គោលគំនិត

ជាទូទៅវប្បធម៌ជនជាតិនីមួយៗ មានគុណសម្បត្តិនិងគុណវិបត្តិ លាយឡំគ្នា។ ដែលនិយាយបែបនេះ បានន័យថា ជួនកាលគុណសម្បត្តិ នៃវប្បធម៌ជនជាតិនេះ បែរជាជនជាតិមួយទៀត យល់ថាជាគុណវិបត្តិ ចំពោះវប្បធម៌របស់ខ្លួន ទៅវិញ។ ឧទាហរជាក់ស្តែងគឺ ជាទូទៅនៅទ្វីបអ៊ឺរ៉ុប ឬ នៅអាមេរិក ៖

  • ស្រ្តីដើរហក់លោត ទាត់បាល់ វាយប្រដាល់ ខិតខំរៀនសូត្របានខ្ពស់ ដូចគ្នានឹងបុរសអ៊ីចឹងដែរ
  • ឪពុកម្តាយមានសិទ្ធិត្រឹមតែ ផ្តល់យោបល់ដល់កូន ប៉ុន្តែមិនមានសិទ្ធិបង្ខំកូនពេញវ័យ អោយស្តាប់តាមខ្លួននោះទេ
  • រឿងអាពាពិពាហ៍ កូនជាអ្នកជ្រើសរើសគូស្រករ ហើយសំរេចគ្នាចុះឈ្មោះ រៀបការនៅ សាលាសង្កាត់/ឃុំ កាលបើសាម៉ី គូរសង្សារទាំងពីរ មានបំណងរៀបការ។ ឪពុកម្តាយ គ្រាន់តែចូលរួម ជាកិត្តិយសដល់កូន ពេលកូនរៀបការ

វប្បធម៌បែបបស្ចឹមប្រទេស អាចច្បាស់ជាត្រូវវប្បធម៌ខ្មែរបុរាណ រិះគន់មិនខាន ព្រោះថាបើរបៀបនេះ ចាស់ទុំខ្មែរភាគច្រើន យល់ថា៖

  • ក្មេងលែងស្តាប់ចាស់ កូនលែងគោរពឪពុកម្តាយ (ចង់អោយកូនស្តាប់តាម ប៉ុន្តែមិនប្រាប់វិធី អោយកូនចេះ វិភាគពិចារណានោះទេ?)
  • ប្រពន្ធលែងស្តាប់ប្តី (ប្តីលែងត្រួតប្រពន្ធបាន?)

បើប្រៀបធៀបតែមួយជ្រុង ឃើញថាវប្បធម៌ខ្មែរ ហាក់ដូចជា ចូលលក្ខណះអត្តនុម័តនិយម ដោយផ្អែកលើទំនៀម ទំលាប់ជាធំ, រីឯ វប្បធម៌អឺរ៉ុប/អាមេរិក ចូលក្នុងន័យសត្យានុម័តនិយម ដោយផ្អែកលើច្បាប់ជាធំ ទំនៀមទំលាប់ជាបន្ទាប់។ តើប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរ គួរតែដើរតាមគន្លងណា រវាងវប្បធម៌ជាតិ និង វប្បធម៌សកល (អឺរ៉ុប,អាមេរិក)? វប្បធម៌សកល គឺវប្បធម៌ដែលយកច្បាប់ជាធំ

ចំលើយស្ថិតលើអ្នកអាន ជាអ្នកធ្វើការពិចារណា។

វប្បធម៌ខ្មែរ និង វប្បធម៌សកល មានលក្ខណះល្អ ប្រហាក់ប្រហែលគ្នា ព្រោះវប្បធម៌ទាំងពីរ សុទ្ធសឹងបានបណ្តុះ គំនិតពិចារណា និង ចំណេះយល់ដឹង ប្រហាក់ប្រហែលគ្នា។

គួរទទួលយកវប្បធម៌ទាំងពីរ ដើម្បីថ្លឹងថ្លែងក្នុងជីវិត ព្រោះថាមិនអាចអោយ វប្បធម៌ជាតិដែល ជាព្រលឹងកូនខ្មែរ បាត់បង់បានទេ ហើយក៏មិនអាចបោះបង់បានដែរ វប្បធម៌សកលដែលនាំមក នូវសិទ្ធិសេរីភាពបុគ្គល និង សិទ្ធិសេរីភាពប្រជាពលរដ្ឋ ខ្មែរទាំងមូល។

សូមបញ្ជាក់ថា វប្បធម៌សកល(អឺរ៉ុប/អាមេរិក/អ្វីដែលជាគោលការច្បាប់ នៅអង្គការសហប្រជាជាតិ) មិនមែនវប្បធម៌យួន វប្បធម៌សៀម នៅជាប់ប្រទេសយើងនោះទេណា៎ !

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស, ប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រ ព្រមទាំងជនជាតិបរទេស (ជាពិសេស ជនជាតិអាមេរិកាំងផងដែរ) បានផ្សព្វផ្សាយវប្បធម៌សកល ជាភាសាខ្មែរ តាមបណ្តាញផ្សព្វផ្សាយទំនើប ដូចជាវ៉ែបសាយភាសាខ្មែរ, មានប្លកភាសាខ្មែរ, មានអត្ថបទភាសាខ្មែរ មានភាពយន្ត និង មានចំរៀងផងដែរ (ហិបហបខ្មែរ) ជាហូរហែ ក្នុងនោះមានវិធីអប់រំ គ្រប់ប្រភេទ ៖

  • អប់រំអោយស្គាល់ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិបុគ្គលក្នុងការបញ្ចេញមតិ
  • អប់រំសង្គមកម្ពុជា អោយបំបាត់ អំពើហឹង្សាក្នុងគ្រួសារ
  • អប់រំស្ត្រីខ្មែរ អោយចូលរួមការងារសង្គម (យេនឌើរ:Gender សំដៅសមភាព រវាងបុរសនិងស្ត្រី ក្នុងការកសាងកាពារ ជាតិនិងប្រទេស)
  • អប់រំកសិករខ្មែរ អោយចេះប្រើបច្ចេកទេស ដើម្បីបង្កើន ទិន្នផលកសិកម្ម
  • អប់រំប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករ/កសិករអោយហ៊ានតស៊ូមតិ ពេលត្រូវគេបំពាន ឬ ពេលត្រូវគេកេងប្រវ័ញ្ច … ល … និង …ល

ហើយប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទី ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស រួមជាមួយទេសចរបរទេស (ដែលមកទស្សនា ប្រទេសកម្ពុជា) ក៏បានផ្សព្វផ្សាយមិនតិចទេ វប្បធម៌ខ្មែរអោយសកលលោក បានស្គាល់តាមរយះ វ៉ែបសាយភាសាបរទេស, មានប្លកភាសាបរទេស, មានអត្ថបទភាសាបរទេស, មានភាពយន្ត និង មានចំរៀងភាសាបរទេស (ហិបហបភាសាអង់គ្លេស សំដែងដោយប្រាជ្ញលី) ផងដែរ ជាហូរហែ ដែលនិយាយអំពី ប្រទេសខ្មែរ វប្បធម៌ខ្មែរ មុខមាត់ខ្មែរ លើឆាកអន្តរជាតិ ដូចជា៖

  • ផែនទីប្រទេសកម្ពុជា មានទាំងគ្រប់កោះទៀតផង នៅលើផ្ទៃសមុទ្រ នៃប្រទេសកម្ពុជា
  • តំបន់ទេសចរ និង តំបន់មានរ៉ែ នៅប្រទេសកម្ពុជា
  • សិប្បកម្មធ្វើរូបចំលាក់, សិប្បកម្មធ្វើក្អម, សិប្បកម្មចិញ្ចឹមដង្កូវនាង និង ត្បែងសូតខ្មែរ, …
  • មុខមាត់នៃពលរដ្ឋខ្មែរ ដែលបានជាប់ចំណាត់ថ្នាក់ នៅអន្តរជាតិ ដូចជា កញ្ញាហួន សុបិន, កញ្ញាចរិយា, …
  • មុខមាត់នៃពលរដ្ឋខ្មែរ ដែលអន្តរជាតិបានទទួលស្គាល់/បានស្គាល់ ដូចជាលោកជា វិជ្ជា, លោកជា មុនី, លោករ៉ុង ឈុន, លោកស៊ាន ប៉េងសែ, លោកឡៅ ម៉ុងហៃ, លោកសម រង្ស៊ី, លោកសុន ឆៃ, អ្នកស្រីពង់ ឈីវហ្គិច, កញ្ញាសេង ធារី, លោក អ៊ូ វិរះ, លោកម៉ម សុណង់ដូ, លោកហ៊ុន សែន, ក្រុមព្រះនរោត្តមរណរិទ្ទិ, សម្តេចនរោត្តមសីហនុ, … ជាដើម

ថ្វីបើអត្ថបទទាំងនោះ បានផ្សព្វផ្សាយអំពីខ្មែរជាហូរហែក្តី ជាពិសេសលើបណ្តាញអិនរើណែត ក៏ ចំនួនអត្ថបទភាសាបរទេស ផ្សព្វផ្សាយអំពីខ្មែរទាំងនោះ នៅមានកំរិតនៅឡើយ មិនអាចឆ្លើយតាមតំរូវការ ទាំងស្រុងរបស់កូនខ្មែរ នាពេលបច្ចុប្បន្ន, ចំណែកឯ ចំនួនអត្ថបទភាសាខ្មែរវិញ ក៏នៅមានចំនួនតិចតួច ជាហេតុមិនអាច អោយប្រជាពលរដ្ឋខ្មែរ ទទួលបានចំណេះដឹង គ្រប់គ្រាន់ពីអ្វីដែលខ្លួនគេចង់ដឹង។

ដើម្បីបើកជើងមេឃថ្មី(Discover the new horizon) អោយប្រជាពលរដ្ឋខ្មែរ អាចមានលទ្ធភាព យល់ដឹងអ្វី (វប្បធម៌សកល) ដែលថ្មី/ចំរើនចំពោះខ្លួន និង អោយប្រជាពលរដ្ឋខ្មែរ ចេះបង្ហាញដល់សកលលោក នូវអ្វី ដែលជារបស់ខ្មែរ (ប្រវត្តិសាស្រ្ត, ភូមិសាស្រ្ត, ទឹកដី/ប្រជាជនខ្មែរ, វប្បធម៌, ប្រពៃណី, លទ្ធិប្រជាធិបតេយ្យ/ព្រឹត្តិការថ្មីៗ នៅប្រទេសកម្ពុជា, នៅកម្ពុជាក្រោម និងនៅគ្រប់ទិសទី លើសកលលោក), ប្រកាសនេះនឹងណែនាំ “វិធី សរសេរអត្ថបទ ពីភាសាបរទេសមកភាសាខ្មែរ” និង “សរសេរអត្ថបទ ពីភាសាខ្មែរ ទៅភាសាបរទេស” ដើម្បី៖

  • ងាយស្រួល ស្វែងយល់និងផ្សព្វផ្សាយ មកជាភាសាខ្មែរ អត្ថបទអប់រំជាភាសាបរទេស ឬ ព្រឹត្តិការជាភាសាបរទេស
  • ងាយស្រួល ស្វែងយល់និងផ្សព្វផ្សាយ ទៅជាភាសាបរទេស អត្ថបទជាភាសាខ្មែរ ឬ ព្រឹត្តិការកើតឡើង នៅប្រទេសកម្ពុជា

បញ្ជាក់៖

  • អ្នកអាចស្វែងរក អត្ថបទភាសាខ្មែរ និង អត្ថបទភាសាបរទេស តាមគ្រប់វិធី ជាពិសេសតាម បណ្ណាល័យ/កាសែត/ទស្សនាវដ្តី/វិទ្យុ /ទូរទស្សន៍/ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយកុំភ្លេចផងដែរ តាមបណ្តាញ អិនរើណែត

សេចក្ដីផ្តើម

មិនចង់ប្រើពាក្យថាបកប្រែ ជាចំណងជើងទេ ព្រោះពាក្យថា”បកប្រែ”ហាក់ដូចជា មានន័យរឹងឆ្កុយពេក។ បកប្រែមួយអត្ថបទ មានន័យថា “ធ្វើយ៉ាងណា អោយអត្ថបទថ្មី ដែលបកប្រែរួចហើយ មានខ្លឹមសារដូច អត្ថបទដើមបេះបិទ គ្រាន់តែខុសគ្នាត្រង់ភាសា”។ បំណកប្រែតាម ន័យសុទ្ធបែបនេះ ច្រើនត្រូវបានអនុវត្តចំពោះ កិច្ចសន្យា លិខិតពាណិជ្ជកម្ម លិខិតច្បាប់ផ្សេងៗ ដូចជាសន្ធិសញ្ញា រវាងពីរប្រទេសជាដើម។ បំណកប្រែគឺក្នុងន័យ អោយភាគីទាំងសងខាង យល់ព្រមនូវខ្លឹមសារ នៃអត្ថបទដែលគេ ត្រូវចុះហត្ថលេខា យល់ព្រមទាំងអស់គ្នា ដើម្បីការពារប្រយោជ ផ្នែកច្បាប់ ពេលមានវិវាទ។ ពាក្យបកប្រែ ក៏មានន័យខុសខ្លះ ពីពាក្យប្រែសំរួលដែរ ព្រោះថាពាក្យប្រែសំរួល គឺបកប្រែភាសាដើម + សំរួលខ្លឹមសារ ទៅតាមភាសាចុង ដើម្បីអោយ អ្នកអានភាសាចុងនោះ ងាយយល់ជាង បំណកប្រែធម្មតា។ ចំណែកឯ “វិធីសរសេរអត្ថបទ ពីភាសាបរទេស មកភាសាខ្មែរ” មានន័យ ទូលំទូលាយ ជាងពាក្យបកប្រែ ឬ ពាក្យប្រែសំរួល ត្រង់ថាសរសេរអត្ថបទ ជារួម = ពីគ្រោះឯកសារ → ដកស្រង់គំនិតគោល →ប្រែសំរួលគំនិតគោល → កែសំរួលពាក្យ → ចងក្រង → ធ្វើទំរង់ទំព័រ → អានឡើងវិញ → សំរេចចុងក្រោយ → ចេញផ្សាយពត៌មាន → បន្ទាន់សម័យ។ នេះជាគោលការទូទៅ ក្នុងការតែងមួយអត្ថបទ ពីភាសាបរទេស មកភាសាខ្មែរ ឬ ច្រាសទៅវិញ។

ពិគ្រោះឯកសារ (ភាសាបរទេស និងភាសាខ្មែរ)

ពិគ្រោះឯកសារ ជាវិធីសាស្ត្ររុករក ឯកសារបង្អែក ដើម្បីបង្កើតអោយ បានមួយអត្ថបទថ្មី ឬ មួយឯកសារថ្មីទៀត ដែលមានខ្លឹមសារ គ្រប់គ្រាន់ជាង ហើយទាន់សភាពការ ជាង ឧទាហរ ខេត្តក្រុងនៃប្រទេសកម្ពុជា។ អ្នកអាចស្វែងរក បណ្តាឯកសារ សំរាប់ពិគ្រោះ (មានអត្ថបទជាអក្សរ, ជាសំលេង, ជារូបភាព, ជារូបថត, ជារូបវិដេអូ) ពីអិនរើណែត ឬ អាចរកវាបាន ពីច្បាប់រឹង(Hard copy) ដែល ជាក្រដាសកាសែតទស្សនាវដ្តី, ជាសិលាចារិកលើថ្ម ឬ ជាវត្ថុដែលបានឃើញ ផ្ទាល់ភ្នែក ជាដើម។ ភាគច្រើននៃឯកសារ សំរាប់យកមកពិគ្រោះ លើបណ្តាញអិនរើណែត ជាឯកសារភាសាអង់គ្លេស។ បើឯកសារ សំរាប់យកមក ពិគ្រោះនោះ ជាភាសាបារាំង, ជាភាសាចិន, ជាភាសាជប៉ុន, ជាភាសាអាឡឺម៉ង់, … អ្នកត្រូវប្រើកម្មវិធី បកប្រែស្វ័យប្រវត្តិ ១ ២ ៣ ៤ ៥ ដើម្បីបកប្រែវា មកភាសាអង់គ្លេសសិន រួចទើបដកស្រង់ខ្លឹមសារ ដែលអ្នកយល់ថា ចាំបាច់។ អ្នកអាចប្រើវចនានុក្រម អង់គ្លេស-ខ្មែរ របស់ Khmer Orkida ដែលមានស្រាប់ ក្នុងខំព្យូរើរបស់អ្នក ដើម្បីបកប្រែ។

ពិគ្រោះឯកសារ ជាជំហានសំខាន់ដំបូងបំផុត សំរាប់រៀបចំ ខ្លឹមសារ/សំរាប់បណ្តុះគំនិត បង្កើតមួយអត្ថបទថ្មី ដែលអ្នកបំរុងអោយចេញ ជារូបរាង និងផ្សព្វផ្សាយវា ។ រំលឹកផងដែរថា អ្នកគួរចេះឆក់ឱកាស ទាក់ទាញអារម្មណ៍អ្នកអាន អោយបានស្គាល់ស្នាដៃ សំណេររបស់អ្នក។ ដើម្បីឆក់ឱកាស ទាក់ទាញអារម្មណ៍អ្នកអាន, អ្នកត្រូវចេះសរសេរសំដៅ ព្រឹត្តិការ/ពត៌មាន ដែលកំពុងក្តៅគគុក ឬ អត្ថបទអប់រំចំណេះ ដែលមានប្រយោជ ដល់អ្នកអាន។ ហើយកុំភ្លេចផ្តល់យោបល់ របស់អ្នកចំពោះ ព្រឹត្តិការ/ពត៌មាន ទាំងនោះផង បើមិនដូច្នោះទេ ព្រឹត្តិការ/ពត៌មានគ្រាន់ជា សេចក្តីជូនដំណឹង ដែលខ្វះការវាយតំលៃ របស់អ្នកនិពន្ធ។

ឧទាហរទី១៖ វិភាគមួយពត៌មាន និង ពិគ្រោះឯកសារទាក់ទិន

-ឧប្បត្តិហេតុធ្លាក់យន្តហោះ ប្រភេទAN 24 (ផលិតនៅរុស្ស៊ី) របស់ក្រុមហ៊ុនទេសចរ PMT Airline នៅខេត្តកំពតធ្វើអោយ ស្លាប់២២នាក់ នៅថ្ងៃទី២៥ មិថុនា ២០០៧ វេលាម៉ោង២២:២២ តាមការផ្សាយ របស់បណ្តាញពត៌មាន ក្នុងស្រុក។

  • ពាក្យសំខាន់ត្រូវដកស្រង់ចេញមកគឺ៖ គ្រោះថ្នាក់យន្តហោះ, AN 24, ផលិតនៅរុស្ស៊ី, PMT Airline។
  • តាមរយះពាក្យទាំងនេះ អ្នកត្រូវមានចំងល់ថា ៖ តើAN24 ជាយន្តហោះប្រភេទណា (ទាន់សម័យ ឬ ហួសសម័យ)? ធ្លាប់ធ្លាក់ប៉ុន្មានដងនាពេលកន្លងមក? PMT Airline ជាក្រុមហ៊ុនអាកាសចរ ប្រភេទណា? បណ្តាញអាកាសចរកម្ពុជា មានការគ្រប់គ្រងប្រភេទណា? រកឃើញទីកន្លែងធ្លាក់ របស់យន្តហោះ ដោយសារអ្វី? ដោយសារផ្កាយរណប របស់អាមេរិកអោយ សញ្ញាសំគាល់ទីកន្លែង យន្តហោះធ្លាក់? ហេតុមេ្តច បានហ៊ុន សែន(នាយករដ្ឋមន្ត្រី) ចុះជាប់ផ្ទាល់ ក្នុងការរុករកយន្តហោះធ្លាក់? បើអ្នកមានចំងល់កាន់តែច្រើន អត្ថបទថ្មីរបស់អ្នក កាន់តែ មានគុណភាព ផ្នែកពត៌មាន ហើយកាន់តែទាក់ទាញអ្នកអាន។
  • ដើម្បីស្រាយចំងល់ អ្នកត្រូវស្វែងរកឯកសារ យកមកពិគ្រោះ។ អ្នកគ្រាន់តែវាយអក្សរ AN 24 crashed ក្នុង Google ១ ២ ៣ ៤ ៥ , អ្នកនឹងទទួលបានលទ្ធផលភ្លាម។

ឧទាហរទី២ ៖ ស្វែងយល់ពត៌មាន និង ពិគ្រោះឯកសារទាក់ទិន -អ្នកធ្លាប់ឮនិយាយ អំពីដែនសមុទ្រខ្មែរ ហើយប្រជាពលរដ្ឋខ្មែរ ក៏ចង់ដឹងណាស់ដែរ ប៉ុន្តែអ្នកមិនមានឯកសារ ណានិយាយបានគ្រប់គ្រាន់។ ហេតុនេះ អ្នកចង់ស្វែងយល់ពត៌មាន ព្រមទាំងរៀបរៀងមួយអត្ថបទ ដែលមានពត៌មានលំអិត ដើម្បីបំរើអ្នកអាន។ ករណីនេះ អ្នកត្រូវលើកឡើង

  • ជាគំនិត៖ ទីតាំង ផ្ទៃដីនៃកោះនីមួយៗ ចំនួនប្រជាពលរដ្ឋរស់នៅ ទំនៀមទំលាប់ ការប្រកបមុខរបរ … បើលើកបាន គំនិតកាន់តែច្រើន អ្នកនឹងមានខ្លឹមសារ កាន់តែច្រើនសំរាប់សរសេរ ក្នុងអត្ថបទថ្មីរបស់អ្នក។

បន្ទាប់មក អ្នកក៏ត្រូវស្វែងរក ឯកសារសំរាប់ពិគ្រោះ។ ឯកសារសំរាប់ពិគ្រោះ អាច

  • ជាច្បាប់រឹងផងដែរ បានន័យថា ចុះទៅទស្សនិច្ចដល់ទីកន្លែង ថតរូបជាដើម ដើម្បីដាក់ក្នុងអត្ថបទ។
  • ជាអត្ថបទភាសាបរទេស រកបានលើបណ្តាញអិនរើណែត

ពេលខ្លះអ្នកគិតថា ចុះផ្សាយលើប្លក(blog) របស់អ្នក ពត៌មានអ្វីមួយដែល មិនទាន់មាន គ្រប់គ្រាន់នៅឡើយ ដូចជា ប្រវត្តិសាស្រ្តខ្មែរ ប្រវត្តិនៃមួយខេត្ត/ស្រុក/ឃុំ/ភូមិ ប្រវត្តិ ឬ ស្នាដៃពលរដ្ឋខ្មែរល្បីម្នាក់ (ក្រមង៉ុយ, ហែមចៀវ, អៀវកើស, សឺងង៉ុកថាញ់, ប៉ុលពត, នួនជា, ខៀវសំផន, ខ្មែរឥស្សរះ, អ្នកចំរៀងចាស់នានា,…) វិធីធ្វើម្ហូបខ្មែរ វិធីផ្សំថ្នាំបុរាណខ្មែរ វិធីណែនាំក្បាច់រាំខ្មែរ វិធីធ្វើប្រហុក វិធីធ្វើផ្អក សំលៀកបំពាក់ស្រ្តីខ្មែរ បច្ចេកទេសច្រូតស្រូវ វិធីដាំស្រូវបានទិន្នផលខ្ពស់ វិធីផលិតឆ្នាំងក្អម ប្រតិទិនខ្មែរប្រចាំឆ្នាំ វិធីរៀនភាសាអង់គ្លេសសំរាប់ខ្មែរ ឈ្មោះដើមឈើរុក្ខជាតិ ឈ្មោះត្រី ឈ្មោះសត្វចតុបាត ឈ្មោះសត្វព្រៃមានរូបថតផង នៅប្រទេសកម្ពុជា… នៅច្រើនណាស់ បើចេះតែគិត ចេះតែឃើញ… ។

ដកស្រង់គំនិតគោល(Basic Ideas) (ពីបណ្តាឯកសារពិគ្រោះ)

បន្ទាប់ពីមាន ឯកសារពិគ្រោះក្នុងដៃហើយ អ្នកគួរដកស្រង់គំនិតគោល ដែលយល់ថា ចាំបាច់សំរាប់បំរើ អត្ថបទថ្មីរបស់អ្នក។

ដើម្បីដកស្រង់គំនិតគោល អោយមានប្រសិទ្ធិភាព អ្នកត្រូវ៖

  • អានអត្ថបទមួយត្រួស (ចំពោះអត្ថបទខ្លី) ឬ អានមួយត្រួស ខ្លឹមសារនៃមួយមាតិការឿង ដែលអ្នកយល់ថាចាំបាច់ (ចំពោះអត្ថបទវែង>៣០ទំព័រ)
  • រកមើលគំនិតគោល ដែលអ្នកត្រូវការ ថាតើវាថិតក្នុង កឋាខណ្ឌមួយណា ឬ ក្នុងឃ្លាមួយណា
  • ស្រង់គំនិតគោល នៃគ្រប់ឯកសារពិគ្រោះ ដាក់ម្តុំសំរាប់ សំណេរអត្ថបទថ្មី

ដើម្បីអោយការងារបានរហ័ស អ្នកគួរប្រើវិធី ចំលង&បិទភ្ជាប់ (Copy n Paste) គំនិតគោល (នៃបណ្តាឯកសារ សំរាប់ពិគ្រោះ) ដាក់ក្នុង Open Office writer ឬ ក្នុងMicrosoft Word។

សឹងតែគ្រប់អត្ថបទ សុទ្ធសឹងមានគំនិត គោលរបស់ខ្លួន ជាពិសេសអត្ថបទ ប្រភេទព្រឹត្តិការ(events) តែងតែមានគំនិតគោលគំរូ 5W1H ជាលំដាប់លំដោយ គឺ៖ អ្នកណា ឬ របស់ណា(Who), កើតរឿងអ្វី(What), នៅទីណា(Where), នាពេលណា(When), ហេតុម្តេច (Why), លទ្ធផលយ៉ាងមេច(How)។ មើល ១

ពេលនេះ អ្នកអាចដឹងជារួម ខ្លឹមសារ(ភាសាអង់គ្លេស) នៃគំនិតគោលនីមួយៗ ហើយ។ អ្នកត្រូវរៀបគំនិតគោលទាំងនោះ តាមលំដាប់ខ្លឹមសារ របស់ពួកវា មានន័យថា គំនិតគោលណា ត្រូវដាក់លើ គំនិតគោលណា ត្រូវដាក់បន្ទាប់ អោយស៊ីសង្វាក់គ្នា។

ចំពោះអត្ថបទ ក្រៅពីព្រឹត្តិការ គំនិតគោលមានលក្ខណះផ្សេងៗគ្នា ទៅតាមបំណងរបស់ អ្នកសរសេរ អត្ថបទថ្មី។

ប្រែសំរួលគំនិតគោលមកជាភាសាខ្មែរ បណ្តាឯកសារដែលបានពិគ្រោះ

បន្ទាប់ពីបានបិទភ្ជាប់ បណ្តាគំនិតគោលដាក់ក្នុង OpenOffice.org Writer ហើយ អ្នកត្រូវប្រែសំរួល ឃ្លាអង់គ្លេសទាំងនោះ មកជាភាសាខ្មែរ។

ឧបករត្រូវយកមកប្រើប្រាស់ ដើម្បីប្រែសំរួលមកជាភាសាខ្មែរ គំនិតគោលទាំងនោះ ៖

  • វចនានុក្រមអង់គ្លេស-ខ្មែរ Orkida ដែលមានស្រាប់ ក្នុងខំព្យូរើរបស់អ្នក
  • វចនានុក្រមអង់គ្លេស-អង់គ្លេស ១ ២ (ករណីដែលខ្វះពាក្យ ក្នុងវចនានុក្រម អង់គ្លេស-ខ្មែរ Orkida )។ សូមបញ្ជាក់ថា ភាសាអង់គ្លេសមាន ៣ប្រភេទចំបង៖ អង់គ្លេសអាមេរិកាំង, អង់គ្លេសអង់គ្លេស, អង់គ្លេសអូស្រ្តាលី (សំលេងអាមេរិកាំង រលាស់អណ្តាតទន់ជាង សំលេងអូស្រ្តាលី និង សំលេងអង់គ្លេស
  • វចនានុក្រម អង់គ្លេស-ខ្មែរ ដែលជាច្បាប់រឹង(Hard Copy) ដូចជា សៀវភៅវចនានុក្រម (ក្នុងករណីចាំបាច់) ដែលសំបូរនៅលើទីផ្សារ
  • ឃ្លាំងពាក្យអង់គ្លេស-ខ្មែរ ដែលអ្នកបានរក្សាទុកក្នុង Microsoft Excel (បើសិនជាមាន) បានន័យថា រាល់ពាក្យកំរ ដែលអ្នកបានសន្សំទុក កន្លងមក
  • ជនជាតិបរទេស ក៏ជាឧបករជំនួយសំខាន់ ក្នុងបំណកប្រែភាសា។ ពួកគេជាវចនានុក្រមរស់(live dictionaries) អាចពន្យល់ន័យ នៃពាក្យកើតថ្មី ដែលមិនទាន់មាន ក្នុងវចនានុក្រម

វិធីសាស្ត្រប្រែសំរួលមួយអត្ថបទ

វិធីសាស្ត្រប្រែសំរួលមួយអត្ថបទ ដែលធ្លាប់ត្រូវបានប្រើប្រាស់ នោះគឺ៖

  • ស្រង់យកខ្លឹមសាររួម នៃគ្រប់គំនិតគោល(The whole Essences of Text) របស់មួយអត្ថបទ
  • ស្រង់យកខ្លឹមសារ កឋាខណ្ឌ ដោយ កឋាខណ្ឌ(Paragraph by Paragraph)
  • ស្រង់យកខ្លឹមសារ ឃ្លា ដោយ ឃ្លា(Phrase by Phrase)
  • បកប្រែ ពាក្យ ដោយ ពាក្យ(Word by Word)

ក្នុងចំណោម វិធីសាស្រ្តទាំងបួននេះ, វិធីសាស្រ្តប្រែសំរួល ដោយស្រង់យកខ្លឹមសាររួម នៃគ្រប់គំនិតគោល របស់អត្ថបទ ជាវិធីសាស្រ្តទាន់ចិត្តបំផុត។ ជាដំបូង ត្រូវអានអត្ថបទមួយត្រួស អោយយល់អត្ថន័យ → មើលតើពាក្យណាខ្លះ ដែលមិនចេះ → គូសចំណាំពាក្យទាំងនោះ → បើកមើលវចនានុក្រម → សរសេរជាខ្មែរជំនួស កន្លែងគូសចំណាំ → អានឡើងវិញម្តងទៀត → ប្រែសំរួលជាភាសាខ្មែរ តាមដំណើរ → រៀបឃ្លាឃ្លោង ដោយបញ្ចេញបញ្ចូល គំនិតខ្លួនឯងខ្លះ → អានឡើងវិញច្រើនដង ដើម្បីសំរេចចុងក្រោយ។ វិធីសាស្រ្ត កឋាខណ្ឌ ឬ ឃ្លា ស្រដៀងវិធីសាស្រ្តទី១ ប៉ុន្តែជាការ ប្រែសំរួលលំអិតជាង។ បកប្រែ ពាក្យ ដោយ ពាក្យ (word by word) ជាបំណែកតូចបំផុត ក្នុងការប្រែសំរួល (ករណីអ្នកមិនយល់សោះ មួយឃ្លាបរទេសណានោះ) មើលផងដែរ៖ ១ ២ ៣ ។ ត្រូវចេះរើសយកន័យរបស់ពាក្យ អោយសមស្របទៅនឹងឃ្លា ព្រោះពេលខ្លះមួយពាក្យ មានច្រើនន័យ។

អ្នកត្រូវចេះរៀបឃ្លាឃ្លោង ជាភាសាខ្មែរសំរាយ ធ្វើយ៉ាងណាអោយអ្នកអានងាយយល់ ហើយជាការល្អបើអាច ចៀសវាងប្រើប្រាស់ពាក្យ បាលីសំស្ក្រឹត ព្រោះមិនមានអ្នកអានណា សរសើរអ្នកទេ បើខ្លួនអ្នកមិនទាំងយល់ ន័យរបស់ពាក្យ បាលីសំស្ក្រឹត ដែលខ្លួនឯងបានប្រើប្រាស់ ផងនោះ។

លើសពីហ្នឹង អ្នកក៍ត្រូវចេះបកស្រាយ យ៉ាងណាអោយឃើញថា អត្ថបទរបស់អ្នក មានផលប្រយាជ ដល់អ្នកអាន ដល់ជាតិខ្មែរ ជាពិសេសជា មោទនភាពរបស់កូនខ្មែរ គឺនៅត្រង់ គ្រប់ប្រភេទអត្ថបទ ជាអក្សរខ្មែរ កាន់តែសំបូរព្រោងព្រាត ជាពិសេសលើ បណ្តាញអិនរើណែត សំរាប់ការកំសាន្ត ការរកមើលពត៌មាន ការសិក្សា ការស្រាវជ្រាវ របស់មនុស្សទូទៅ ។

បញ្ជាក់៖

  • ដូចបានរៀបរាប់ក្នុងផ្នែកពិគ្រោះឯកសារ អ្នកត្រូវយកភាសាអង់គ្លេសជាគោល ដើម្បីបកប្រែ គ្រប់ឯកសារភាសាដទៃ មកជា អត្ថបទភាសាខ្មែរ។
  • ចំណុចដែលអ្នកគួរចាប់អារម្មណ៍ មួយទៀតនោះគឺពេល(Time) នៃកិរិយាស័ព្ទ(Verbs) ដែលភាសាអង់គ្លេស បានប្រើប្រាស់។
  • អ្នកពិតនឹងក្លាយជា អ្នកប្រែសំរួលយ៉ាងស្ទាត់ អត្ថបទភាសាបរទេស មកភាសាខ្មែរ បើសិនជាអ្នកចាប់ផ្តើម ប្រែសំរួលលេងៗ តាមប្រកាសណែនាំនេះ។ អ្នកមិនត្រូវ ញញើតញញើមទេ ព្រោះអ្វីៗអាចចំរើន ទៅមុខបាន សុទ្ធសឹងតែចាប់ផ្តើម ពីជំហានដំបូង។ គ្មាននរណាដែល អត់បានរៀនអ្វីសោះ ស្រាប់តែទទួលបាន សញ្ញាប័ត្របណ្ឌិត នោះទេ ! (លើកលែងតែ នៅប្រទេសកម្ពុជា ដែលមានច្រើន ករណីចំលែកៗ ជាក់ស្តែងដូចករណី សញ្ញាប័ត្របណ្ឌិតភ្លេចរៀន របស់ អន្ទិតសម្តេចទាំងបី ជាដើម) ។

ប្រភព៖ Wikipedia

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s