់​មួយ​ចំពោះ​យុវជន​ទូទៅ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា​ «ភាគរយ​​នៃ​យុវជន​កម្ពុជា​ដែល​ប្រើ​ស្រោម​​​អនាម័យ​ ​នៅ​តែ​មាន​កម្រិត​ទាប​ ដូច​ច្នេះ​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​​អេដស៍​នៅ​តែ​មាន​កម្រិត​ខ្ពស់»។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ ការ​ទុក​ចិត្ត​គ្នា​រវាង​ដៃ​គូ​រួម​ភេទ​​គឺ​ជា​មូលហេតុ​សំខាន់​នៃ​ការ​ធ្វេសប្រហែល​​ព្រោះ​ពួក​គេ​គិត​ថា​ ប្រសិន​បើ​ដៃ​គូ​របស់​ពួក
គេមិនមែន​ជា​នារី​រក​ស៊ី​ផ្លូវ​ភេទ​​ទេ​នោះ​ដៃ​គូ​របស់​គេ​ ​មិន​មាន​​ជំងឺ​ឆ្លង​ឡើយ​ដែល​នេះ​ជា​ការ​យល់​ច្រឡំ​​ធំ​ហើយ។

នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​រួមភេទ​មុន​ពេល​រៀបការ​ មិន​អាច​ឲ្យ​គេ​ទាយ​ទុក​មុន​បាន​នោះ​ មាន​អង្គការ​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​យុវជន​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង។

លោកស្រី​ ជា​ ស៊ុនដាណែត​ ប្រធាន​ផលិតកម្ម​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ មជ្ឈមណ្ឌល​របស់​លោកស្រី​​បាន ​ខិតខំ​អប់រំ​​យុវជន​​អំពី​សុខភាព​បន្តពូជ​តាមរយៈ​ខ្មែរ​ភាពយន្ត​ និង​តាមរយៈ​ការ​សម្ដែង​តាម​កញ្ចក់​ទូរទស្សន៍​​ដែល​ជា​ផ្នែក​មួយ​នៃ​​យុទ្ធនាការ​ «No is No»។ អង្គការ​ជា​ច្រើន​ទៀត​ បាន​បើក​យុទ្ធនាការ​​ស្រដៀង​គ្នា​នេះ​ ដើម្បី​អប់រំ​យុវជន​អំពី​សុខភាព​បន្តពូជ​ និង​លើក​កម្ពស់​ការ​គិត​ពិចារណា​របស់​ពួក​គេ។

លោកស្រី​ ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា​ អង្គការ​​លីកាដូ​ បាន​ផ្ដល់​ប្រឹក្សា​ដល់​​អ្នក​ដែល​ជួប​បញ្ហា​ទាក់ទង​​នឹង​ការ​រំលោភ​ផ្លូវ​ភេទ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា​ «យើង​លើក​ទឹកចិត្ត​ឲ្យ​ពួក​គេ​​ក្រោក​ឈរ​ឡើង​ ហើយ​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន»។ លោកស្រី​បាន​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ស្ត្រី​ត្រូវការ​​ការ​គាំទ្រ ឬ​ត្រូវ​ការ​ជម្រក​សុវត្ថិភាព​ អង្គការ​លីកាដូ​បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ ដើម្បី​ជួយ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ និង​ការ​ព្យាបាល​ផ្នែក​ផ្លូវ​ចិត្ត​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ស្ត្រី​ទាំង​​នោះ​រក​ប្រាក់​ និង​​ធ្វើ​ឲ្យ​ចិត្ត​គេ​ស្ងប់។ លោកស្រី​បាន​ពន្យល់​​ថា​ «វា​​មាន​សារៈសំខាន់​​ណាស់​​ដែល​ឪពុកម្ដាយ​អប់រំ​កូនៗ​របស់​ពួក​គេ​អំពី​​ផល​វិបាក​នៃ​ការ​រួមភេទ​មុនពេល​រៀបការ។ ឪពុកម្ដាយ​មិន​គួរ​ប្រើ​អំពើហិង្សា​ឡើយ​ ប៉ុន្តែ​​គួរ​តែ​អប់រំ​កូន​ដោយ​សម្ដី​ទន់ភ្លន់»។

បើ​ទោះ​បី​ជា​សង្គម​នៅ​តែ​ហាមឃាត់​ដាច់​ខាត​ចំពោះ​ការ​រួមរ័ក​ក្នុង​ចំណោម​យុវវ័យ​ ដែល​រារាំង​យុវវ័យ​មិន​ឲ្យ​ពិភាក្សា​ដោយ​បើក​ចំហ​ស្ដី​ពី​សកម្មភាព​ផ្លូវភេទ​​របស់​ខ្លួន​ ដោយសារ​ខ្លាច​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ក៏​ដោយ​ ប៉ុន្តែ​​ជំទង់​ខ្លះ​បាន​នឹង​កំពុង​ធ្វើ​ការ​រួមរ័ក។ ការ​បង្រៀន​យុវវ័យ​អំពី​ការ​រួមរ័ក​ដោយ​សុវត្ថិភាព​ ដោយ​មិន​គិត​ថា​ តើ​ពួក​គេ​បាន​រួមភេទ​ ឬ​អត់​ គឺ​ជា​វិធីសាស្ត្រ​តែ​មួយ​គត់​ ដើម្បី​កម្រិត​គ្រោះថ្នាក់​ដោយសារ​សកម្មភាព​រួមរ័ក។ ឪពុកម្ដាយ​អាច​ស្រែក​ ប៉ុន្តែ​​​យុវវ័យ​ដែល​ប្រឆាំង​ដំបូន្មាន​របស់​ឪពុកម្ដាយ​របស់​គាត់​ អាច​ទទួល​រង​ផល​អាក្រក់​ខ្លាំង​ ដោយសារ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន​ រហូត​ទាល់​តែ​ឪពុកម្ដាយ​ចាប់​ផ្ដើម​បង្រៀន​កូន​របស់​ខ្លួន​ពី​ថា​ តើ​ត្រូវ​សម្រេច​រួមភេទ​​ដោយ​របៀប​ណា។

សម្រង់​ខ្លះ​ពី​ការ​ស្ទង់​មិត​របស់​ តុង​ សុប្រាជ្ញ​ ជាមួយ​នឹង​នារី​មួយ​ចំនួន

នាង​ សាន់ឌី​ អាយុ​ ២៤ឆ្នាំ​ ដែល​យល់​ព្រម​ជាមួយ​មិត្ត​ប្រុស​ ដើម្បី​ពន្លូត​កូន​បន្ទាប់​ពី​មាន​ផ្ទៃពោះ​​បាន​ថ្លែង​ថា​ «បន្ទាប់​ពី​ចេញ​ពី​សាលារៀន​ មិត្ត​ប្រុស​ខ្ញុំ​ជូន​ផ្កា​ហើយ​នាំ​ខ្ញុំ​ទៅ​ហូប​អាហារ។ បន្ទាប់​ពី​នោះ​ យើង​ទៅ​លេង​នៅ​មាត់ទន្លេ​ និង​បន្ទាប់​មក​ទៅ​បាក់ខែង។ នៅ​ទី​នោះ​ យើង​ជួល​ផ្ទះ​សំណាក់​រយៈពេល​២​ម៉ោង។ យើង​ដេក​ និង​រួមរ័ក​ម្ដង​ទៀត។ ក្រោយ​ពី​ពន្លូត​កូន​ ​យើង​មិន​បាន​រួមរ័ក​អស់​រយៈពេល​៣​ខែ​​​ទើប​​តែ​នៅ​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់​​នេះ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ ខ្ញុំ​ដឹង​ថា ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់​មាន​ន័យ​ចំពោះ​យើង​ ដូចជា​ឲ្យ​យើង​យល់​ចិត្ត​គ្នា​ និង​ក្ដី​​ស្រឡាញ់​និង​ថែទាំ​គ្នា​ទៅ​វិញ​ទៅ​មក»៕

ប្រភព៖ Women

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s